Ad Code

ចក្រភព​អង់គ្លេស​បញ្ជូន​នាវា​ដើម្បី​ដោះស្រាយ​កំណើន​ជនអន្តោប្រវេសន៍



ចក្រភព​អង់គ្លេស ​បានប្រកាស​កាល​ពីថ្ងៃ​ចន្ទ​ថា ខ្លួន​នឹងដាក់​ពង្រាយ​នាវា​ល្បាត​ព្រំដែន​ចំនួន​ពីរ​គ្រឿង​នៅតាម​ផ្លូវទឹក Channel ដើម្បី​ឆ្លើយតប​ទៅនឹង​ការកើនឡើង​នៃ​ជនអន្តោប្រវេសន៍​ដែល​ឆ្លងកាត់​ពី​ប្រទេស​បារាំង​នៅក្នុង​ទូក​ពោង​។​

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក Sajid Javid បាន​និយាយ​ថា នាវា​កងកម្លាំង​ព្រំដែន ​នឹង​រក្សា​តុល្យភាព​ការពារ​ជីវិត​មនុស្ស​ជាមួយនឹង​ការការពារ​ព្រំដែន​របស់​ចក្រភព​អង់គ្លេស​។​

លោក Javid បាន​និយាយថា នៅក្នុង​ខែធ្នូ មនុស្ស​ប្រហែល​២៣០​នាក់​បាន​ព្យាយាម​ធ្វើដំណើរ​ចម្ងាយ​៣៣​គីឡូម៉ែត្រ​ពី​ប្រទេស​បារាំង​ទៅ​អង់គ្លេស​។​

ការប៉ុនប៉ង​នេះ​ដែលជា​ពិសេស​ដោយ​ជនជាតិ​អ៊ីរ៉ង់​ដើម្បី​ឆ្លងកាត់​ផ្លូវ​ដឹកជញ្ជូន​ដ៏​មមាញឹក​បំផុត​មួយ​នៅលើ​ពិភពលោក​គឺ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ទូក​ពោង​និង​ក្បូន​តូចៗ​ដទៃទៀត​។​

លោក Javid បាន​កាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ណូអែល​របស់គាត់​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ដើម្បី​ត្រួតពិនិត្យ​ស្ថានការណ៍​នេះ​ដោយផ្ទាល់​។​

គាត់​បាន​និយាយថា គាត់​បានដាក់​ពង្រាយ​នាវា​កងកម្លាំង​ព្រំដែន​ពីរ​គ្រឿង​ជាថ្មី​ពី​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ទៅ​ផ្លូវទឹក Channel ដើម្បី​ចូលរួម​ជាមួយ​នាវា​មួយគ្រឿង​នៅ​កន្លែងកើតហេតុ​និង​នាវា​ល្បាត​ឆ្នេរ​ពីរ​គ្រឿង​ផ្សេងទៀត​។​

លោក Javid បាន​និយាយ​បន្ទាប់ពី​បាន​ជួប​មន្ត្រីជាន់ខ្ពស់​មកពី​ទីភ្នាក់ងារ​កងកម្លាំង​ព្រំដែន​និង​ឧក្រិដ្ឋកម្ម​ជាតិ​ថា “​វា​ទាំង​ដើម្បី​ការពារ​ជីវិត​មនុស្ស​និង​ការពារ​ព្រំដែន​របស់​យើង​ផងដែរ​។ ខ្ញុំ​ចង់​ធ្វើ​ឲ្យ​ប្រាកដថា យើង​កំពុង​ធ្វើ​អ្វីដែល​យើង​អាច​ធ្វើបាន​ដើម្បី​ការពារ​ប្រជាជន​”​។​

ចក្រភព​អង់គ្លេស​និង​បារាំង​បាន​ព្រមព្រៀងគ្នា​កាលពី​ថ្ងៃអាទិត្យ​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ស្តីពី​ការកើនឡើង​នេះ​។​

នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ ប្រទេស​ទាំងពីរ​នឹង​បង្កើន​ការ​ល្បាត​តាមដាន កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បំបែក​ក្រុម​ជួញដូរ​មនុស្ស​និង​លើកកម្ពស់​ការយល់ដឹង​អំពី​គ្រោះថ្នាក់​នៃ​ការឆ្លងកាត់​ផ្លូវទឹក Channel​។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍​មុន មន្ត្រី​ព្រំដែន​របស់​ប្រទេស​អង់គ្លេស​បាន​រកឃើញ​ជ​ន​ជាតិ​អ៊ីរ៉ង់​២៣​នាក់​នៅ​ទី​តាំងបី​កន្លែង​ក្នុង​តំបន់ Kent ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​អាជ្ញាធរ​ដែនសមុទ្រ​បារាំង​បាន​ស្ទាក់ចាប់​ជនអន្តោប្រវេសន៍​ចំនួន​១១​នាក់​នៅក្នុង​ទូក​តូច​មួយ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu