ភ្នំពេញ ៖ រថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង បានទទួលរងនូវការខូចខាតមួយចំហៀងខ្លួនយ៉ាងដំណំ ហើយអ្នកបើកបររបួសស្រាល ដោយសារតែរថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកត្រី១គ្រឿងបើកបរក្នុងល្បឿនលឿនហើយជ្រុលទៅកៀរពីក្រោយរថយន្ដរងគ្រោះ ខណៈបើកចេញពីផ្លូវបេតុងឡើងមកផ្លូវធំ កាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅលើកំណាត់មហាវិថីឈ្នះឈ្នះ ស្ថិតនៅក្នុងភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
អ្នកឃើញហេតុការណ៍បាននិយាយថា នៅមុនពេលកើតហេតុពួកគាត់បានឃើញរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេខ ភ្នំពេញ2AZ-8767 បើកបរដោយបុរសម្នាក់។
ធ្វើដំណើរតាមផ្លូវបេតុងវត្តភ្នៀតសម្ពលី ក្នុងទិសដៅពីលិចទៅកើតឡើងមកលើមហាវិថីឈ្នះឈ្នះ រួចបត់សំដៅទៅទិសខាងត្បូងវិញ ហើយស្របពេលនោះទើបតែបត់បានបន្តិចប៉ុណ្ណោះក៏ស្រាប់តែរថយន្តហ៊ីយ៉ាន់ដាយ ពណ៌សបង្កហេតុពាក់ស្លាកលេខ ភ្នំពេញ2J-9365 ដឹកត្រីបើកបរក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូងស្របគ្នាទៅដល់កៀរពីក្រោយនិងចំហៀងខាងតៃកុងបណ្ដាលឲ្យខូចខាតយ៉ាងដំណំអ្នកបើកបរក៏របួសស្រាលផងដែរ។
ប្រភពដដែលបានបន្តទៀតថា ខណៈនោះរថយន្តដឹកត្រីបានជ្រុលបុកឡើងលើសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបែកកង់មុខខាងឆ្វេង១គ្រាប់ទៅមុខលែងរួច។ ក្រោយពីឧប្បត្តិហេតុកើតឡើងភាគីទាំង២បានសម្របសម្រួលគ្នាហើយខាងអ្នកបើកបររថយន្តដឹកត្រីបង្កហេតុ បានសងថ្លៃការខូចខាតទៅភាគីរថយន្តហាយឡែនឌ័រចំនួន៣៥០ដុល្លារដើម្បីបញ្ចប់រឿងតែម្ដងកុំឲ្យរំខានដល់សមត្ថកិច្ចនិងការងាររកស៊ី៕
Source: Kampuchea Thmey Daily
0 Comments