Ad Code

លោក Moon ជំរុញ​មេដឹកនាំ​ជប៉ុន​កុំ​ឲ្យ​យក​បញ្ហា​ពលកម្ម​ដោយ​បង្ខំ​ធ្វើជា​រឿង នយោបាយ​



ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Moon Jae-in បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា បណ្តា​មេដឹកនាំ​នយោបាយ​របស់​ប្រទេស​ជប៉ុន​មិនគួរ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណងទាក់ទង​ទ្វេភាគី​ដោយ​ការ​បង្វែរ​បញ្ហា​របស់​ប្រជាជន​កូរ៉េខាងត្បូង​ដែល​ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើការ​ដោយ​ក្រុមហ៊ុន​ជប៉ុន​អំឡុង​សង្គ្រាមលោកលើកទីពីរ​ឲ្យ​ក្លាយទៅជា​រឿង​នយោបាយ​ទេ​។​

ទំនាក់ទំនង​រវាង​ប្រទេសជិតខាង​អាស៊ី​ខាងកើត​ទាំង​ពីរបាន​ធ្លាក់ចុះ​ចាប់តាំងពី​តុលាការ​កំពូល​របស់​កូរ៉េខាងត្បូង​បានសម្រេច​កាលពី​ខែតុលា​ថា ក្រុមហ៊ុន Nippon Steel & Sumitomo Metal Corp គួរតែ​ផ្តល់​សំណង​ដល់​អតីត​កម្មករ​ចំនួន​៤​នាក់​។​

កាលពី​ថ្ងៃ​ពុធ ក្រុង​តូ​ក្យូ​បានទាមទារ​ឲ្យ​មានការ​ពិគ្រោះ​យោបល់​ផ្នែក​ការទូត​ជាមួយ​ទីក្រុង​សេ​អ៊ូ​ល​បន្ទាប់ពី​តុលាការ​កូរ៉េខាងត្បូង​បានអនុម័ត​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ក្នុងស្រុក​ដោយ​ផ្នែក​របស់​ក្រុមហ៊ុន​ផលិត​ដែក​ជប៉ុន​ដោយ​ហៅ​ទង្វើ​នេះ​ថា​ជា “​ការសោកស្តាយ​ជាទីបំផុត​”​។​

លោក Moon បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​បង្កើន​អាកប្បកិរិយា​រម្យទម​ជាង​មុន​ចំពោះ​បញ្ហា​សម័យ​សង្គ្រាម​និង​ត្រូវគោរព​សេចក្តីសម្រេច​របស់​តុលា​ការដែល​ក្នុងនោះ​លោក​បាន​និយាយថា រដ្ឋបាល​របស់លោក​មិនអាច​ប្រើ​ឥទ្ធិពល​ណាមួយ​បានឡើយ​។​

លោក Moon បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​យើង​បាន​និយាយថា យើង​គួរតែ​បន្ត​ការពិភាក្សា​ផ្នែក​ការទូត​ស្តីពី​បញ្ហា​នេះហើយ​មិនគួរ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​របស់​យើង​ជាមួយ​ប្រទេស​ជប៉ុន​ទេ​”​។ លោក​បន្តថា “​ខ្ញុំ​មិន​គិតថា វា​ជាការ​ឈ្លាសវៃ​ទេ​សម្រាប់​អ្នកនយោបាយ​និង​មេដឹកនាំ​ជប៉ុន​ដែល​បន្ត​ប្រើប្រាស់​រឿងនេះ​ឲ្យ​ក្លាយទៅជា​រឿង​នយោបាយ​”​។​

កូរ៉េខាងត្បូង​និង​ជប៉ុន​បាន​ចែករំលែក​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​ដូចជា​ការធ្វើ​អាណានិគមនិយម​របស់​ប្រទេស​ជប៉ុន​ឆ្នាំ​១៩១០-៤៥​លើ​ឧបទ្វីប​កូរ៉េ​, ការកៀងគរ​កម្លាំង​ពលកម្ម​ទាំង​បង្ខំ​នៅ​ក្រុមហ៊ុន​ជប៉ុន​និង​ការប្រើប្រាស់​ទាសករ​ផ្លូវភេទ​ឲ្យ​ធ្វើការ​នៅក្នុង​ផ្ទះបន​សម័យ​សង្គ្រាម​របស់​ខ្លួន៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu