មេដឹកនាំគីមជុងអ៊ុន បានព្រមាននៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់លោកនៅថ្ងៃអង្គារ បន្ទាប់ពីមានភាពជិតស្និទ្ធខាងការទូតរយៈពេល១២ខែថា ប្រទេសកូរ៉េខាងជើងអាចពិចារណាផ្លាស់ប្តូរវិធីសាស្ត្រប្រសិនបើសហរដ្ឋអាមេរិករក្សាការដាក់ទណ្ឌកម្មរបស់ខ្លួនលើប្រទេសនេះ។
លោកគីមបាននិយាយថា “ប្រសិនបើសហរដ្ឋអាមេរិកមិនរក្សាពាក្យសន្យារបស់ខ្លួនដែលបានធ្វើឡើងនៅចំពោះមុខពិភពលោកទាំងមូលហើយទទូចឲ្យមានការដាក់ទណ្ឌកម្មនិងសម្ពាធលើសាធារណរដ្ឋរបស់យើងនោះ។ យើងអាចនឹងមិនមានជម្រើសអ្វីក្រៅតែពីការពិចារណាអំពីវិធីថ្មីដើម្បីការពារអធិបតេយ្យភាពនិងផលប្រយោជន៍របស់យើងនោះទេ”។
លោកគីមបានសំដៅដល់ជំនួបកំពូលរបស់លោកជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំក្នុងប្រទេសសិង្ហបុរីកាលពីខែមិថុនានៅពេលដែលលោកបាននិយាយថា លោកមាន “កិច្ចពិភាក្សាប្រកបដោយផ្លែផ្កា” និង “បានដោះដូរគំនិតស្ថាបនា” ជាមួយគ្នា។
នៅពេលនោះ មេដឹកនាំទាំងពីរបានចុះហត្ថលេខាលើកិច្ចសន្យាមិនច្បាស់លាស់មួយស្តីពីការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េប៉ុន្តែចាប់តាំងពីពេលនោះមក ការរីកចម្រើនបានជាប់គាំងដោយសារក្រុងព្យុងយ៉ាងនិងវ៉ាស៊ីនតោនបានប៉ះទង្គិចគ្នាអំពីអត្ថន័យ។
កូរ៉េខាងជើងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរនិងមីស៊ីលផ្លោងរបស់ខ្លួន។
លោកគីមបាននិយាយនៅក្នុងសុន្ទរកថារបស់លោកដែលផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិរបស់កូរ៉េខាងជើងថា “ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការអង្គុយជាមួយប្រធានាធិបតីអាមេរិកនៅពេលណាមួយនាពេលអនាគតហើយនឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីបង្កើតនូវលទ្ធផលដែលនឹងត្រូវស្វាគមន៍ដោយសហគមន៍អន្តរជាតិ”។
គួរបញ្ជាក់ថា សុន្ទរកថាឆ្នាំថ្មីរបស់មេដឹកនាំរូបនេះគឺជាពេលវេលាដ៏សំខាន់មួយនៅក្នុងប្រតិទិននយោបាយរបស់កូរ៉េខាងជើងសម្រាប់ការពិនិត្យមើលអតីតកាលនិងកំណត់គោលដៅសម្រាប់អនាគត៕ AFP
Source: Kampuchea Thmey Daily
0 Comments