ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានឲ្យដឹងថា នៅឆ្នាំ២០១៩នេះ ក្រសួងសុខាភិបាលចាប់ផ្ដើមកែលំអសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យបង្អែកនៅទូទាំងប្រទេសជាបន្តទៀត បន្ទាប់ពីក្រសួងបានធ្វើកំណែទម្រង់សេវានេះនៅតាមមណ្ឌលសុខភាពទទួលបានជោគជ័យរួចមក។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ទីប្រឹក្សាក្រសួងសុខាភិបាល និងជាអគ្គនាយកបច្ចេកទេសសុខាភិបាលបានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ឲ្យដឹងថា ការកែលំអសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យបង្អែកនៅទូទាំងប្រទេសនេះ គឺផ្តោតសំខាន់ទៅលើការគ្រប់គ្រងមន្ទីរពេទ្យ ការផ្តល់សេវាប្រកប ដោយប្រសិទ្ធភាពខ្ពស់ បរិស្ថានល្អ អនាម័យស្អាត ក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ និងចំនួនប្រជាពលរដ្ឋទៅទទួលសេវាជាដើម។
លោកស្រីវេជ្ជបណ្ឌិតបានបន្តទៀតថា ការកែសេវាសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យបង្អែកនេះក្នុងគោលបំណងដើម្បីបង្កើនគុណភាពក្នុងការផ្តល់សេវាជួនប្រជាពលរដ្ឋនៅតាមតំបន់ជនបទ ក៏ដូចជាទីប្រជុំជនឲ្យកាន់តែប្រសើរឡើងថែមទៀតខណៈបច្ចុប្បន្នមានមន្ទីរពេទ្យបង្អែកខ្លះនៅមិនទាន់ផ្តល់សេវាជួនប្រជាពលរដ្ឋបានល្អប្រសើរនៅឡើយនោះ។
លោកស្រីអគ្គនាយកបច្ចេកទេសសុខាភិបាល បានអំពាវនាវដល់គ្រប់មន្ទីរពេទ្យបង្អែកទាំងអស់ត្រូវចូលរួមប្រឡងប្រណាំងទាំងអស់គ្នា ដើម្បីចូលរួមកែលំអសេវាសុខាភិបាលនៅប្រទេសកម្ពុជាឲ្យកាន់តែមានគុណភាពនិងប្រសិទ្ធភាពខ្ពស់។
លោកវេជ្ជបណ្ឌិត កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានប្រាប់កាលពីព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ដោយបង្ហាញនូវការគាំទ្រចំពោះក្រសួងសុខាភិបាលដែលធ្វើកំណែទម្រង់នៅតាមមន្ទីរពេទ្យបង្អែកនេះ ព្រោះថានឹងជួយបង្កើននូវទំនុកចិត្តរបស់ប្រជាពលរដ្ឋឲ្យមកប្រើប្រាស់សេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែករបស់រដ្ឋកាន់តែច្រើនថែមទៀត។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ការរៀបចំឲ្យមានការប្រឡងប្រណាំងនៅថ្នាក់មន្ទីរពេទ្យបង្អែកនេះនឹងជួយលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យទាំងអស់ ខិតខំបង្កើនការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រង កា រផ្តល់សេវា បរិស្ថាន អនាម័យនិងក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យនៅតាមមន្ទីរពេទ្យរបស់ខ្លួនបានកាន់តែប្រសើរថែមទៀតផងដែរ។
លោកវេជ្ជបណ្ឌិតបានប្ដេជ្ញាថា នឹងខិតខំកែលំអសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាព ក៏ដូចជាមន្ទីរពេទ្យបង្អែក ឲ្យកាន់តែប្រសើរឡើងដើម្បីចូលរួមប្រឡងប្រណាំងដណ្តើមយកជ័យលាភីជាមួយមន្ទីរសុខាភិបាលខេត្តផ្សេងៗទៀត។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលធ្វើកំណែទម្រង់សេវាសុខាភិបាលនៅតាមមន្ទីរពេទ្យបង្អែកនេះបន្ទាប់ពីក្រសួង បានអនុវត្តដោយជោគជោគជ័យទៅលើការកែទម្រង់សេវានៅតាមមណ្ឌលសុខភាពកាលពីឆ្នាំ២០១៧ កន្លងទៅ ដែលក្នុងនោះមានមណ្ឌលសុខភាពចំនួន៥ទទួលបានការវាយតម្លៃជាប់ចំណាត់ថ្នាក់ជាតិពីលេខ១ដល់៥ និងមណ្ឌលសុខភាពចំនួន១៧ទៀត ទទួលបានការវាយតម្លៃជាប់ចំណាត់ថ្នាក់ខេត្តលេខ១ សម្រាប់ខេត្តនីមួយៗផងដែរ៕
Source: Kampuchea Thmey Daily
0 Comments