Ad Code

ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​២០១៨_២០១៩ មាន​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ប្រមាណ​រាប់​លាន​នាក់​បាន​មក​ដើរលេង​កម្សាន្ត​នៅ​វិមាន ឈ្នះ ឈ្នះ​



ភ្នំពេញ ​៖ នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​២០១៨_២០១៩ មាន​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​អន្ដរជាតិ​ប្រមាណ​លាន​នាក់​បានមក​ដើរលេង​កម្សាន្ត​នៅ​វិមាន​អនុស្សាវរីយ៍ ឈ្នះ ឈ្នះ​។ នេះ​បើតាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​ លោក ​ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​ឲ្យ​ លោក ​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​ដែល​លោក​ដឹកនាំ​មន្ត្រី កម្មករ​ក្រុមហ៊ុន​ស៊ីន ទ្រី សិស្សានុសិស្ស ចុះ​រើស​សំរាម​សំអាត​បរិស្ថាន នៅ​ទីតាំង​វិមាន​អនុស្សាវរីយ៍ ឈ្នះ ឈ្នះ ដែលមាន​ទីតាំង ស្ថិតក្នុង​សង្កា​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា ដែលមាន​អ្នកចូលរួម​ប្រមាណ​ជាង​៧០០​នាក់​។​

លោក​ ហួត ហៃ បាន​មានប្រសាសន៍​លើកឡើងថា ក្នុង​រយៈពេល​៣​ថ្ងៃ​ជាប់​គ្នា​នេះ ពោលគឺ​ចាប់ពី​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ និង​ឆ្លង​ចូល​ថ្ងៃទី​០១ ខែមករា​ ឆ្នាំ​២០១៩ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រប់គ្រង​សំរាម​បាន​យ៉ាង​ល្អ​។ ប៉ុន្តែ​ទន្ទឹមនឹង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​នេះ ក្រុមការងារ​របស់រ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ បាន​បំពេញការងារ​ទាំងយប់​ទាំង​ថ្ងៃ​សឹងតែ​គ្មាន​ពេល​សម្រាក​ឡើយ។

លោក​ហួត ហៃ ក៏បាន​បញ្ជាក់​ផងដែរ​ថា នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​២០១៨_២០១៩ មាន​បងប្អូន​ប្រជា​ពលរដ្ឋ និង​ភ្ញៀវទេសចរ​អន្ដរជាតិ​ប្រមាណ​លាន​នាក់​បានមក​ដើរលេង​កម្សាន្ត​នៅ​វិមាន​អនុស្សាវរីយ៍ ឈ្នះ ឈ្នះ ដែលជា​ចំនួន​មួយ​ច្រើនជាង​ថ្ងៃទី​០១ និង​ថ្ងៃទី​២ នៃ​ពិធី​នេះ។​

សម្រាប់​នៅ​ថ្ងៃទី​១ ត្រូវ​នឹង​ថ្ងៃទី​២៩​ធ្នូ វិមាន​អនុស្សាវរីយ៍​ឈ្នះ ឈ្នះ ទទួល​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ដើរលេង​កម្សាន្ត​សប្បាយ​ចំនួន​ប្រមាណ​ជាង​១៥​ម៉ឺន​នាក់ ហើយ​សម្រាប់​ថ្ងៃទី​២ ត្រូវ​នឹង​ថ្ងៃទី​៣០​ធ្នូ វិញ វិមាន​អនុស្សាវរីយ៍​ឈ្នះ ឈ្នះ បាន​ទទួល​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ដើរលេង​កម្សាន្ត​សប្បាយ​ចំនួន​ប្រមាណ​៣០​ម៉ឺន​នាក់។ ចំណែក​នៅ​ថ្ងៃ​ចុងក្រោយ មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ដើរលេង​កម្សាន្ត​សប្បាយ ដែល​ចំនួន​កើនឡើង​រហូតដល់​ប្រមាណ​១​លាន​នាក់។ មានន័យថា រយៈពេល​៣​ថ្ងៃ​ជាប់​គ្នា​នេះ មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​អន្ដរជាតិ ចំនួន​ប្រមាណ​១​លាន​៤៥​ម៉ឺន​នាក់​បាន​អញ្ជើញ និង​ដើរលេង​កម្សាន្ត​នៅ​វិមាន ឈ្នះ ឈ្នះ​នេះ ដោយ​ពួកគាត់​បានបង្ហាញ​ពី​ភាពសប្បាយ​រីករាយ​បំផុត​។​

លោក​បាន​បញ្ជាក់ថា ការ​បោសសំអាត​សំរាម​បានល្អ​មិនមែន​ពឹងផ្អែក​តែ​ទៅលើ ក្រុមហ៊ុន​ស៊ីន​ទ្រី តែមួយ មុខ​នោះទេ គឺ​តម្រូវ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ ដើម្បី ធ្វើយ៉ាងណា​ឲ្យ​រាជ​ធានី​ភ្នំពេញ​មាន​សម្រាស់​ស្អាត មាន​បរិស្ថាន​ល្អ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូលរួម​ទស្សនា​បាន​ច្រើន​កាន់តែ​ប្រសើរឡើង​។​

គួរ​បញ្ជាក់ថា អភិបាល​រាជធានី​ភ្នំពេញ ​លោក ឃួ​ង ស្រេង បាន​ថ្លែង​បញ្ជាក់​ឲ្យ​ដឹង​ហើយ​ថា សម្រាប់​បញ្ហា​សន្ដិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ​វិញ ក្នុង​ពិធីបុណ្យ​ខាងលើនេះ​គឺ​គ្មាន​បញ្ហា​អ្វី​ទាំងអស់ ដោយ​កម្លាំង​សមត្ថកិច្ច​គ្រប់​ប្រភេទ​ និង​អាជ្ញាធរ បានដាក់​ពង្រាយ​ការពារ យ៉ាង​ល្អប្រសើរ ជូន​អ្នក​ទស្សនា​ទាំងអស់​។​

គួរ​បញ្ជាក់ដែរថា សម្រាប់​៣​រាត្រី នៃ​កម្មវិធី​ខាងលើនេះ មានការ​បាញ់​កាំជ្រួច​រាប់ម៉ឺន​គ្រាប់ រំលេច សម្រស់​លើ​វេហា ដោយមាន​រូបភាព​ផ្សេងៗ ដូចជា​បេះដូង​ជាដើម ហើយ​ការបាញ់​នោះ​មាន​រយៈ​ពេល​វែង មិន​ធ្លាប់​មាននៅ​កម្ពុជា ដែល​បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ខ្លាំង ពី​សំណាក់​ប្រជាពលរដ្ឋ ដែល​ទៅលេង​កម្សាន្ត ដ៏​ច្រើន​កុះករ​នេះ។ ក្រៅពី​ការបាញ់​កាំជ្រួច​ហើយ ក៏​នៅមាន​ការប្រគំ​តន្ត្រី និង​ផ្ទាំង​ទស្សនីយភាព​សិល្បៈ​មួយចំនួនទៀត៕



 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu