Ad Code

សហភាព​អឺរ៉ុប​ ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ បន្ទាប់ពី​មាន​ផែនការ​ធ្វើឃាត



សហភាព​អឺរ៉ុប​បាន​វាយប្រហារ​ទៅលើ​សេវា​ស៊ើបការណ៍​សម្ងាត់​របស់​អ៊ីរ៉ង់​ជាមួយ​នឹង​ការ​ដាក់​ទណ្ឌកម្ម​កាលពី​ថ្ងៃ​អង្គារ​បន្ទាប់ពី​ចោទ​ប្រកាន់​ថា ទីក្រុង​តេ​រ៉ង់​កំពុង​ស្ថិតនៅ​ពីក្រោយ​ផែនការ​ធ្វើឃាត​អ្នកប្រឆាំង​របប​នៅ​លើ​ទឹកដី​ហូ​ឡង់ ដា​ណឺ​ម៉ាក​និង​បារាំង។

សេចក្តីសម្រេច​ដោយ​ប្លុក​២៨​ប្រទេស​មួយ​នេះ​ត្រូវ​បាន​ប្រកាស​ខណៈ​រដ្ឋាភិបាល​ហូ​ឡង់​និយាយថា ខ្លួន​ជឿជាក់ថា អ៊ីរ៉ង់​គឺ​ស្ថិតនៅ​ពីក្រោយ​ឃាតកម្ម​លើ​អ្នកប្រឆាំង​ពីរ​នាក់​ក្នុង​ឆ្នាំ​២០១៥​និង​ឆ្នាំ​២០១៧​។​

នាយករដ្ឋមន្ត្រី​ដា​ណឺ​ម៉ា​កលោក Lars Lokke Rasmussen បាន​និយាយថា “​យើង​ពេញចិត្ត​យ៉ាងខ្លាំង​ដែល​សហភាព​អឺរ៉ុប​ទើបតែ​ឯកភាព​លើ​ទណ្ឌកម្ម​គោលដៅ​ថ្មី​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់​ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​សកម្មភាព​អរិភាព​ព្រមទាំង​ផែន​ការដែល​កំពុង​រៀប​ចំ​និង​ប្រព្រឹត្តទៅ​នៅ​ទ្វីបអឺរ៉ុប​រួមទាំង​ក្នុងប្រទេស​ដា​ណឺ​ម៉ាក​ផងដែរ​”​។​

ក្រុមមន្ត្រី​បាន​និយាយ​ថា ការ​ដាក់ទណ្ឌកម្ម​នេះ​រួម​មានការ​បង្កក​មូលនិធិ​និង​ទ្រព្យសម្បត្តិ​ហិរញ្ញវត្ថុ​ដទៃទៀត​របស់​ក្រសួង​ចារកម្ម​និង​បុគ្គល​របស់​ប្រទេស​អ៊ីរ៉ង់​។​

ប៉ុន្តែ​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif បាន​ចង្អុល​ទៅកាន់​ប្រជាជាតិ​អឺរ៉ុប​ដែល​លោក​បាន​និយាយថា កំពុងផ្តល់​ទីជ្រកកោន​ដល់​ភេរវជន​។​

លោក​បាន​និយាយ​នៅ​ក្នុង Twitter ថា “​ការចោទប្រកាន់​អ៊ីរ៉ង់​គឺ​មិនបាន​ដោះលែង​ទ្វីបអឺរ៉ុប​ពី​ការទទួលខុសត្រូវ​របស់​ខ្លួន​ចំពោះ​ការផ្តល់​ទីជ្រកកោន​ដល់​ភេរ​វករ​ឡើយ​”​។​

ប្រទេស​ដា​ណឺ​ម៉ាក​បាន​ដឹកនាំ​កិច្ចខិតខំ​ប្រឹងប្រែង​សម្រាប់​ការដាក់ទណ្ឌកម្ម​បន្ទាប់ពី​បាន​ចោទប្រកាន់ថា ទីក្រុង​តេ​រ៉ង់​បាន​ព្យាយាម​សម្លាប់​អ្នកប្រឆាំង​អ៊ីរ៉ង់​បីនាក់​នៅលើ​ទឹកដី​ដា​ណឺ​ម៉ាក​។​

ការ​ប្រមាញ់​ពាក់ព័ន្ធ​នឹង​ផែនការ​ប្រឆាំង​ជនជាតិ​អ៊ីរ៉ង់​បីនាក់​ដែល​គេ​សង្ស័យថា​ជា​កម្មសិទ្ធិ​របស់​ចលនា​តស៊ូ​អារ៉ាប់​ដើម្បី​រំដោះ Ahvaz (ASMLA) បាន​នាំ​ឲ្យ​មាន​ការបិទ​ស្ពាន​ដែល​ត​ភ្ជាប់​ទៅកាន់​ប្រទេស​ស៊ុយ​អ៊ែត​ក៏ដូចជា​សាឡាង​ផងដែរ​នៅ​ថ្ងៃទី​២៨​ខែកញ្ញា​។​

កាលពី​ឆ្នាំមុន ប្រទេស​បារាំង​បានដាក់​ទណ្ឌកម្ម​លើ​ភ្នាក់ងារ​អ៊ីរ៉ង់​ពីរ​នាក់​និង​អ្នកផ្សេង​ទៀត​មកពី​ក្រសួង​ចារកម្ម​និង​សន្តិសុខ​អ៊ីរ៉ង់​។​

សេវា​សន្តិសុខ​បារាំង​បាន​សន្និដ្ឋាន​ថា ប្រមុខ​ប្រតិបត្តិការ​នៅ​ក្រសួង​ចារកម្ម​អ៊ីរ៉ង់​បាន​បញ្ជា​ឲ្យ​មាន​ផែនការ​បំផ្ទុះ​គ្រាប់បែក​ក្នុងការ​ជួបជុំ​មួយ​របស់​ក្រុមប្រឆាំង Mujahedeen of Iran (MEK) នៅ​ជាយក្រុង​ប៉ារីស​កាលពី​ខែមិថុនា​ឆ្នាំមុន​។​

ទោះបីជា​យ៉ាងណាក៏ដោយ ការសន្និដ្ឋាន​នេះ​ត្រូវបាន​ទីក្រុង​តេ​រ៉ង់​បដិសេធ​យ៉ាង​ដាច់អហង្ការ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu