ក្លិបអាស៊ីអឺរ៉ុប ចុះកិច្ចសន្យានាំយកខ្សែបម្រើជនជាតិអូស្ត្រាលី មកជួយក្រុមនៅរដូវកាលថ្មី
ក្លិបបាល់ទាត់អាស៊ីអឺរ៉ុប សមាជិកពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) បានបង្ហាញប្រាប់អ្នកគាំទ្រនៅល្ងាចថ្ងៃច័ន្ទ សប្ដាហ៍នេះថាក្លិបសម្រេចចុះកិច្ចសន្យានាំយកកីឡាករបរទេសទី២ ដែលជាជនជាតិអូស្ត្រាលី ដើម្បីត្រៀមរដូវកាលថ្មីឆ្នាំ២០១៩ខាងមុខ ខណៈកីឡាករចាស់ៗកាលពីឆ្នាំមុនបានចាកចេញពីក្រុមអស់ទៅហើយ។
យោងតាមការបញ្ជាក់របស់លោក ម៉ែន ពិសិដ្ឋ អគ្គលេខាធិការរបស់ក្លិបអាស៊ីអឺរ៉ុប បានលើកឡើងថា ជនជាតិអូស្ត្រាលី រូបនោះឈ្មោះ Joshua Jokic វ័យ២៧ឆ្នាំ កម្ពស់១ម៉ែត្រ៧០ មានតួនាទីខ្សែបម្រើប្រយុទ្ធ។ សម្រាប់ចំណុចពិសេសរបស់គេវិញ គឺល្អក្នុងការគ្រប់គ្រងបាល់កៀក, ពូកែប្រជែងយកបាល់, បញ្ជូនច្បាស់, អាចលេងច្រើនតំបន់ បូករួមនឹងចំណុចគួរចាប់អារម្មណ៍មួយចំនួនទៀត។ កីឡាកររូបនេះមានបទពិសោធន៍ធ្លាប់លេងនៅក្រៅប្រទេសផងដែរមុនធ្វើដំណើរមកដល់កម្ពុជា នេះ។
យោងតាមការកំណត់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានបញ្ជាក់ថា ក្លិបជាសមាជិករបស់លីគខ្លួនមានសិទ្ធិចុះបញ្ជីកីឡាករបរទេសចំនួន៥នាក់ ប៉ុន្តែដាច់ខាតក្នុងនោះត្រូវតែមានកីឡាករជាជនជាតិសមាជិកទ្វីបអាស៊ី ១រូប។ គិតត្រឹមពេលនេះក្រុមអាស៊ីអឺរ៉ុប ទើបតែបង្ហាញកីឡាករបរទេសផ្លូវការរបស់ខ្លួនតែ២នាក់ប៉ុណ្ណោះបូកនឹងកីឡាករTSUBASA MITANI ជនជាតិជប៉ុន ដែលបានចុះកិច្ចសន្យាកាលពីដើមខែមករា នងកីឡាករ Jokic នេះតែម្តង។
លោក សុក វាសនា គ្រូបង្វឹករបស់ក្លិបមួយនេះធ្លាប់បានលើកឡើងថា កូនក្រុមរបស់ខ្លួនកាលពីរដូវកាល២០១៨កន្លងទៅនៅសល់ប្រមាណជាង១០នាក់ប៉ុណ្ណោះ ដោយសារអ្នកខ្លះផ្លាស់ទ្រនំថ្មី និងមួយចំនួនទៀតបានបញ្ចប់អាជីព ស្របពេលថ្មីៗនេះក្លិបបានធ្វើតេស្តសមត្ថភាពកីឡាករយុវជនជាច្រើននាក់ហើយជម្រុះនៅសល់ជាង២០នាក់មុនសម្រេចជ្រើសរើសយកអ្នកល្អចូលរួមក្នុងក្រុម។
បើនិយាយពីលទ្ធផលក្នុងពានរង្វាន់លីគកំពូលរបស់កម្ពុជា ក្រុមអាស៊ីអឺរ៉ុប បានបញ្ចប់រដូវកាលរបស់ខ្លួនដោយឈរចំណាត់ថ្នាក់លេខ៧ ក្នុងចំណោមសមាជិកទាំង១២ក្រុម គឺជាលទ្ធផលដ៏ល្អរបស់ក្លិបតាំងពីបង្កើតមក។ តាមរយៈកម្មវិធីប្រកួតសន្សំពិន្ទុ២២ប្រកួតក្រុមអាស៊ីអឺរ៉ុប បានយកឈ្នះគូប្រកួតបាន៨លើក ហើយស្មើគ្នាបាន៦លើកនិងចាញ់៨លើក ប៉ុណ្ណោះ។ បើនិយាយពីក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញក្រុមនេះបានធ្លាក់ចេញនៅវគ្គ១៦ក្រុមចុងក្រោយថ្នាក់ជាតិក្រោយចាញ់ក្រុមជើងឯកក្រសួងការពារជាតិ ដោយលទ្ធផលទាំង២ជើង ១០ទល់២៕
Source: Kampuchea Thmey Daily
0 Comments