ព្រៃវែង ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ បានបណ្ដាលឲ្យមន្ត្រីនគរបាល និងក្រុមគ្រួសារសរុបចំនួន6នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដែលបង្កឡើងដោយរថយន្តបែនបុកជាមួយនឹងរថយន្ត highlander។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យសង្វេគខាងលើ បានកើតឡើងកាលពីយប់ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ1 ចន្លោះគីឡូម៉ែត្រលេខ 91-92 ស្ថិតក្នុងភូមិជ្រលង ឃុំប្រាសាទស្រុក កំពង់ត្របែក ខេត្តព្រៃវែង វេលាម៉ោង22និង45នាទី។
ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ លោក សួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែកបានឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ខាងលើ គឺបង្កឡើងដោយ រថយន្តបែន B1 ពាក់ស្លាកលេខខេមរភូមិន្ទ4.9457 បើកបរដោយជនមិនស្គាល់មុខ ព្រោះក្រោយពីបង្ក បានរត់គេចខ្លួនបាត់ ធ្វើដំណើរក្នុងទិសដៅពីកើត ទៅលិច ហើយពេលដល់ចំណុចកើតហេតុខាងលើ រថយន្តបែនបានបើករេចង្កូតទៅបុកជាមួយនឹងរថយន្តហាយឡេនឌឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2.AI.8096 របស់មន្ត្រីនគរបាល ដែលបើកបរដោយ ឈ្មោះ ប៉ែន សៅសុមេធា ដែលជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំថ្កូវ ស្រុកកំពង់ត្របែក ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ពីលិចទៅកើត យ៉ាងពេញទំហឹង ធ្វើឲ្យរថយន្តទាំង២គ្រឿង ធ្លាក់ទៅចិញ្ចើមខាងត្បូងថ្នល់ និងបណ្ដាលឲ្យអ្នកជិះនៅក្នុងរថយន្តហាយឡេនឌឺ មួយគ្រួសារមានគ្នាចំនួន 6 នាក់ គឺស្លាប់ទាំងអស់តែម្ដង។
ជនរងគ្រោះមាន ទី1 -ឈ្មោះ ប៉ែន សៅសុមេធា ភេទប្រុស អាយុ28ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំថ្កូវ
ទី2-ឈ្មោះ ឃឹម គា ភេទប្រុស អាយុ58ឆ្នាំ
ទី3-ឈ្មោះ ឌី វណ្ណៈ ភេទប្រុស អាយុ1ឆ្នាំកន្លះ
ទី4-ឈ្មោះ សាក់ វណ្ណី ភេទប្រុស អាយុ 28 ឆ្នាំ
ទី5-ឈ្មោះ មោគ សុភាព ភេទស្រី អាយុ 49 ឆ្នាំ
ទី6-ឈ្មោះ ទ្បាយ ស្រីនិច ភេទស្រី អាយុ 24ឆ្នាំ អ្នកទាំង6នាក់ ជាក្រុមគ្រួសារតែមួយ រស់នៅក្នុងភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុធ្ វើការវាស់វែង។ ហើយសពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្ន រថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្តប៉ែន មកទទួលខុសត្រូវចំពោះមុខច្បាប់៕
Source: Kampuchea Thmey Daily
0 Comments