Ad Code

បើក​រថយន្ត​ ទៅ​បុក​អ្នក​ថ្មើរ​ជើង បួង​ចង្កូត​ក្រឡាប់​ បង្ក​ឲ្យ​មាន​អ្នក​របួសធ្ងន់​ស្រាល​៥​នាក់​



​តាកែវ ៖ រថយន្ត​តាក់ស៊ី​ ដឹក​អ្នកដំណើរ​ប្រភេទ​សាំ​យ៉ុង​មួយគ្រឿង ​បួង​ចង្កូត​ក្រឡាប់ ​បណ្តាល​ឲ្យ​អ្នកដំណើរ​ក្នុង​រថយន្ត​រងរបួស​ធ្ងន់​ស្រាល​៤​នាក់ ​បន្ទាប់ពី​បើក​បុក​អ្នក​ថ្មើរ​ជើង​ម្នាក់​ នៅ​ស្រុក​ត្រាំកក់​។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩​និង​១០​នាទី ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ​៩២-៩៣ ក្នុង​ភូមិ​បឹង​ម្កាក់ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ​។

តាម​ការ​ឲ្យ​ដឹង​ពី​ប៉ូលិស​ស្រុក​ត្រាំកក់​បាន​ប្រាប់ថា ពិតជា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​រវាង​រថយន្ត​ និង​អ្នក​ថ្មើរជើង ហើយ​បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ប្រាកដ​មែន ដោយ​រថយន្ត​បង្ក​ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាកលេខ ភ្នំពេញ 2Q-1074 (​អ្នកបើកបរ​គេចខ្លួនបាត់​) ដែល​បើកបរ​មកពី​ទិសខាងកើត លុះ​បើកបរ​មកដល់​ចំណុច​ខាងលើ​ ក៏បាន​បុក​អ្នក​ថ្មើរ​ជើង​ម្នាក់ ​ភេទ​ប្រុស​ មិនទាន់​ស្គាល់​អត្តសញ្ញាណ​ពិតប្រាកដ (​វិកល​ចរិត​) ដែល​ដើរ​មកពី​ទិស​ខាងលិច បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។

បន្ទាប់ពី​បុក​អ្នក​ថ្មើរ​ជើង​ រថយន្ត​បាន​ក្រឡាប់​ ធ្វើ​ឲ្យ​អ្នកដំណើរ​ក្នុង​រថយន្ត​ខាងលើ​រងរបួស​ធ្ងន់​ស្រាល​ចំនួន​៤​នាក់​គឺ ទី​១​-ឈ្មោះ ហួន កាយ ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​លក់ដូរ នៅ​ភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត ស្រុក​កំពង់ត្រាច ខេត្ត​កំពត (​រង​របួស​ស្រាល​)​។ ទី​២-​ឈ្មោះ រស្មី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​លក់ដូរ នៅ​ភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត ស្រុក​កំពង់ត្រាច ខេត្ត​កំពត (​រង​របួស​ស្រាល​)។ ​ទី​៣-​ឈ្មោះ ង៉ែត ឆែម ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​ធ្វើស្រែ នៅ​ភូមិ​មនោ​សុខ ឃុំ​តា​កែន ស្រុក​ឈូក ខេត្ត​កំពត (​រង​របួស​ធ្ងន់​)​។ ទី​៤-​ឈ្មោះ ឌឿ​ក ស្តើង ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​ធ្វើ​ស្រែ នៅ​ភូមិ​មនោ​សុខ ឃុំ​តា​កែន ស្រុក​ឈូក ខេត្ត​កំពត (​រង​របួស​ស្រាល​)​។

​ក្រោយពេល​កើតហេតុ​ សមត្ថកិច្ច​ស្រុក​ត្រាំកក់ ​បាន​ចុះមក​ដល់​ធ្វើ​កំណត់ហេតុ​ កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី និង​ចាត់​បញ្ជូន​អ្នករងរបួស​ទៅ​ព្យាបាល រីឯ​វត្ថុតាង​រថយន្ត​ខាងលើ​ ត្រូវបាន​យកទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​ រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu