Ad Code

ប៉ុនប៉ង​ធ្វើឃាត ​មិន​សម្រេច ​ត្រូវ​ចាប់ខ្លួន​ម្នាក់​



​ព្រះសីហនុ ៖ ជនដៃដល់​ជា​ជនជាតិ​ចិន​ចំនួន​៣​នាក់​ បាន​យក​កាំបិត និង​កាំភ្លើង​ភ្ជង់​គំរាមកំហែង​បុរស​ជា​ជន​ជាតិចិន​ម្នាក់ទៀត ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​មនុស្សឃាត​ដោយ​ចេតនា ( តែ​មិនបាន​សម្រេច ) កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់ ​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ក្រុម​ទី​៦ ភូមិ​២ សង្កាត់​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហនុ។​

ជនរងគ្រោះ ​ឈ្មោះ LIN YONGFEI ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​ជន​ជាតិចិន មុខរបរ​វិស្វករ ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​២ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​រងរបួស​ស្នាម​ជាំ​នៅ​កញ្ចឹងក។​

ជនសង្ស័យ​ឈ្មោះ ZHANG HONG ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​ជន​ជាតិចិន លិខិតឆ្លងដែន​លេខ​EE៧២៨៥៨០៧ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ។ វត្ថុតាង​ដែល​សមត្ថកិច្ច​ចាប់យក​មានកូន​កាំបិត​ស្នៀត​១​ដើម។​

ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ចំនួន​៣​នាក់​ជា​ជន​ជាតិចិន​បានធ្វើ​សកម្មភាព​សម្រុកចូល​ក្នុង​រថយន្ត​របស់​ជនរងគ្រោះ​ជា​ជនជាតិ​ចិន ពេលដែល​ជនរងគ្រោះ​កំពុង​ឡើង​រថយន្ត​ជិះ​ត្រឡប់​ទៅផ្ទះ​វិញ ដោយ​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​មានកូន​កាំបិត​ស្នៀត​១​ដើម និង​កាំភ្លើងខ្លី១​ដើម ក្នុង​ពេល​ដែល​ជនសង្ស័យ​កំពុង​វាយ និង​យក​កាំភ្លើង​ភ្ជង់​គំរាមកំហែង​ជីវិត​របស់​ជនរងគ្រោះ​នៅក្នុង​រថយន្ត ក៏ត្រូវ​កម្មករ​របស់​ជនរងគ្រោះ​ឃើញ ហើយ​មានការ​ឆោឡោ​ឡើង ពេលនោះ​ជនសង្ស័យ​ទាំង​៣​នាក់​បាននាំគ្នា​រត់គេច​ខ្លួន​អស់។​

បន្ទាប់ពី​បានទទួល​ព័ត៌មាន​ខាងលើនេះ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​សង្កាត់​២ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ចាប់ខ្លួនបាន​ជនសង្ស័យ​១​នាក់។ ចំណែក​ជនសង្ស័យ​២​នាក់ ដែល​រត់គេចខ្លួន កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុង​ស្វែងរក​ចាប់ខ្លួន។​

ករណីនេះ​ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu