Ad Code

ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ​ចាប់ផ្ដើម​តំឡើង​បង្គំ​កៅអី​



នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៩​នេះ លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​អញ្ជើញ​ទៅធ្វើជា​សាក្សី ក្នុងការ​ដំឡើង​បង្គំ​កៅអី សម្រាប់​អង្គុយ​ទស្សនា​បាល់ទាត់​ក្នុង​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ។​
​ ​
ពិធី​នេះ ក៏មាន​ការចូលរួម​ពី​សំណាក់​លោក​Wang Chun Xian ដែលជា​តំណាង​ក្រសួងពាណិជ្ជកម្ម​ចិន​ទៀតផង។​

សូមបញ្ជាក់ថា បង្គំ​កៅអី​ថ្ម​នេះ មាន​ចំនួន​៤.៦២៤​ដុំ ជណ្ដើរ​មាន​២.៣៩២​កាំ និង បង្កាន់ដៃ​ចំនួន​១៩២ ។ បន្ទាប់ពី​ចាប់​បង្គំ​បេតុង​នេះហើយ ទើប​បំពាក់​កៅអី​ជ័រ ដែល​អាច​ផ្ទុក​មនុស្ស​បាន​ចំនួន​៥៥.០០០​នាក់ និង​កៅអី​បម្រុង​ចំនួន​៥.០០០​កៅអី​ទៀតផង។​



កីឡដ្ឋាន​នេះ មាន​សមត្ថភាព​ជម្លៀស​មនុស្ស​ដោយ​ប្រើពេល​តែ​៧​នាទី​ប៉ុណ្ណោះ។ មណ្ឌល ទស្សនា​បាល់ទាត់​នេះ មាន​៥​ជាន់ ដោយមាន​ជាន់​ផ្ទាល់​ដី ជាន់​កណ្ដាល និង​ជាន់​ខ្ពស់បំផុត។​

រយៈពេល​១៦​ខែ​ហើយ ដែល​ពហុ​កីឡដ្ឋាន​នេះ​ចាប់ផ្ដើម​សាងសង់។ ពហុ​កីឡដ្ឋាន​នេះ ប្រើ​កម្លាំង​ពលកម្ម​ទាំង​វិស្វករ ទាំង​អ្នកបច្ចេកទេស និង​កម្មករ​ចំនួន​៥៨០​នាក់ ដែល​ក្នុងនោះ​មាន​កម្មករ និង អ្នកបច្ចេកទេស​ខ្មែរ​ចំនួន​២៤០​នាក់។​
​ ​
ពហុ​កីឡដ្ឋាន​ដែល​ធ្វើឡើង​ក្រោម​ជំនួយ​ឥតសំណង​របស់​រដ្ឋាភិបាល​ចិន​នេះ មានតម្លៃ​ជាង​១៦០​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ មកទល់ពេលនេះ កសាង​សម្រេចបាន​ជាង​៤០​ភាគរយ​ហើយ។​

បើតាម​ការគ្រោងទុក ការសាងសង់​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០២០ ដែល​ពេលនោះ​រដ្ឋាភិបាល​ចិន ​នឹង​ប្រគល់​ជូន​រដ្ឋាភិបាល​កម្ពុ​ជា​តែម្ដង។​

លោក​ ថោង ខុន បាន​ចាត់ទុកថា តំបន់​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​នេះ នឹង​ក្លាយ​ជា​ទីក្រុង​រណប​ដ៏​ទាក់ទាញ​បំផុត​មួយនា​ពេលអនាគត។​

សូមបញ្ជាក់ថា ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ បានបញ្ចប់​ការសាងសង់​មជ្ឈមណ្ឌល​ហែល​ទឹក និង វិមាន​សម្រាប់​ប្រកួត​កីឡា​ក្នុង​សាល បាន​រួចរាល់​អស់ហើយ។ សម្រាប់​មណ្ឌល​ហែល​ទឹក និង កីឡា​ក្នុង​សាល​មួយ​ចំនួន​បាន​បើក​ការប្រកួត​ខ្លះៗ​ហើយ៕



 

​ ​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu