ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា សេវាសន្តិសុខរបស់ខ្លួនបានឃាត់ខ្លួនពលរដ្ឋអាមេរិកម្នាក់នៅទីក្រុងមូស្គូដោយចោទប្រកាន់ពីបទធ្វើចារកម្ម។ នេះជាករណីចុងក្រោយបង្អស់នៅក្នុងរឿងរ៉ាវចារកម្មរវាងប្រទេសរុស្ស៊ីនិងលោកខាងលិច។
សេវាសន្តិសុខក្នុងស្រុក FSB បានឲ្យដឹងថា ជនជាតិអាមេរិកត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រខណៈពេលកំពុងធ្វើសកម្មភាពចារកម្ម។
FSB បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ករណីព្រហ្មទណ្ឌមួយត្រូវបានបើកក្រោមមាត្រាទី២៧៦នៃក្រមព្រហ្មទណ្ឌរុស្ស៊ីដែលអនុញ្ញាតឲ្យមានការដាក់ពន្ធនាគាររហូតដល់២០ឆ្នាំ។
សេចក្តីថ្លែងការណ៍នេះបានកំណត់អត្តសញ្ញាណជនជាតិអាមេរិកថាមានឈ្មោះ Paul Whelan។
នៅរដ្ឋធានីវ៉ាស៊ីនតោន ក្រសួងការបរទេសបាននិយាយថាខ្លួនត្រូវបានជូនដំណឹងជាផ្លូវការដោយក្រសួងការបរទេសរុស្ស៊ីហើយកំពុងស្វែងរកការចូលជួបជនជាតិអាមេរិកដែលគេឃុំឃាំង។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយថា “កាតព្វកិច្ចរបស់ប្រទេសរុស្ស៊ីក្រោមអនុសញ្ញាក្រុង Vienna គឺតម្រូវឲ្យពួកគេផ្តល់លទ្ធភាពទទួលបានកុងស៊ុល។ យើងបានស្នើសុំឲ្យមានការចូលទៅដល់នេះហើយរំពឹងថាអាជ្ញាធររុស្ស៊ីនឹងផ្តល់ឲ្យ”។
ការចាប់ខ្លួននេះបានកើតឡើងខណៈដែលទីក្រុងមូស្គូកំពុងជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវចារកម្មមួយចំនួនជាមួយប្រទេសលោកខាងលិចនិងបន្ទាប់ពីលោកប្រធានាធិបតី Vladimir Putin បានចោទប្រកាន់ប្រទេសលោកខាងលិចថាបានប្រើប្រាស់ករណីចារកម្មដើម្បីព្យាយាមធ្វើឲ្យប៉ះពាល់ដល់ឥទ្ធិពលរបស់ប្រទេសរុស្ស៊ី។
សេវាស៊ើបការណ៍សម្ងាត់របស់អាមេរិកបានចោទប្រកាន់ក្រុងមូស្គូថាបានជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ហើយនៅខែធ្នូបានផ្តន្ទាទោសជនជាតិរុស្ស៊ីឈ្មោះ Maria Butina សម្រាប់ការដើរតួធ្វើជាភ្នាក់ងារបរទេសខុសច្បាប់។
លោកស្រី Butina ប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់៦ខែហើយក្រោយមកត្រូវនិរទេស។
ភ្នាក់ងារស៊ើបការណ៍យោធារុស្ស៊ីក៏រងការចោទប្រកាន់ផងដែរនៅក្នុងការបំពុលអតីតភ្នាក់ងារចារកម្មលោក Sergei Skripal និងកូនស្រីរបស់គាត់ក្នុងទីក្រុង Salisbury នៃប្រទេសអង់គ្លេស។
ឪពុកកូនទាំងពីរនេះបានរស់រានមានជីវិតប៉ុន្តែស្ត្រីក្នុងស្រុកម្នាក់បានស្លាប់បន្ទាប់ពីរើសដបទឹកអប់ដែលគេបោះបង់ចោលដែលប៉ូលិសគិតថា ត្រូវបានគេប្រើដើម្បីធ្វើការវាយប្រហារ៕ AFP
Source: Kampuchea Thmey Daily
0 Comments