សៀមរាប ៖ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ បានរៀបចំពិធីបើកសវនកម្មផ្ទៃក្រៅលើកទី១ លើប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ដោយស្ថាប័នធានាគុណភាពជប៉ុន ហៅកាត់ថា JQA (Japan Quality Assurance)។ សវនកម្មនេះ ធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤មករា។
តំណាងស្ថាប័ន JQA និងជាសវនករ លោក ម៉ាម៉ូរុ យ៉ាម៉ាដា (Mamoru YAMADA) បានធ្វើបទបង្ហាញខ្លីដើម្បីពន្យល់ពីនីតិវិធី ក៏ដូចជាគោលបំណងក្នុងការចុះធ្វើសវនកម្មប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 លើកទី១នេះ។ គោលបំណងក្នុងការធ្វើសវនកម្មនេះ គឺដើម្បីបញ្ជាក់នូវភាពអនុលោមជាប្រចាំថ្ងៃ នៃប្រព័ន្ធគ្រប់គ្រងបរិស្ថាន នៅក្នុងរយៈពេល នៃសុពលភាព៣ឆ្នាំ នៃស្តង់ដារ ISO14001: 2015 បន្តពីសវនកម្មឆ្នាំទៅមិញ។
តាមការបង្ហាញរបស់ លោក ម៉ាម៉ូរុ យ៉ាម៉ាដា ចំណុចយកចិត្តទុកដាក់នៅពេលធ្វើសវនកម្មជាថ្មីនេះ មាន៥ចំណុច។ ទី១-ប្រសិទ្ធិភាព នៃប្រព័ន្ធគ្រប់គ្រងបរិស្ថានទាំងមូល ឆ្លើយតបនឹងសភាពការប្រែប្រួលផ្ទៃក្រៅ និងផ្ទៃក្នុង។ ទី២-ភាពទាក់ទងគ្នាជាប្រចាំ ព្រមទាំងលក្ខណៈអាចអនុវត្តបាន នៃប្រព័ន្ធគ្រប់គ្រងបរិស្ថាន ឆ្លើយតបនឹងវិសាលភាព នៃវិញ្ញាបនបត្រ។ ទី៣-ប្រសិទ្ធភាព នៃប្រព័ន្ធគ្រប់គ្រងបរិស្ថាន ព្រមជាមួយការចាត់ចែងបន្ដការកែលំអ។ ទី៤-អំណោយផល នៃការអនុវត្តប្រព័ន្ធគ្រប់គ្រងទៅលើការសម្រេចគោលនយោបាយបរិស្ថាន និងគោលដៅបរិស្ថានរបស់ស្ថាប័ន និងទី៥-សវនកម្មលើកនេះ នឹងពិនិត្យអំពីស្ថានភាពកែលំអជាប្រចាំតាមរយៈការបង្វិលកង PDCA (Plan, Do, Check, Act)។
លោក សុខ លក្ខិណា ប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា និងជាតំណាងលោកអគ្គនាយកអាជ្ញាធរជាតិអប្សរា បានសម្ដែងអារម្មណ៍រីករាយ និងកោតសរសើរចំពោះការចូលរួមរបស់មន្ត្រីជំនាញជាសេនាធិការតាមនាយកដ្ឋានទាំងអស់ នៃអាជ្ញាធរជាតិអប្សរា ដែលបានចូលរួមជាប្រចាំក្នុងការងារមួយនេះ។
លោកលើកឡើងថា ទោះបីការធ្វើសវនកម្មថ្មីនេះមានភាពលំបាកខ្លះៗក៏ពិតមែន តែលោកសប្បាយរីករាយ ពេលឃើញមានការចូលរួម និងយកចិត្តទុកដាក់ពីមន្ត្រីជំនាញតាមនាយកដ្ឋាន ដែលធ្វើឲ្យការងារនេះមានលទ្ធផលល្អនាពេលកន្លងមក។
តាមរយៈការធ្វើសវនកម្មលើកនេះ លោក សុខ លក្ខិណា រំពឹងថា មន្ត្រីជំនាញតាមនាយកដ្ឋានទាំងអស់នឹងខិតខំយកចិត្តទុកដាក់ និងបន្តសហការឲ្យបានល្អជាមួយសវនករ ដើម្បីជោគជ័យថែមទៀត ក្នុងការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានថ្មីនេះ។
គួរបញ្ជាក់ថា នេះជាលើកទី៥ហើយ ដែលអាជ្ញាធរជាតិអប្សរាទទួលវិញ្ញាបនបត្រស្តង់ដារ ISO។ ក្នុងនោះ លើកទី១ ឆ្នាំ២០០៦ វិញ្ញាបនបត្រ ISO 14001 ដោយមានស្ថាប័នជប៉ុនទាំង៤ មាន JQA, Sophia, ISRI, JQAI នៅបន្តជួយជាបច្ចេកទេសដើម្បីជំរុញការងារប្រព័ន្ធគ្រប់គ្រងបរិស្ថាននេះឲ្យដំណើរការជាប្រក្រតី។ លើកទី២ ឆ្នាំ២០០៩ លើកទី៣ឆ្នាំ២០១២ ទី៤ ឆ្នាំ២០១៥ ទទួលបានវិញ្ញាបនបត្រ ISO 14001 តាមរយៈការវាយតម្លៃ និងផ្តល់វិញ្ញាបនបត្រនេះដោយស្ថាប័ន JQA និងទី៥ ឆ្នាំ២០១៨ វិញ្ញាបនបត្រ ISO 14001:2015 តាមរយៈការវាយតម្លៃ និងផ្តល់វិញ្ញាបនបត្រនេះដោយស្ថាប័ន JQA៕
Source: Kampuchea Thmey Daily
0 Comments