Ad Code

កម្ពុជា​-​ចិន ថា ​នឹង​សម្រេច​ឲ្យ​បាន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​​ ​ដល់​៦.០០០​លាន​ដុល្លារ​អាមេរិក ​នៅ​ឆ្នាំ​២០២០



ភ្នំពេញ​ ៖​ កម្ពុជា​-​ចិន បាន​ឯកភាព​គ្នា​ថា​ នឹង​សម្រេច​ឲ្យ​បាន​នូវ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ឲ្យ​កើន​ដល់​៦.០០០​លាន​ដុល្លារ​​អាមេរិក​​នៅ​ឆ្នាំ​២០២០។ នេះ​បើ​តាម​ប្រសាសន៍​លោក​ ឯក សំអុល ទីប្រឹក្សា​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​-​ចិន​ថ្លែង នៅ​ក្នុង​ពិធី​សម្ពោធ​បើក​ជា​ផ្លូវការ សមាគម​សហគ្រិន​ចិន​ជាំ​ង​ស៊ូ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៩​នេះ នៅ​សណ្ឋាគារ​សូ​ហ្វី​ថែ​ល​ភ្នំពេញ ភូ​គី​ត្រា។

ក្នុង​ពិធី​នោះ​ លោក ឯក សំអុល ក៏បាន​លើកឡើងថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រទេស​កម្ពុជា​មាន​សន្តិ​សុខ សន្តិភាព ឯកភាព​ទឹកដី និង​មានការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លា​។

លោក​បន្តថា ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន បានធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ កាន់តែ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ តាមរយៈ​ទំនាក់ទំនង​នេះ បានធ្វើ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​កើន​ដល់​៥.៥៧៧​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៧ និង​គ្រោង​ឲ្យ​កើន​ដល់​ទំហំ​៦.០០០​លាន​ដុល្លារ​អាមេរិក​ នៅ​២០២០​។

លោក​ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​-​ចិន​រូប​នេះ ក៏បាន​បង្ហាញ​ឲ្យ​ដឹង​ដែរ​ថា ជា​លទ្ធផល​ផ្លែផ្កា​សំខាន់​ៗ ដែល​កើតចេញពី​កិច្ច​សហ​ប្រតិបត្តិការ​ក​ម្ពុ​ជា​-​ចិន​កន្លងមក ចិន​ បាន​ផ្តល់​ហិរញ្ញប្បទាន​ដល់​កម្ពុជា​ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០១៨ មាន​ទឹកប្រាក់​៥.២៧០​លាន​ដុល្លារ​អាមេរិក​ ក្នុងនោះ​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​១.២០០​លាន​ដុល្លារ​​អាមេរិក​​។

ក្រៅពី​នេះ​ប្រទេស​ចិន​បាន​ជួយ សាងសង់​ផ្លូវ​បាន​ចំនួន​២៤​ខ្សែ មាន​ប្រវែង​២.៧៧៨​គ​.​ម​, ជួយ​សាង​សង់​ស្ពាន​ធំៗ​បាន​ចំនួន​៨ ប្រវែង​៧៧៦៦​ម​. និង​មាន​ផ្លូវជាតិ​ចំនួន​៦​ទៀត​ កំពុង​សាងសង់​មាន​ប្រវែង ៦៤២​គ​.​ម និង​ស្ពាន​មួយកន្លែង​កំពុង​សាងសង់​មាន​ប្រវែង​១.១៣១​គ​.​ម។ លើ​ផ្នែក​ថាមពល​អគ្គិសនី ចិន​បាន​ជួយ​កសាង​វា​រី​អគ្គិសនី​បាន​ចំនួន​៧​កន្លែង មានលទ្ធភាព​ផលិត​ថាមពល​បាន​១.៣២៨​មេ​ហ្គា​វ៉ា​ត់​។

ដោយឡែក​ លើ​ផ្នែក​វិនិយោគ​ចិន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧ បាន​កើន​ដល់​១.៦៤៤​លាន​ដុល្លារ​អាមេរិក​ ជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុងចំណោម​វិនិយោគទុន​បរទេស​នៅ​កម្ពុជា​។ រីឯ​ទេសចរណ៍​ចិន​នៅ​កម្ពុជា​ឆ្នាំ​២០១៧ បាន​កើន​ឡើងដល់​ជាង​១,២​លាន​នាក់ ចំណាត់ថ្នាក់​លេខ​១ ហើយ​រំពឹង​ថា ​ចំនួន​ទេសចរណ៍​ចិន​ នឹង​កើន​ឡើង​ដល់​២​លាន​នាក់ ​នៅ​ឆ្នាំ​២០២០៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu