ភ្នំពេញ ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរពេទ្យគន្ធបុប្ផាបានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៨នេះ មានកុមារនិងស្ត្រីកម្ពុជាជាង១លាននាក់ បានទទួលការព្យាបាល និងជួយសង្គ្រោះពីមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ ទីតាំង នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
សេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរពេទ្យគន្ធបុប្ផាដដែលបានបន្តថា ក្នុងចំណោមកុមារ និងស្ត្រីជាង១លាននាក់ ដែលទទួលបានពិនិត្យ និងព្យាបាលជំងឺនោះ មាន កុមារមានជំងឺចំនួន៩៦១ ២៥៦ ករណី បានមកពិនិត្យព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅកុមារមានជំងឺធ្ងន់ធ្ងរមានចំនួន ១៦១៤២៦ នាក់ និងកុមារមានជំងឺគ្រុនឈាមធ្ងន់ធ្ងរមានចំនួន ១៤៦១៥ នាក់ បានសម្រាកព្យាបាល។ ដោយឡែកស្ត្រីមានផ្ទៃពោះចំនួន១៥៤ ៨១៦ នាក់ និងស្ត្រីសម្រាលកូនមាន ចំនួន២៧ ៣០៩ នាក់ បានសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ។
មន្ទីរពេទ្យ បានបន្ថែមទៀតថា ខ្លួនបានកាត់បន្ថយអត្រាមរណរបស់កុមារបានចំនួន២ភាគរយ (០,២៣ ភាគរយ) ក្នុងឆ្នាំ២០១៨ បើធៀបទៅនឹងឆ្នាំ២០១៧ ( ០,២៥ ភាគរយ)។
លោកវេជ្ជបណ្ឌិត ហេង សុទ្ធី អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផាធ្លាប់បាន មានប្រសាសន៍ថា មន្ទីរពេទ្យគន្ធបុប្ផាបានជួយព្យាបាលកុមារដែលឈឺប្រហែលជា ៨០ % នៃកុមារដែលឈឺនៅទូទាំងប្រទេស។ ដូច្នេះ ទំហំ នៃការព្យាបាលធំណាស់ ហើយមន្ទីរពេទ្យជាមន្ទីរពេទ្យដែលអត់បង់ប្រាក់ហើយប្រកបដោយគុណភាព ហើយសាធារណជនក៏ដូចជារដ្ឋាភិបាលលោកទទួលស្គាល់នៅចំណុចទាំងអស់នេះ។ ដូច្នេះ ដើម្បីឲ្យដំណើរបាន មន្ទីរពេទ្យនៅតែត្រូវការការគាំទ្រទាំងចិត្តគំនិត ស្មារតី ក៏ដូចជា ថវិកាពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដូច្នេះរាល់ថវិកា ក៏ដូចអំណោយសប្បុរសជនទាំងអស់គឺមានអត្ថន័យណាស់សម្រាប់ជួយកុមារកម្ពុជា។
លោកបានឲ្យដឹងទៀតថា កុមារដែលមកសម្រាកព្យាបាលនៅមន្ទីរគន្ធបុប្ផាទាំងនៅភ្នំពេញ និងសៀមរាបមានជាង២៥០០នាក់ ហើយសម្រាប់ជំងឺដែលមកបើកថ្នាំប្រហែល៣០០០ ទៅ៣៥០០ នាក់ ក្នុងមួយថ្ងៃ។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩២មក ទឹកប្រាក់ជាង៧០០លានដុល្លារអាមេរិក បានចំណាយលើមន្ទីរពេទ្យគន្ធបុប្ផា ជាមួយនឹងការព្យាបាលកុមារ ១,៧លាននាក់ និងការពិគ្រោះយោបល់ចំនួន១៣,៥លានករណី។
មន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានសាងសង់ឡើងដោយលោកវេជ្ជបណ្ឌិត Beat Richner ដែលជាជនជាតិស្វីស។ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាលោកវេជ្ជបណ្ឌិត បេអាត រីច្នឺ (Beat Richner) បានលាលែងតំណែងរបស់លោកពីប្រធានគ្រប់គ្រងមន្ទីរពេទ្យ កាលពីឆ្នាំ២០១៧ បន្ទាប់ពីលោកមានជំងឺធ្ងន់ធ្ងរហើយ បានទទួលមរណភាព កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧នៅប្រទេសស្វីសដោយជំងឺ ក្នុងជន្មាយុ ៧១ឆ្នាំ។
ដើម្បីជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា «មូលនិធិគន្ធបុប្ផាកម្ពុជា» សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចបង្កើត«មូលនិធិគន្ធបុប្ផាកម្ពុជា» កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ ជាមួយថវិកាទ្រទ្រង់ដំណាក់កាលដំបូងជាង១១លានដុល្លារអាមេរិក។
ពិធីបើកដំណើរការ «មូលនិធិគន្ធបុប្ផាកម្ពុជា» ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជាប្រធានកិត្តិយសនៃមូលនិធិ។
ក្នុងពិធីនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានមូលហេតុចម្បងៗចំនួន៣ ដែលនាំឲ្យសម្តេចសម្រេចបង្កើត «មូលនិធិគន្ធបុប្ផាកម្ពុជា»នេះឡើង។ មូលហេតុចម្បងទាំង៣នោះរួមមាន ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានមូលហេតុចំនួន៣ ដែលនាំឲ្យសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា។
មូលហេតុចម្បងៗនោះរួមមាន ៖ ១.ការលើកកម្ពស់សុខុមាលភាពមាតា ទារក និងកុមារ គឺជាអាទិភាពចម្បងមួយនៅក្នុងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល, ២.រដ្ឋាភិបាលកម្ពុជាគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ពីព្រោះតែទទួលស្គាល់នូវស្នាដៃ និងគុណភាព នៃការផ្តល់សេវាថែទាំមាតា ទារក និងកុមាររបស់មន្ទីរពេទ្យនេះ និងទី៣.ឈរលើទិដ្ឋភាពហិរញ្ញវត្ថុ ទន្ទឹមការបង្កើនថវិការដ្ឋជាបន្តបន្ទាប់ក្នុងពេលកន្លងមក រួមទាំងការវិភាជន៍ប្រាក់ចំណូលពីទេសចរបរទេសចូលទស្សនាប្រាសាទអង្គរជូនដល់មន្ទីរពេទ្យគន្ធបុប្ផាផង វាជាពេលដ៏សមរម្យបំផុតដែលគួរគប្បីមាន «មូលនិធិគន្ធបុប្ផា» មួយផ្ទាល់ខ្លួន។
ដោយឡែក រាជរដ្ឋាភិបាលស្វីសបានប្រកាស ផ្ដល់ជំនួយចំនួន១២លានដុល្លារសហរដ្ឋអាមេរិក ដល់កម្ពុជា ដើម្បីជួយទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផារយៈពេល៣ឆ្នាំបន្តទៀត គឺចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ខាងមុខនេះ៕
Source: Kampuchea Thmey Daily
0 Comments