Ad Code

រដ្ឋមន្ត្រី​ចំនួន​ពីរ​រូប​របស់​កម្ពុជា​-​រុស្ស៊ី បាន​ឯកភាព​គ្នា​ពង្រីក​ទំនាក់ទំនង​លើ​ផ្នែក​ពាណិជ្ជកម្ម វិនិយោគ និង​សេដ្ឋកិច្ច



ភ្នំពេញ​ ៖ ការ​ឯកភាព​គ្នា​ក្នុង​ការ​ពង្រីក​ទំនាក់ទំនង​លើ​ផ្នែក​ពាណិជ្ជកម្ម វិនិយោគ និង​សេដ្ឋកិច្ច​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា​-​រុស្ស៊ី ស្តីពី​កិច្ច​សហប្រតិបត្តិការ​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និង​បច្ចេកទេស កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩ ដែល​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​កម្ពុជា និង​លោក ឌី​មី​ត​ទ្រី កូ​ប៊ិ​ល​គីន រដ្ឋមន្ត្រីក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន​នៃ​សហព័ន្ធរុស្ស៊ី​។

តាម​លទ្ធផល​ស្តីពី​កិច្ចប្រជុំ​នោះ រដ្ឋមន្ត្រី​ទាំងពីរ​បាន​រំលឹក​អំពី​ដំណើរ​ទស្សនកិច្ច​ទៅវិញទៅមក​របស់​នាយ​ក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ កាលពី​ឆ្នាំ​២០១៥ និង​២០១៦ ដែល​បាន​ធ្វើ​ឲ្យ​មិត្ត​ភាពជា​ប្រពៃណី​រវាង​កម្ពុជា​និង​រុស្ស៊ី​កាន់​តែ​មាន​ភាពរឹងមាំ និង​ធ្វើ​ឲ្យ​រស់​រវើក​ឡើងវិញ​នូវ​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដែល​ផ្តល់​ផលប្រយោជន៍​រួម តាមរយៈ​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាច្រើន​។ ជាង​នេះ​ទៅ​ទៀត រដ្ឋមន្ត្រី​ទាំងពីរ​បាន​គូស​បញ្ជាក់​ថា កិច្ចប្រជុំ​ប្រកបដោយ​ផ្លែផ្កា​រវាង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​នៅ​ទីក្រុង​ប្រ៊ុ​ច​ស៊ែ​ល កាលពី​ខែតុលា ឆ្នាំ​២០១៨ ក៏ដូចជា​កិច្ចសន្ទនា​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ប្រធានាធិបតី​រុស្ស៊ី ឯកឧត្តម វ្ល៉ា​ឌី​មៀរ ពូ​ទីន នៅ​ប្រទេស​សិង្ហ​បុរី កាលពី​ខែវិច្ឆិកា កន្លងទៅ មិន​ត្រឹមតែ​ពង្រឹង​បន្ថែម​នូវ​ជំនឿ​ជាក់​ផ្នែក​នយោបាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ផ្តល់​នូវ​លទ្ធភាព​ថ្មី និង​ទូលំទូលាយ ដើម្បី​លើកកម្ពស់​ភាពជា​ដៃគូ​ទ្វេភាគី ឲ្យ​កាន់តែ​ខ្ពស់​មួយ​កម្រិត​ទៀត​។

កិច្ច​ប្រជុំបាន​ពិនិត្យឡើងវិញ​នូវ​កិច្ចព្រមព្រៀង​ចំនួន​៤៤ ដែល​បាន​ចុះហត្ថលេខា ចាប់តាំងពី​ឆ្នាំ​២០១៥ មក និង​បាន​កត់​សំគាល់​ថា ការអនុវត្ត​កិច្ចព្រមព្រៀង​មួយចំនួន​មាន​ការវិវត្ត​គួរ​ឲ្យ​លើកទឹកចិត្ត​។ សហប្រធាន​ទាំងពីរ បាន​ឯកភាព​ជំរុញ​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​ប្រកាន់យក​នូវ​វិធានការ​សកម្ម​ក្នុង​ការធានា​ការអនុវត្ត​កិច្ចព្រមព្រៀង​ដទៃទៀត ឲ្យ​បាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព​។ លើស​ពី​នេះ​ទៅ​ទៀត ឯកឧត្តម​សហប្រធាន ក៏បាន​ពិភាក្សា​ពី​បច្ចុប្បន្នភាព​នៃ​កិច្ចព្រមព្រៀង​ចំនួន​ជាង​១០ ផ្សេងទៀត ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​ចរចា និង​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​ក្នុងការ​បញ្ចប់​ការចរចា​លើ​ឯកសារ​ទាំងនេះ​ឲ្យ​បាន​ឆាប់រហ័ស​។



