Ad Code

ការ​ធ្វើ​ចំណាកស្រុក​ទៅ​អាមេរិក​គឺជា​ក្តី​សុបិន​របស់​ជនជាតិ​ហ្គា​តេ​ម៉ា​ឡា ​ដែល​ចាក​ចេញពី​ភូមិ



ការធ្វើ​ចំណាកស្រុក​ទៅកាន់​សហរដ្ឋអាមេរិក​ដើម្បី​គេច​ចេញ​ពី​ភាព​ក្រីក្រ​នៅ​ឯ​ផ្ទះ​គឺជា​ក្តី​សុបិន​របស់​ពលរដ្ឋ​ជាច្រើន​នៃ​សហគមន៍​ជនជាតិ​ដើម​ភាគតិច Mayan ក្នុង​តំបន់ Yalambojoch នៃ​ប្រទេស​ហ្គា​តេ​ម៉ា​ឡា​។​

វា​គឺជា​ក្តី​សុ​បិ​នមួយ​ដែល​ទីបំផុត​បានធ្វើ​ឲ្យ​កុមារ Felipe Gomez អាយុ​ប្រាំបី​ឆ្នាំ​ត្រូវ​បាត់​បង់ជីវិត​បន្ទាប់ពី​គាត់​បាន​ឆ្លង​ចូល​សហរដ្ឋអាមេរិក​ជាមួយ​ឪពុក​របស់គាត់​ឈ្មោះ Agustin ។​

ក្មេងប្រុស​ម្នាក់នេះ​បាន​ធ្លាក់ខ្លួន​ឈឺ​ខណៈពេល​កំពុងស្ថិត​នៅក្រោម​ការឃុំ​ឃាំង​របស់​សហ​រដ្ឋ​អាមេរិក​និង​បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ​មុន​ថ្ងៃបុណ្យ​ណូអែល​ដោយសារ​ឆ្លង​មេរោគ​មួយ​។​

ម្តាយ​របស់គាត់​ឈ្មោះ Catarina Alonzo អាយុ​៣១​ឆ្នាំមាន​ភាព​សោកសៅ​សម្រាប់​ការបាត់បង់​នេះ​។ លោកស្រី Alonzo ចងចាំ​ពាក្យសន្យា​របស់​កូនប្រុស​នាង​មុនពេល​ចាកចេញ​។​

លោកស្រី​និយាយថា “​កូន​របស់ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា ម៉ាក់​! ខ្ញុំ​នឹង​ទៅជា​មួយ​ប៉ា​ខ្ញុំ​។ ខ្ញុំ​នឹង​ទៅ​ទីនោះ​ដើម្បី​សិក្សា​ហើយ​បន្ទាប់មក​ខ្ញុំ​នឹង​ផ្ញើ​ប្រាក់​ឲ្យ​អ្នក​”​។​

ពី​ផ្ទះ​ដ៏​ទ្រុឌទ្រោម​របស់​នាង​នៅ​ភូមិ​ភ្នំ Chuj, លោកស្រី Alonzo បាន​និយាយថា “​គ្មាន​នរណាម្នាក់​ត្រូវ​ស្តីបន្ទោស​” ចំពោះ​ការស្លាប់​របស់​កូនប្រុស​នាង​ទេ​។ ប៉ុន្តែ​ពេលនេះ​អ្វីដែល​នាង​ចង់បាន​នោះ​គឺ​ការធ្វើ​មាតុភូមិនិវត្តន៍​សាកសព​កូន​របស់​នាង​។​



លោកស្រី​បាន​ទទួលស្គាល់ថា លោកស្រី​និង​ស្វាមី​វ័យ​៤៧​ឆ្នាំ​បាន​ព្រមព្រៀងគ្នា​ឲ្យ​កូនប្រុស Felipe ធ្វើដំណើរ​ទៅ​ព្រោះ​ជីវិត​នៅក្នុង​តំបន់ Yalambojoch “​ពិបាក​ខ្លាំងណាស់​”​។​

បងស្រី​របស់ Felipe បាន​និយាយថា ឪពុក​របស់​នាង​លឺថា គាត់​នឹងមាន​ឱកាស​កាន់តែ​ប្រសើរឡើង​ក្នុង​សហរដ្ឋអាមេរិក​ប្រសិនបើ​គាត់​យក​កូន​ទៅជា​មួយ​គាត់​។​

តំបន់ Yalambojoch គឺជា​កន្លែង​ដែល​អត្ថប្រយោជន៍​នៃ​ការធ្វើ​ចំណាកស្រុក​ទៅកាន់​សហរដ្ឋអាមេរិក​ត្រូវបាន​គេ​មើលឃើញ​យ៉ាងច្បាស់​។​

អភិបាល​តំបន់​ឈ្មោះ Lucas Perez អាយុ​៤៥​ឆ្នាំ​បាន​និយាយថា “​សម្រាប់​មនុស្ស​គ្រប់រូប​ដែល​ទៅ​និង​រស់នៅ​សហរដ្ឋអាមេរិក កិច្ចការ​ដំបូង​ដែល​ពួកគេ​ត្រូវធ្វើ​គឺ​សន្សំ​លុយ​របស់​ពួកគេ​ហើយ​ផ្ញើ​វា​ដើម្បី​ចាប់ផ្តើម​សាងសង់​ផ្ទះ​និង​ជួយ​គ្រួសារ​។​

លោក​មានការ​សោកស្តាយ​ចំពោះ​ការពិត​ដែលថា ប្រជាជន​ក្នុង​តំបន់​មាន​អារម្មណ៍​ថា​ពួកគេ​ចាំបាច់​ត្រូវតែ​ផ្លាស់ប្តូរ​ទីលំនៅ​ដោយសារតែ​ខ្វះខាត​ការងារ​ខណៈដែល​កសិក​រ​រកប្រាក់​ចំណូល​បានត្រឹមតែ​៤.៥០​ទៅ​៦.៥០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​៕ AFP

​  

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu