Ad Code

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ​ឆ្លៀត​បង្ហាញ​លទ្ធផល​ការងារ​ក្នុង​ឱកាស​ជូនពរ​ឆ្លង​ឆ្នាំ​សកល​ ដែល​មាន​ប្រជាពលរដ្ឋ​ចូលរួម​រាប់​ម៉ឺន​នាក់​



បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ​បាន​ឆ្លៀត​បង្ហាញ​លទ្ធផល​សង្ខេប​ការងារ ក្នុង​ឱកាស​ជូនពរ​ និង​អបអរ​ក្នុង​ពិធី​ឆ្លង​ឆ្នាំ​សាកល​ឆ្នាំ​២០១៨ ​ឈានចូល​ឆ្នាំ​២០១៩ ដែល​បានធ្វើ​នៅ​សួន​មានជ័យ​ឬ​វេទិកា​ខេត្ត​ភូមិ​៣​ សង្កាត់​ព្រះ​ពន្លា​កណ្តាល​ ក្រុង​សិរីសោភ័ណ​ នា​រាត្រី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​ ឆ្នាំ​២០១៨ ដល់​រំលង​អធ្រាត្រ​ចូល​ថ្ងៃទី​១​ ខែមករា ​ឆ្នាំ​២០១៩។​

លោក​អោម ចន្ថា អភិបាល​ស្ដីទី​ខេត្ត​បន្ទាយមានជ័យ លោក​ ខេង ស៊ុម សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បាន​ចូលរួម​ជា​គណៈអធិបតី។​

លោក​ អោម ចន្ថា មានប្រសាសន៍ថា ​ក្នុងឱកាស​នេះ ក្នុងនាម​រដ្ឋបាលខេត្ត​ និង​លោក​ផ្ទាល់ ​សូម​ចូលរួម​ជាមួយ​ឯកឧត្ដម លោកជំទាវ លោក​ លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អង្គការ​សង្គម​ស៊ីវិល ក្រុមហ៊ុន អាជីវករ ពាណិជ្ជករ និវត្តន៍​ជន បងប្អូន​ប្រជា ពលរដ្ឋ មហាជន​រាប់ពាន់​ម៉ឺន​នាក់ ព្រមទាំង​ភ្ញៀវ​អន្តរជាតិ​មាន​កូរ៉េ ចិន អឺរ៉ុប ជាច្រើន​នាក់​ចូលរួម​ក្នុង​ពិធី​ឆ្លង ស្វាគមន៍ ជូនពរ​ឆ្នាំ​សាកល​នា​រាត្រី​នេះ និង​សូម​សំដែង​នូវ​ការ​កោតសរសើរ​ចំពោះ​កិច្ច​ខិត​ខំ​ និង​ការលះបង់​ដ៏​ធំធេង​ក្នុងការ​បំពេញភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ​ចំពោះ​ជាតិ​ និង​ប្រជាពលរដ្ឋ ក៏ដូចជា​ចូលរួម​គាំទ្រ​រាល់​សកម្មភាព​នានា​សម្រាប់​អភិវឌ្ឍន៍​ខេត្ត ព្រមទាំង​នាំមក​នូវ​ជោគជ័យ​និង​សមិទ្ធផល​ជាច្រើន​ក្នុង​រយៈពេល​ពេញ​១​ឆ្នាំ​២០១៨​នេះ។

​លោក​បាន​បន្តថា​ ទាំងនេះ មាន​គោលដៅ​លើកស្ទួយ​ជីវភាព សុខុមាលភាព​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​សម្បូរ​សប្បាយ និង​រស់​នៅ​មាន​សុភមង្គល​។​

