ក្លិបបាល់ទាត់ភ្នំពេញក្រោន សមាជិកពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) បានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ល្ងាចថ្ងៃច័ន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩ សប្ដាហ៍នេះថា លោក Dean Whitehouse ដែលជាគ្រូជំនាញរបស់អង្គការ PFSA (Professional Football Scouts Association) និងជាប្រធានផ្នែកអភិវឌ្ឍន៍យុវជននៅក្លឹប Manchester United នៅប្រទេសអង់គ្លេស បានចូលរួមចែករំលែកពីបទពិសោធន៍បាល់ទាត់ដល់ក្រុមការងារគ្រូបង្វឹកនៅក្លិបភ្នំពេញក្រោន។
កម្មវិធីនេះ ក៏មានការចូលរួមពីលោក David Hobson ប្រធានអង្គការ PFSA ផងដែរ ខណៈក្រុមយុវជនរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោនទាំងបីកម្រិតរួមមានគ្រូយុវជនថ្នាល គ្រូសហគមន៍ និងគ្រូបង្វឹកក្រុមអេលីត ជាអ្នកចូលរួមក្រេបយកចំណេះដឹង។ វគ្គបណ្តុះបណ្តាលនេះបានធ្វើឡើងនៅល្ងាចថ្ងៃច័ន្ទ លើទីលានកីឡដ្ឋាន RSN Stadium ក្នុងរាជធានីភ្នំពេញ។
ប្រភពបានបញ្ជាក់ថា គោលដៅនៃវគ្គបណ្តុះបណ្តាលខ្លីនេះធ្វើឡើងក្នុងគោលបំណងដើម្បីចូលរួមអភិវឌ្ឍន៍វិស័យបាល់ទាត់ពិសេសផ្តោតលើយុវជននៅប្រទេសកម្ពុជាតែម្តង ស្របពេលដែលគ្រូបង្វឹកបរទេសទាំងពីរបានធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រុមហ៊ុន Smart Axiata ព្រមទាំងបានចូលរួមក្នុងកម្មវីធី Smart Community Cup 2019 រយៈពេលពីរថ្ងៃរួចមកហើយនៅកីឡដ្ឋាន RSN កាលពីពេលថ្មីៗ។
សូមរំលឹកថា ក្រុមភ្នំពេញក្រោន ជាក្រុមបាល់ទាត់នៅក្នុងស្រុកមួយដែលបណ្តុះបណ្តាលកីឡាករយុវជនបានច្រើនគិតចាប់តាំងពីឆ្នាំ២០១១មក ខណៈក្រុមនេះតែងតែនាំយកអ្នកជំនាញមកពីបរទេស ឬ គ្រូបង្វឹកមកដឹកនាំក្រុមដើម្បីពង្រឹងសមត្ថភាពកូនក្រុមទាំងនៅក្នុងយុវជនថ្នាលនិងក្រុមឈុតធំផងដែរ។ នេះជាកត្តាវិជ្ជមានមួយសម្រាប់បាល់ទាត់កម្ពុជា ដែលបានទទួលយកបទពិសោធន៍ពីអ្នកជំនាញមកពីក្រៅប្រទេស៕
Source: Kampuchea Thmey Daily
0 Comments