ក្រុមមន្ត្រីបាននិយាយនៅថ្ងៃអង្គារថា ប៉ូលិសប្រឆាំងភេរវកម្មអង់គ្លេសកំពុងស៊ើបអង្កេតការចាក់ប្រហារដែលក្នុងនោះជនសង្ស័យបានស្រែកថា “Allah” នៅស្ថានីយរថភ្លើងក្រុង Manchester នៅថ្ងៃចូលឆ្នាំថ្មី។
បុរសម្នាក់និងស្ត្រីម្នាក់ដែលស្ថិតក្នុងវ័យ៥០ឆ្នាំនិងមន្ត្រីប៉ូលិសម្នាក់កំពុងត្រូវបានគេព្យាបាលសម្រាប់របួសដោយកាំបិតបន្ទាប់ពីការចាក់ប្រហារកាលពីល្ងាចថ្ងៃចន្ទនៅឯស្ថានីយ៍ Manchester Victoria ភាគពាយព្យទីក្រុងអង់គ្លេសមួយនេះ។
សាក្សីឈ្មោះ Sam Clack អាយុ៣៨ឆ្នាំដែលជាអ្នកផលិតកម្មវិធីវិទ្យុ BBC បាននិយាយថា គាត់បានឮជនសង្ស័យស្រែកថា “Allah” មុននិងអំឡុងការវាយប្រហារ។
លោកបានលើកឡើងសម្តីជនសង្ស័យដែលនិយាយថា “ដរាបណាអ្នកនៅតែបន្តទម្លាក់គ្រាប់បែកលើប្រទេសដទៃទៀត រឿងដ៏អាក្រក់បែបនេះនឹងបន្តកើតឡើង”។
ប៉ូលិស Greater Manchester (GMP) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនសង្ស័យជាបុរសត្រូវបានចាប់ខ្លួនពីបទប៉ុនប៉ងធ្វើឃាត។
ស្ត្រីរងគ្រោះបានរងរបួសនៅលើផ្ទៃមុខនិងពោះហើយបុរសត្រូវរបួសត្រង់ពោះខណៈដែលមន្ត្រីប៉ូលិសដឹកជញ្ជូនអង់គ្លេសមានរបួសនៅត្រង់ស្មា។
របួសរបស់ពួកគេត្រូវបានគេអះអាងថាមានលក្ខណៈធ្ងន់ធ្ងរប៉ុន្ដែមិនគំរាមកំហែងដល់អាយុជីវិតទេ។ សាធារណៈជនពីរនាក់ទៀតក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផងដែរ។
ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល៨និង៥០នាទីយប់នៅពេលដែលអ្នកទស្សនាជាច្រើននៅក្នុងទីក្រុងនេះត្រៀមខ្លួនរីករាយនឹងពិធីបុណ្យចូលឆ្នាំថ្មី។
ប៉ូលិសបានប្រកាសថា ការវាយប្រហារនេះគឺជា “ឧបទ្ទវហេតុធ្ងន់ធ្ងរ”។
ជំនួយការប្រធាន GMP លោក Rob Potts បាននិយាយថា ការស៊ើបអង្កេតកំពុងត្រូវបានដឹកនាំដោយប៉ូលិសប្រឆាំងភេរវកម្ម។
គួររម្លឹកថា ទីក្រុងនេះបានទទួលរងការវាយប្រហារអត្តឃាតនៅក្នុងខែឧសភាឆ្នាំ២០១៧នៅពេលដែលមនុស្ស២២នាក់ត្រូវបានសម្លាប់និង១៣៩នាក់រងរបួសក្នុងការប្រគុំតន្ត្រីមួយដោយតារាចម្រៀងអាមេរិក Ariana Grande នៅសាល Manchester Arena៕ AFP
Source: Kampuchea Thmey Daily
0 Comments