លោក ​អោម ចន្ថា និយាយ​បន្តថា ឆ្នាំ​២០១៨​កន្លងមកនេះ ក្នុង​ខេត្ត បង្កបង្កើនផល​បាន​២៥០.០០០​ហិច​តា ហើយ​បាន​ទិន្នផល​ខ្ពស់​ដំឡូង​មី​ធ្វើបាន​ជិត​១០​ម៉ឺន​ហិកតា ..។​ល​..។ ហើយ​បាន​ទិន្នផល​រាជរដ្ឋាភិបាល​បាន​ខិតខំ​រក​ទីផ្សារ​មានតម្លៃ​សមស្រប​។ ​រីឯ​លើ​សេវា​សាធារណៈ ខេត្ត​បាន​លើក​កម្ពស់​ការយកចិត្ត​ទុកដាក់ និង​ជំរុញ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​នានា​ មាន​ផ្លូវ​ស្ពាន ទំនប់ ប្រឡាយ​ធារាសាស្ត្រ ស្រះ ប្រព័ន្ធ​ទឹកស្អាត មណ្ឌល​សុខភាព សាលារៀន អគ្គិសនី រួម​ទាំង​វិស័យ អនុ​វិស័យ​ទាំងឡាយ​ទៀត​យ៉ាងច្រើន។ ​ក្នុងឱកាស​នោះ មន្ត្រី​ថ្នាក់ដឹកនាំ មន្ត្រី ពលរដ្ឋ ភ្ញៀវ​ជាតិ អន្តរជាតិ​បាន​ជូនពរ​គ្នា បាន​ជូន​កន្ត្រក​ផ្កា​ជូន​ លោកជំទាវ​ សុង ផល្លី​ន តំណាង​របស់​ លោក​ សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ ហើយ​ក្នុងឱកាស​ចូលឆ្នាំថ្មី​ ឆ្នាំ​សាកល​២០១៩​នេះ រដ្ឋបាល​ខេត្ត​និង​លោក​ផ្ទាល់​ សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​សក្ដិសិទ្ធិ​ក្នុង​លោក​ សូម​ប្រោស​ព្រំ​សព្ទសាធុការពរ បរម​មហា​ប្រសើរ​ជូន​ថ្នាក់ដឹកនាំ ឯកឧត្ដម លោកជំទាវ​លោក​លោកស្រី​អ្នកនាង​កញ្ញា​ និង​អ្នក​គ្រប់គ្នា​។

​សូមបញ្ជាក់ថា បើតាម ​លោក ​ស្រេង សុផល ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​សារ​ព័ត៌មាន​ថា ក្នុងឱកាស​បុណ្យចូលឆ្នាំ​សាកល​ឆ្លង​ឆ្នាំ​២០១៨ ​ឈាន​ឆ្នាំ​២០១៩ នេះ នៅ​ខេត្ត​បន្ទាយមានជ័យ​មាន​រៀបចំ​ពិធី​ដ៏​អធិកអធម ឱឡារិក ​និង​រីករាយ ​និង​រាប់​ថយក្រោយ​(Countdown) ដ៏​ធំ​មួយ​នៅ​សួន​មានជ័យ ​ឬ​វេទិកា​ខេត្ត​នា​រាត្រី​ថ្ងៃទី​៣១​ ខែធ្នូ ឆ្នាំ​២០១៨ និង​រំលង​អធ្រាត្រ​ ឈានចូល​ថ្ងៃទី​១​ ខែមករា ​ឆ្នាំ​២០១៩។​

នា​រាត្រីសមោសរ​នោះ ក៏មាន​អាហារ​សាមគ្គី​ជាច្រើន​តុ​សម្រាប់​មន្ត្រី​មាន​នំ​បញ្ចុក​យ៉ាងច្រើន​ ផ្តល់ជូន​ឥតគិតថ្លៃ​ជូន​ពលរដ្ឋ​ទាំងឡាយ​ផងដែរ​ ជាងនេះទៅទៀត កម្មវិធី​សប្បាយ សប្បាយ​នោះ​ ក៏មាន រាំ​ច្រៀង សម្ដែង​សិល្បៈ និង​ទស្សនីយភាព​លម្អ ភ្លើង​មួយចំនួន​ទៀតផង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu