កំពង់ចាម ៖ អំពើហិង្សា រវាងបងថ្លៃ និងប្អូនថ្លៃ បន្ទាប់ពីផឹកស៊ីជាមួយគ្នារួចមក ទឹកប្ដូរនិស្ស័យបានធ្វើឲ្យបងប្អូនទាំង២ ក្លាយជាសត្រូវ ហើយវាយប្រហារគ្នា បណ្តាលឲ្យរងរបួសទាំងសងខាង ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម ព្រមទាំងប្រឈមមុខច្បាប់នៅពេលជាសះស្បើយផងដែរ។
ប៉ូលិសបានឲ្យដឹងថា អំពើហិង្សាដោយចេតនាទៅវិញទៅមកនេះ បានកើតឡើងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៩និង៣០នាទី ចំណុចត្រពាំងជ្រៃ ស្ថិតក្នុងភូមិពាមក្នុង ឃុំពាមកោស្នាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម រវាង(បងថ្លៃ និងប្អូនថ្លៃ)។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅរសៀលថ្ងៃកើតហេតុ ឈ្មោះ យិន សុខជា ភេទប្រុស អាយុ៣៧ឆ្នាំ(ត្រូវជាបងថ្លៃ) និងឈ្មោះម៉ៅ ប្រុស ភេទប្រុស អាយុ៥២ឆ្នាំ(ត្រូវជាប្អូនថ្លៃ) ទាំងពីរនាក់ មានទីលំនៅចំណុចកើតហេតុខាងលើ បាននាំគ្នាលេងបៀផឹកស្រានៅក្រោមផ្ទះប្អូនថ្លៃ រហូតស្រវឹងរៀងៗខ្លួន ហើយក៏ទាស់ពាក្យសំដីគ្នា។ បន្ទាប់មក អ្នកទាំង២ ក៏បានវាយគ្នាទៅវិញទៅមក ហើយក៏ត្រូវគេបំបែកបែកគ្នា ដោយឈ្មោះ ម៉ៅ ប្រុស (ត្រូវជាប្អូនថ្លៃ) បានឡើងទៅដេកលើផ្ទះរបស់ខ្លួន។
ប្រភពបានបន្តថា ពេលនោះ ឈ្មោះ យិន សុខជា (ត្រូវជាបងថ្លៃ) បានយកកូនកាំបិតលបឡើងទៅលើផ្ទះតាមរានខាងក្រោយ រួចចាក់ទៅលើប្អូនថ្លៃ ឈ្មោះ ម៉ៅ ប្រុស ធ្លាយពោះ ហើយក៏មានការវាយប្រតាយប្រតប់គ្នាម្តងទៀត។
ប៉ូលិសបានបន្តថា ករណីនេះ បណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។
ប៉ូលិសបានបន្តថា ពេលទទួលបានព័ត៌មាននេះភ្លាម លោក ប៉ាក ជាតិ បានឲ្យកម្លាំងជំនាញចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងចងក្រងសំណុំរឿងតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments