បាត់ដំបង ៖ ជនសង្ស័យចំនួន៥នាក់ ដែលក្នុងនោះមាន២នាក់ ដែលជាមុខសញ្ញាចែកចាយថ្នាំញៀន ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាន នគរបាលស្រុកមោងឬស្សី ធ្វើការឃាត់ខ្លួន រួមជាមួយនឹងថ្នាំញៀនមួយចំនួនផងដែរ ខណៈដែលកម្លាំងបានចេញប្រតិបត្តិការ ក្រោយពីទទួលបាននូវសេចក្ដីរាយការណ៍។
កិច្ចប្រតិបត្តិការនេះ បានធ្វើឡើង កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១០និង៣០នាទី នៅចំណុចភូមិគារ៣ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង បន្ទាប់ពីមានការសង្ស័យទៅលើលំនៅដ្ឋាន ១ខ្នង និងដោយយោងទៅលើការឯកភាព ពីលោកព្រះរាជអាជ្ញា នួន សាន រួចមក។
លោកវរសេនីយ៍ត្រី ស គឹមឡុង អធិការនគរបាលស្រុកមោងឬស្សីបានបញ្ជាក់ថា នៅពេលនោះដែរ លោកបានចាត់កម្លាំងផ្នែកជំនាញ ដោយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគារ ធ្វើការក្រសោបមុខសញ្ញាបានមួយសំបុកដែលពួកគេកំពុងសំងំចែកចាយ និងប្រើប្រាស់ជាក់ស្តែង ដោយពួកគេមានបក្ខពួកចំនួន៥នាក់។
លោកអធិការបានបន្តថា ជនសង្ស័យទាំង៥នាក់ គឺ ១.ឈ្មោះ ឃុន សេមមី ហៅ ជេ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិគារ៣ ឃុំគារ ស្រុកមោងឬស្សី (ម្ចាស់ថ្នាំញៀន)។ ២. ឈ្មោះ រិទ្ធ ធី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅ ភូមិព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគិរី (ម្ចាស់ថ្នាំញៀន)។ ៣.ឈ្មោះ សោម សាន់ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិពោធិ៍១ ឃុំគារ ស្រុកមោងឬស្សី (អ្នកប្រើប្រាស់)។ ៤. ឈ្មោះ ម៉ី ប៊ុនយ៉ុង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិតាតុក២ ឃុំមោង ស្រុកមោងឬស្សី (អ្នកប្រើប្រាស់) និង ៥.ឈ្មោះ សេង ស៊ីឡុង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិគារ៣ ឃុំគារ ស្រុកមោងឬស្សី (អ្នកប្រើប្រាស់)។
ក្នុងការឃាត់ខ្លួននោះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម៉ូតូ១គ្រឿង ម៉ាកស៊ុយសូគី Nex ពណ៌ស គ្មានស្លាកលេខ និងសម្ភារៈសម្រាប់ជក់ថ្នាំញៀនមួយចំនួន។ ដោយករណីនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ហើយ៕
Source: Kampuchea Thmey Daily
0 Comments