រដ្ឋមន្ត្រី​ទាំងពីរ បាន​ឯកភាព​លើ​វិធានការ​ជាក់លាក់​ថ្មីៗ ក្នុងការ​ពង្រីក​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម វិនិយោគ និង​សេដ្ឋកិច្ច​។ ប្រទេស​ទាំងពីរ មាន​សក្តានុពល​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​រ៉ែ វា​រី​អគ្គិសនី ឧស្ម័ន​ធម្មជាតិ និង​ប្រេង ការដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍ (ICT) គ្រឿងយន្ត​ធុន​ធ្ងន់ ឧស្សាហកម្ម​កែច្នៃ និង​ផលិតផល​កសិកម្ម​ជាដើម​។ រដ្ឋ​មន្ត្រី​ទាំងពីរ បាន​ផ្តល់​សារៈសំខាន់​ខ្ពស់​ចំពោះ​ការ​ចែករំលែក​ព័ត៌មាន​ទាក់ទង​នឹង​ពិព័រណ៍​ធុរកិច្ច វេទិកា​ធុរកិច្ច និង​ព្រឹត្តិការណ៍​ជំរុញ​ពាណិជ្ជកម្ម​នានា និង​បាន​ឯកភាព​ជួយ​ព​ន្លឿ​ន​ការបង្កើត​យន្តការ ដែល​អាច​ជួយ​សម្រួល​ដ​ល់​ការ​ផ្លាស់ប្តូរ​ព័ត៌មាន​វិនិយោគ​។ កម្ពុជា​រង់ចាំ​ទទួល​ស្វាគមន៍​ក្រុមហ៊ុន​រុស្ស៊ី មក​ចូលរួម​ក្នុង​កម្មវិធី “​ពិ​ព័រ​ណ៌​ផលិតផល​កម្ពុជា​និង​ផលិតផល​នាំចេញ​” ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៥-១៨ ខែធ្នូ ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ​។ តាម​សេចក្តីប្រកាស​​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​នោះ រុស្ស៊ី នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​ជាន់ខ្ពស់​លើក​ទី​២ ស្តីពី​ការលើកកម្ពស់​គម្រោង​វិនិយោគ​រួមគ្នា ក្នុងពេល​អនាគត​ដ៏​ខ្លី​ខាងមុខ ដើម្បី​ពិនិត្យឡើងវិញ​នូវ​បញ្ជី​ឈ្មោះ​គម្រោង​នានា​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​វិនិយោគ រវាង​កម្ពុជា​-​រុស្ស៊ី រហូតដល់​ឆ្នាំ​២០២០ និង​សហការ​អភិវឌ្ឍ​គម្រោង​លម្អិត​រួមគ្នា​។ បន្ថែម​លើ​នេះ រុស្ស៊ី​បានបញ្ជាក់​ឡើងវិញ​នូវ​ការគាំទ្រ​របស់ខ្លួន​ចំពោះ​បំណង​របស់​កម្ពុជា ដែល​ចង់​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី (EAEU)​។

ជាមួយគ្នា​នោះ កិច្ចប្រជុំ​បានកត់សម្គាល់​ប្រកបដោយ​សុទិដ្ឋិនិយម ចំពោះ​វឌ្ឍនភាព​នៃ​ភាពជា​ដៃគូ​សក្តានុពល​ក្នុង​វិស័យ​ការពារ​បរិស្ថាន និង​ថាមពល​នុយក្លេអ៊ែរ​ក្នុង​គោលបំណង​សន្តិភាព។ រដ្ឋមន្ត្រី​ទាំងពីរ បាន​ស្វាគមន៍​ចំពោះ​បំណង​របស់​ប្រទេស​ទាំងពីរ ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​លើ​វិស័យ​ការពារ​បរិស្ថាន ការគ្រប់គ្រង​កាកសំណល់ ទឹកស្អាត និង​ការអភិវឌ្ឍ​ទីក្រុង និង​បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​ការអភិវឌ្ឍ​ធនធានមនុស្ស នៅក្នុង​វិស័យ​ថាមពលនុយក្លេអ៊ែរ​ក្នុង​គោលបំណង​សន្តិភាព ការបង្កើត​ឲ្យ​បាន​ឆាប់​នូវ​មជ្ឈមណ្ឌល​ព័ត៌មាន​ស្តីពី​ថាមពលនុយក្លេអ៊ែរ និង​ការ​បញ្ចប់​ការចរចា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​។

​កិច្ចប្រជុំ​ក៏បាន​កំណត់​វិធានការ​ជាក់លាក់ ដើម្បី​ជំរុញ​បន្ថែមទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​ក្នុង​វិស័យ​អប់រំ វប្បធម៌ ទេសចរណ៍ និង​សុខាភិបាល​។ ភាគី​រុស្ស៊ី​បាន​យល់ព្រម​ពិចារណា​បង្កើន​ចំនួន​អាហារូបករណ៍​ប្រចាំឆ្នាំ​សម្រាប់​និស្សិត​កម្ពុជា ហើយ​បានបញ្ជាក់​ជាថ្មី​ពី​ការ​គាំទ្រ​ជា​គោលការណ៍​របស់​ខ្លួន ក្នុងការ​ស្តារ និង​ជួសជុល​ប្រាសាទព្រះវិហារ ហើយ​អង្គប្រជុំ ក៏បាន​លើកឡើង​ពី​ការសិក្សា​ពី​លទ្ធភាព​ធ្វើ​ទំនើបកម្ម​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ខែមីនា ឆ្នាំ​២០១៩​ខាងមុខ ហើយ​រដ្ឋមន្ត្រី​ទាំងពីរ បាន​ឯកភាព​បន្ត​ការពិភាក្សា​លើ​លទ្ធភាព​បើក​ឲ្យ​មាន​ជើងហោះហើរ​ត្រង់​រវាង​កម្ពុជា និង​រុស្ស៊ី​។

កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​សម័យប្រជុំ​លើក​ទី​១១ នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា​-​រុស្ស៊ី នៅ​ឆ្នាំ​២០២០ ដែល​ក្នុងឱកាស​នោះ កិច្ចព្រមព្រៀងទ្វេភាគី​មួយចំនួន នឹង​ត្រូវ​បាន​ចុះហត្ថលេខា ហើយ​ភាគី​រុស្ស៊ី នឹង​អមដំណើរ​ដោយ​គណៈប្រតិភូ​ធុរកិច្ច​រុស្ស៊ី​មួយក្រុម​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu