ឧត្តរមានជ័យ ៖ នៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង២០និង០០នាទី លើផ្លូវជាតិលេខ៦៨ ចន្លោះបង្គោលគីឡូម៉ែត្រ ៨៩-៩០ ភូមិចំប៉ាសុខ សង្កាត់កូនគ្រៀល ក្រុងសំរោង មានកើតករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងគោយន្តកន្ត្រៃ បើកបរស្របទិសគ្នា ពីជើង ទៅត្បូង បណ្តាលឲ្យរងរបួសមនុស្សចំនួន៣នាក់ (ធ្ងន់)។
ជនរងគ្រោះទាំង៣នាក់ខាងលើ ទី១- ឈ្មោះ យ៉េន ហៀត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោង (អ្នកបើកគោយន្ដកន្ត្រៃ)។
ទី២-ឈ្មោះ ពេជ្រ ចំបក់ ភេទស្រី អាយុ២០ឆ្នាំ មុខរបរកសិករ រស់នៅភូមិជាមួយគ្នា ត្រូវជាប្រពន្ធអ្នកបើកបរ (អ្នករួមដំណើរ)។
ទី៣-ឈ្មោះ ពេជ្រ សួយ ភេទប្រុស អាយុ០៧ឆ្នាំ ជាសិស្ស រស់នៅភូមិជាមួយគ្នា ត្រូវជាក្មួយអ្នកបើកបរ (អ្នករួមដំណើរ)។
ក្រោយកើតហេតុ ភាគីអ្នកបើកបររថយន្តបង្ក ម៉ាកតូយ៉ូតាតាកូម៉ា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ២M- ២៣៨២ (មិនស្គាល់អត្តសញ្ញាណ) បានចុះពីលើរថយន្តរត់គេចខ្លួនបាត់ ទុករថយន្តចោលនៅកន្លែងកើតហេតុ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍កូនគ្រៀល បានសហការជាមួយកម្លាំងជំនាញចរាចរណ៍ក្រុង ចុះទៅដល់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ ហៅឡានពេទ្យដឹកជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងធ្វើការវាស់វែងទីកន្លែងកើតហេតុ។ រីឯវត្ថុតាង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសំរោង រង់ចាំដោះស្រាយគ្នាតាមក្រោយ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តតាកូម៉ា បើកបរល្បឿនលឿន ចាប់ហ្វ្រាំងមិនជាប់ ក៏បុកគោយន្តកន្ត្រៃពីក្រោយតែម្ដង៕
Source: Kampuchea Thmey Daily
0 Comments