កែប ៖ ក្រុមការងារនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពត-កែប កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ បានយកនាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន២០០ដុល្លារ ប្រគល់ជូនទៅស្ត្រីទើបតែសម្រាលកូនម្នាក់ រស់នៅក្នុងភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលជាកម្មការិនីនៃក្រុមហ៊ុនដាំម្រេចខុនហ្វឺរ៉ែល ក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប។
ជាមួយនេះ តាមរយៈក្រុមការងាររបស់មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពតនិងខេត្តកែប ស្ត្រីដែលទើបសម្រាលកូន ឈ្មោះចក់ គឹមហាយ អាយុ២១ឆ្នាំ និងប្តីឈ្មោះ សំ ជី ព្រមទាំងក្រុមគ្រួសារ សូមថ្លែងអំណរគុណដល់ក្រុមការងារ ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលតែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពិសេសគិតគូរដល់បងប្អូនកម្មករកម្មការិនីនៅទូទាំងប្រទេស។
សូមជម្រាបថា ថវិកាចំនួន២០០ដុល្លារអាមេរិកដែលក្រុមការងាររបស់មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប យកទៅប្រគល់ដល់កម្មការិនីដែលទើបតែសម្រាលកូននេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្តល់ជូនក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីក្នុងខេត្តកំពត-កែប ចំនួន១១,៧៣៨នាក់ នៅក្នុងរោងចក្រពូចិន ស្ថិតក្នុងភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីព្រឹកថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩៕
Source: Kampuchea Thmey Daily
0 Comments