Ad Code

លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង នាំយក​អំណោយ​សម្ដេច​ក្រឡា​ហោម ស ខេង មក​ចែកជូន​កុមារ​នៅក្នុង​មណ្ឌលកុមារ​កំព្រា​ខេត្ត​កំពង់ឆ្នាំង



​កំពង់ឆ្នាំង​ ៖ លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង​ និង​សហការី នៅ​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ បាន​នាំយក​អំណោយ និង​ស្បៀង​អា​ហរ​របស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ទៅ​ចែក​ជូន​ដល់​មណ្ឌល​កុមារ​កំព្រា​ខេត្ត​កំពង់ឆ្នាំង ក្នុង​ពិធី​ឆ្លង​ឆ្នាំ​សកល​២០១៨ ឈាន​ចូល​ឆ្នាំ​២០១៩។

នៅក្នុង​ពិធី​នោះ លោក កែវ ពៅ បានបញ្ជាក់ឲ្យដឹងថា​ ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ​ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា តែ​យកចិត្តទុកដាក់​ជា​អ្នក​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ដោយ​ថ្នាក់​ដឹកនាំ​នៅ​គ្រប់​ជាន់ថ្នាក់​ត្រូវតែ​ជួយ​ទំនុកបម្រុង​ជីវភាព​ស្បៀងអាហារ ថ្នាំសង្កូវ​និង​មិនត្រូវ​ទុកឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​អត់បាយ ឬ​មិនបាន​យកចិត្តទុកដាក់​ព្យាបាល​ជំងឺ​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ​នោះឡើយ។​

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨ អនុវត្តន៍​តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ ​សម្ដេច​តេ​ជោ លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង បាន​ដឹកនាំ​មន​ត្រី​រាជការ​នៅ​ក្នុង​អង្គភាព បាន​នាំយក​អំណោយ​របស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ទៅ​ចែក​ជូន​ដល់​ក្មួយៗ​ជាង​៤០​នាក់​នៅក្នុង មណ្ឌល​កុមារ​កំព្រា​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ផ្គង់​ផ្គង់​ជីវភាព​បន្ថែម​លើ​គោល​របប​របស់​រដ្ឋ​។ អំណោយ​ទាំងអស់នោះ​រួមមាន ​៖ អង្ករ 150 kg , ទឹក​ផ្លែឈើ 3 កេស , ទឹកបរិសុទ្ធ 3 កេស , មី 3 កេស , ស្ករស 2 kg , អំបិល 2 kg , ប៊ីចេង 1 kg , ទឹកត្រី 3 យួរ , ទឹកស៊ីអ៊ីវ 3 យួរ និង​ថវិកា 1,200,000 រៀល និង លោក កែវ ពៅ បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​របស់​លោក​ចំនួន 500,000 រៀល បន្ថែមទៀត​ផងដែរ។​

លោក កែវ ពៅ ក៏បាន​ផ្ដាំផ្ញើ​ដល់​ក្មួយៗ​កុមារកំព្រា​ទាំងអស់ សូម​យកចិត្តទុកដាក់​រៀនសូត្រ​ចំណេះ​ដឹង​ទូទៅ​ឲ្យ​បាន​ពូកែ ដើម្បី​យកចំណេះ​ដឹង​ទាំងអស់នោះ​ទៅ​ប្រកបការងារ​ដោយ​សុចរិត ជួយ​កសាង​ជាតិ ក៏ដូចជា​ជួយ​កសាង​អនាគត​របស់​ក្មួយ​ឲ្យ​បាន​ល្អប្រសើរ​នៅក្នុង​សង្គមជាតិ​ផងដែរ។​

លោកស្រី​នាយិកា​មណ្ឌល​កុមារកំព្រា​ខេត្តកំពង់ឆ្នាំង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​លោក កែវ ពៅ និង​ក្រុមការងារ ដែល​បាន​នាំយក​អំណោយ​របស់ សម្ដេច​ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មក​ចែកជូន​ដល់​កុមារកំព្រា​ដែល​កំពុងមាន​ការខ្វះខាត។ លោកស្រី​នាយិកា និង​កុមារកំព្រា​ទាំងអស់ សូម​ប្រសិទ្ធិ​ពរជ័យ ដល់​សម្ដេច​ក្រឡាហោម និង​ក្រុម​ការងារ​ទាំងអស់ សូម​ជួបតែ​ពុទ្ធពរ​ទាំង​៤​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លាត​ឡើយ និង​មាន​ជ័យជំនះ​គ្រប់​ការងារ​ និង​ភារកិច្ច ក្នុងឱកាស​ឆ្នាំ​ថ្មី​២០១៩​នេះ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu