ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានពីរដ្ឋបាលខណ្ឌដូនពេញប្រាប់ឲ្យដឹងថា បើទោះបីមានកម្លាំងឈរជើងជាប្រចាំនៅតំបន់រង្វង់មូលវិមានឯករាជ្យ ក៏នៅតែអ្នកបើកបរយានយន្តបញ្ច្រាសទិសដៅចរាចរណ៍ស្ទើរជារៀងរាល់ថ្ងៃ។
ប្រភពព័ត៌មានបន្តថា រហូតមកដល់ពេលនេះមានរយៈពេល១ឆ្នាំមកហើយ គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩នេះ ដែលកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញសហការជាមួយនគរបាលការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានដាក់កម្លាំងជាប្រចាំ នៅតំបន់រង្វង់មូលវិមានឯករាជ្យ ដើម្បីអនុវត្តន៍យុទ្ធនាការចាប់ឃាត់ ម៉ូតូ និងរថយន្តបើកបរបញ្ច្រាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រតិបត្តិការដាក់កម្លាំង ដើម្បីអនុវត្តយុទ្ធនាការចាប់ឃាត់ម៉ូតូ និងរថយន្តដែលបើកបរបញ្ច្រាសទិសដៅចរាចរណ៍ នៅតំបន់រង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត នេះ បន្ទាប់ពីទទួលបានបទបញ្ជាពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ប្រភពព័ត៌មានប្រាប់បញ្ជាក់ថា រយៈពេល១ឆ្នាំនេះ សមត្ថកិច្ចបានធ្វើការឃាត់យានយន្តចម្រុះ សរុប ចំនួន៣៦១៨គ្រឿង ក្នុងនោះ ម៉ូតូ ចំនួន៣១០៤គ្រឿង រ៉ឺម៉កម៉ូតូកង់បី ចំនួន៣៨២គ្រឿង និងរថយន្ត ចំនួន១៣២គ្រឿង និងបានបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments