Ad Code

ឃាត់​ខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី​គ្រឿង​ញៀន​



កណ្តាល​ ៖​ បុរស​វ័យ​ចំណាស់​ម្នាក់​ បាន​ត្រូវ​នគរបាល​ស្រុក​ស្អាង​ចាប់​ឃាត់ខ្លួន​ ខណៈ​ធ្វើការ​ជួញដូរ​គ្រឿងញៀន​ ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ច័ន្ទ ០៨​រោច ខែបុស្ស ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២៨ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង១៥​និង​៣០​នាទី ចំណុច​ចំការ​ស្វាយ ស្ថិត​ក្នុង​ភូមិ​ពោធិ៍​លើ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល។​

លោក​វរសេនីយ៍ សេង សុជាតិ​ អធិការ​នគរបាល​ស្រុក​ស្អាង​បានឲ្យ​ដឹងថា​ ជនសង្ស័យ ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ឌូ ស្រី ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ ពោធិ៍​លើ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល។ រីឯ​វត្ថុតាង​ចាប់​យក​បាន គឺ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ថា​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន​១៦​កញ្ចប់​តូច។​

​លោក​អធិការ​បញ្ជាក់ថា ​នៅ​ថ្ងៃទី​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពល​រដ្ឋ​ល្អ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុចកើតហេតុ​ខាងលើ ភ្លាមៗនោះ ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ចុះ​ដល់​ចំណុច​កើតហេតុ ធ្វើការ​ត្រួតពិនិត្យ​ ឈ្មោះ ឌូ ស្រី បាន​រក​ឃើញ​ម្សៅ​ក្រាម​ ពណ៌ស​ថ្លា​ សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន​១៦​កញ្ចប់​តូច នៅ​នឹង​ខ្លួន រួច​ឃាត់ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុតាង បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​សាក​សួរ។​

នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ ឌូ ស្រី បាន​សារភាព​ថា គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន ១៦​កញ្ចប់​នេះ ជា​របស់​ ឈ្មោះ យ៉ូ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ទីលំនៅ​ភូមិ ពោធិ៍​លើ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង បានឲ្យ​ខ្លួន​លក់​ក្នុង​០១​កញ្ចប់​តូច តម្លៃ​១៥,០០០​រៀល។ ពេល​លក់​គ្រឿងញៀន​(​ម៉ា​ទឹកកក​)​អស់ ឈ្មោះ យ៉ូ បានឲ្យលុយ និង​គ្រឿងញៀន​មួយចំនួន​មក​ខ្លួន ដើម្បី​ប្រើប្រាស់​(​ជក់​)។​

បច្ចុប្បន្ន​ ជនសង្ស័យ បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ ដើម្បី​បន្ដ​អនុវត្ត​តាម​នីតិវិធី ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu