នាយករដ្ឋមន្ត្រីប្រទេសបង់ក្លាដែសលោកស្រី Sheikh Hasina កាលពីថ្ងៃចន្ទបានច្រានចោលពាក្យបណ្តឹងរបស់គណបក្សប្រឆាំងអំពីការលួចបន្លំសំឡេងឆ្នោតនិងបាននិយាយថា ប្រជាជនបានទៅបោះឆ្នោតដោយរំភើបចិត្តនៅក្នុងការបោះឆ្នោតទូទៅមួយដែលសម្ព័ន្ធភាពកំពុងកាន់អំណាចរបស់លោកស្រីទទួលជ័យជម្នះភ្លូកទឹកភ្លូកដី។
ជ័យជម្នះនេះបានពង្រឹងការកាន់កាប់រយៈពេលមួយទសវត្សរ៍របស់លោកស្រី Hasina នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះដែលរដ្ឋាភិបាលរបស់លោកស្រីបានជួយឲ្យមានកំណើនសេដ្ឋកិច្ចប៉ុន្តែត្រូវបានគេចោទប្រកាន់អំពីការរំលោភសិទ្ធិមនុស្សនិងការគៀបសង្កត់លើក្រុមប្រឆាំង។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលរបស់លោកស្រីបានបដិសេធការចោទប្រកាន់នេះ។
ក្នុងសុន្ទរកថាជ័យជម្នះនៅឯលំនៅដ្ឋានផ្លូវការរបស់លោកស្រីក្នុងរដ្ឋធានីដាកា លោកស្រី Hasina អាយុ៧១ឆ្នាំបានអួតអាតអំពីការគាំទ្រដ៏រឹងមាំសម្រាប់សម្ព័ន្ធភាពដែលដឹកនាំដោយគណបក្ស Awami League របស់លោកស្រីដែលបានឈ្នះ២៨៧អាសនៈក្នុងចំណោមអាសនៈ២៩៨ខណៈគណបក្សប្រឆាំង Bangladesh Nationalist Party (BNP) ទទួលបានប្រាំមួយអាសនៈ។
លោកស្រី Hasina បានប្រាប់ក្នុងបន្ទប់មួយដែលពេញទៅដោយអ្នកកាសែតនិងអ្នកសង្កេតការណ៍បោះឆ្នោតបរទេសថា “ពួកគេបានបោះឆ្នោតដោយក្តីរំភើប។ តើប្រជាជនចង់បានអ្វី? ពួកគេចង់បំពេញនូវតម្រូវការជាមូលដ្ឋានរបស់ពួកគេ។ នៅពេលពួកគេមានអារម្មណ៍ថាត្រឹមត្រូវ មានតែរដ្ឋាភិបាលនេះប៉ុណ្ណោះដែលអាចធានាវាបានហើយបន្ទាប់មកពួកគេនឹងបោះឆ្នោតឲ្យយើង”។
គណបក្សប្រឆាំងបានច្រានចោលលទ្ធផលនេះហើយបានអំពាវនាវឲ្យមានការបោះឆ្នោតថ្មីដោយត្អូញត្អែរពីអ្វីដែលខ្លួនបាននិយាយថាជាការក្លែងបន្លំជាទូទៅ។
ប្រទេសជិតខាងគឺឥណ្ឌានិងចិនបានអបអរសាទរលោកស្រី Hasina ហើយក្រុមឃ្លាំមើលការបោះឆ្នោតមកពីបណ្តាប្រទេសនៅអាស៊ីខាងត្បូងបាននិយាយថា ពួកគេមិនបានរកឃើញអ្វីទាស់ខុសសោះក្នុងការបោះឆ្នោតនៅរដ្ឋធានីដាកា។
មនុស្សយ៉ាងតិច១៧នាក់ត្រូវបានសម្លាប់អំឡុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យបន្ទាប់ពីយុទ្ធនាការឃោសនាដ៏ហិង្សាមួយដែលក្នុងនោះភាគីទាំងពីរបានស្តីបន្ទោសដាក់គ្នាទៅវិញទៅមកសម្រាប់ការស្លាប់នេះ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments