Ad Code

មាន​អតីតមន្ត្រី​ជាន់ខ្ពស់ CNRP ចំនួន​២​នាក់​ហើយ បានដាក់​លិខិត​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ



ភ្នំពេញ​ ៖ រហូតមកដល់​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩ មាន​អតីតមន្ត្រី​ជាន់ខ្ពស់ CNRP ដែល​ត្រូវបាន​ហាមឃាត់​សកម្ម​ភាណ​នយោបាយ​ចំនួន​២​នាក់​ហើយ បាន​ដាក់​លិខិត​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ហើយ​អ្នក​ទាំងពីរ​នោះ គឺ​ទី​១. លោក គង់ គាំ អតីត​ឧ​ត្ត​ម​ទីប្រឹក្សា​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីត​មនុស្ស​ជំនិត​របស់​លោក សម រ​ង្ស៉ី និង​ទី​២. លោក គង់ បូរ៉ា អតីត​សមាជិក​គណៈកម្មាធិការ​នាយក និង​ជា​តំណាងរាស្ត្រ​ម​ណ្ឌ​ព្រៃវែង នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​មាន​ប្រសាសន៍​ប្រាប់​កម្ពុជាថ្មី កាលពី​ល្ងាច​ថ្ងៃទី​០៩ ខែមករា ថា “​ក្នុងចំណោម​១១៨​រូប ថ្ងៃនេះ​យើង​ទទួល​បាន​២​រូប​។ មួយរូប​នោះ គឺ​លោក គង់ គាំ បានមក​ដាក់​នៅ​ម៉ោង​១០ និង​៣០ នាទី​ព្រឹក​។ ដោយឡែក​នៅ​ម៉ោង​១៥ និង​២០​នាទី គឺ​បាន​ទទួល​ពី​លោក គង់ បូរ៉ា ហើយ​យើង​កំពុងតែ​រៀបចំ​នីតិវិធី​បញ្ជូន​បន្ត ដើម្បី​សុំ​សេចក្តីសម្រេច​"​។

ចំណែក​នៅក្នុង​លិខិត​របស់លោក គង់ គាំ និង​លោក គង់ បូរ៉ា ដែល​បាន​ដាក់ជូន​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​០៩ ខែមករា បាន​បញ្ជាក់​ប្រហាក់ប្រហែល​គ្នា​ថា លោក​មាន​សេចក្តី​រីករាយ ចំពោះ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​មាត្រា​៤៥ ថ្មី​(​ស្ទួន​មួយ​) បើក​ឲ្យ​អ្នកនយោបាយ​ជាប់​គំរាម អាច​ទទួល​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី និង​តាម​សេចក្តី​ស្នើសុំ​របស់​នាយក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ លិខិត​បញ្ជាក់​ថា “​តាម​សំណើ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​ សូម​សម្ដេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី មេត្តា​ពិនិត្យ និង​ស្នើសុំ​ដើម្បី​សម្ដេចនាយក​រដ្ឋមន្ត្រី បន្ត​ទូល​ថ្វាយ​ព្រះមហាក្សត្រ​សូម​ព្រះអង្គ​ព្រះមេត្តា​ជួយ​ឲ្យ​ខ្ញុំ​រួច​ផុតពី​បម្រាម​នយោបាយ​មុន​កាលកំណត់​របស់​សាលដីកា​តុលាការ​កំពូល ដោយ​អនុគ្រោះ​”​។

ទាក់ទង​បញ្ហា​នេះ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើកឡើងថា “​ទ្វារ​បើក​ហើយ ចង់​ចូល​ចូល មិនបាច់​អូសទាញ​ទេ​”​។ លោក​បញ្ជាក់​ថា ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រូវបាន​ស្ថាប័ន​នីតិប្បញ្ញត្តិ​អនុម័ត​រួចហើយ​។ ចំណែក​ព្រះមហាក្សត្រ​ក៏បាន​ទ្រង់​ឡាយ​ព្រះហស្ថលេខា​លើ​ព្រះរាជក្រម​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​រួចហើយ​ដែរ ដូច្នេះ​ទ្វារ​បាន​បើកចំហ​រហើយ អ្នកនយោបាយ​ណា​ចង់បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ អាច​មាន​សិទ្ធិ​សុំ​បាន​ដោយ​សេរី តែបើ​មិន​ចង់​បានទេ ក៏​ជា​សិទ្ធិ​របស់​សាមី​ជន​ម្នាក់ៗ​ដែរ គ្មាន​ពាក់ព័ន្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​គ្មាន​ប្រយោជន៍​អី​ទៅធ្វើ​ការ​អូសទាញ​ដោយ​ប្រការ​ណាមួយ​ដែរ​។ ដូច្នេះ​រឿង​នេះ គឺជា​រឿង និង​ជា​សិទ្ធិ​របស់​សាមី​ជន​ម្នាក់ៗ​តែប៉ុណ្ណោះ​។

សូម​បញ្ជាក់​ថា សេចក្តី​ស្នើ​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តី​ពី​គណបក្សនយោបាយ ដែលជា​ការ​បើកផ្លូវ​ឲ្យ​អ្នកនយោបាយ​ជាប់​បម្រាម អាចធ្វើ​សកម្មភាព​នយោបាយ​រប​ស់​ខ្លួន​ឡើងវិញ​នោះ ត្រូវបាន​ចុះហត្ថលេខា​ដោយ​តំណាងរាស្ត្រ​ចំនួន​៨៧​រូប ហើយ​ត្រូវ​រដ្ឋសភា​អនុម័ត​កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ និង​ត្រូវបាន​ឲ្យ​យោបល់​ឯកភាព​ទាំងស្រុង​ដោយ ព្រឹទ្ធសភា កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨​។

សេចក្តីស្នើច្បាប់​នេះ បាន​បន្ថែម​នូវ​វា​ក្ស​ខណ្ឌ​មួយ​ថ្មី​ក្នុង​មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ​) គឺ បុគ្គល​ត្រូវបាន​តុលាការ​សម្រេច​ហាមឃាត់​ការ ធ្វើ​សកម្មភាព​នយោបាយ មិនអាច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ណាមួយ ឬ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត ឬ​ធ្វើ​សកម្មភាព​ណា មួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បាន​ឡើយ​។ បុគ្គល​ដែល​បាន​តុលាការ សម្រេច​ហាមឃាត់​ការ​ធ្វើសកម្មភាព​នយោបាយ​នេះ នឹង​អាច​ទទួល​បាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់ បន្ទាប់ពី​ផុត​រយៈពេល​នៃ​ការ​ហាមឃាត់ ដែល​កំណត់ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬ​ក្នុងករណី​ដែល​បុគ្គល​នោះ​ត្រូវ​បានផ្តល់​នីតិសម្បទា​ឡើងវិញ​ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី តាម​សេចក្តីស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu