Ad Code

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ទទួល​ជួប​សម្ដែង​ការគួរសម​ពិភាក្សា​ការងារ ជាមួយ​លេខាធិការ​មជ្ឈិម​បក្ស កុម្មុយនីស្ត​វៀតណាម



ភ្នំពេញ ៖ លោកជំទាវ កិ​ត្ដិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អនុញ្ញាត​ទទួល​ជួប​លោក ត្រឹង កឹម​ទូ (Tran Kam Tu) លេខាធិការ​ម​ជ្ឈិម​បក្ស និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ ម​ជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម ដើម្បី​ពិភាក្សា​ការងារ និង​សម្តែង​ការគួរសម ក្នុង​គោលបំណង ប្រតិបត្ដិការ​ទំនាក់ទំនង ជាមួយគ្នា​ឲ្យ​កាន់តែ​ជិតស្និទ្ធ ក្នុង​ក្របខណ្ឌ​បងប្អូន​តែមួយ ។ ជំនួប​នេះ បាន​ប្រព្រឹត្ត​ទៅ​កាលពី​រសៀល ថ្ងៃ​ព្រហស្បតិ៍ ៥​កើត ខែបុស្ស ឆ្នាំច​សំ​រិ​ទ្ធិ​ស័ក​ព​.​ស​២៥៦២​ត្រូវ​និង​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩ នៅ​ទីស្ដីការក្រសួង​។



ក្នុង​ឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​មែន សំអន បាន​បញ្ជាក់​ថា កាលពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ ពោល​គឺ​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៩ កម្ពុជា​បាន​រៀប​ចំ​ពិធី អបអរសាទរ​ខួប​ទី​៤០ ថ្ងៃជ័យ​ជម្នះ​៧​មករា (៧​មករា ១៩៧៩-៧​មករា ២០១៩)​យ៉ាង​អធិក អធម​។ ថ្ងៃ ៧​មករា ឆ្នាំ​១៩៧៩ ត្រូវ​បាន​ប្រជាពលរដ្ឋ​កម្ពុជា​ចង ចាំ និង​ចាត់ទុកថា​ជា​ថ្ងៃកំណើត​ទី​២ ជា​សករាជ​ថ្មី ដែល​នាំ​ឲ្យ​កម្ពុជា​បាន​ស្គាល់​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ដូច​សព្វថ្ងៃ​នេះ​។



លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​ថ្លែងអំណរគុណ​ចំពោះ​បក្ស​កុម្មុយនីស្ត​វៀតណាម ប្រជាជន និង​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន រួមចំណែក យ៉ាង​ធំធេង ក្នុង​ការ​ជួយ​រំដោះប្រជាជន​កម្ពុជា ឲ្យ​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍ ប៉ុលពត​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​បញ្ជាក់​ថា រយៈពេល​៤០​ឆ្នាំ​មកនេះ កម្ពុជា បាន​ខិតខំ​យ៉ាង​លំបាក ក្នុងការ​ស្តារ កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យ​មាន​ការ​រីកចម្រើន​ដូច​ពេល​បច្ចុប្បន្ន ដោយមាន​ការ​ជួយឧបត្ថម្ភ គាំទ្រ ពី​មិត្ត​ភ័ក្តិ​ប្រទេស ជា​មិត្ត​ជិត​ឆ្ងាយ ជាពិសេស គឺ​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម​។



លោក ត្រឹង កឹម​ទូ (Tran Kam Tu) បាន​សម្តែង​ការអបអរសាទរ ចំពោះ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា លើ​គ្រប់​វិស័យ​។ លោក​ក៏បាន​អបអរសាទរ​ផង​ដែរ ចំពោះ​លទ្ធផល​បោះឆ្នោត​ជ្រើសតាំង សមាជិក​រដ្ឋសភា​នីតិកាល​ទី​៦ នា​ពេល​កន្លង ទៅ​។ ក្រោម​ម្លប់​របស់​ព្រះករុណា​ព្រះមហាក្សត្រ និង​ក្រោម ការដឹកនាំ​របស់​សភា រាជរដ្ឋាភិបាល ប្រទេស​កម្ពុជា​នឹង​ទទួល បាន​ជោគជ័យ​ថ្មីៗ​បន្ត​ទៀត​ផង​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu