Ad Code

ប្រជាពលរដ្ឋ​កម្ពុជា ​នឹង​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ ​និង​បញ្ចប់​ភាព​ក្រីក្រ​នៅ​ឆ្នាំ​២០៣០



ភ្នំពេញ ​៖​ ប្រជាពលរដ្ឋ​កម្ពុជា​ នឹង​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ និង​បញ្ចប់​ភាព​ក្រីក្រ​នៅ​ឆ្នាំ​២០៣០​ខាងមុខនេះ ខណៈ​ដែល​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន នេះ​អត្រា​នៃ​ប្រជាពលរដ្ឋ​ក្រីក្រ ​បាន​កាត់បន្ថយ​យ៉ាង​ឆាប់រហ័ស ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ជាតិ​៧​ភាគរយ​រាល់​ឆ្នាំ។

នេះ​បើតាម​ការបញ្ជាក់​ពី​លោកស្រី ហង់ លី​ណា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​វិទ្យាស្ថាន​ជាតិ​ស្ថិតិ នៃ​ក្រសួងផែនការ និង​ជា​អគ្គនាយក​ជំរឿន​ប្រជាជន​ទូទៅ ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​ជំរឿន​ទូទៅ​ប្រជាជន​ខណ្ឌទួលគោក នៅ​សាលាខណ្ឌ​ទួលគោក​កាល​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​។​

លោកស្រី បាន​មានប្រសាសន៍​លើកឡើងថា ប្រទេស​កម្ពុជា​យើង បានធ្វើការ​ជំរឿន​កាលពី​ឆ្នាំ​១៩៩៨ ហើយ​ការ​ជំរឿន​ប្រជាពលរដ្ឋ​កាល​ពេលនោះ​ពិតជា​មានការ​លំបាក ដោយ​តំបន់​មួយចំនួន​យើង​ចូល​មិន​ដល់​និង​ពិបាក​ក្នុង​ការធ្វើទំនាក់ទំនង ពិសេស​នៅ​តំបន់​អន្លង់វែង​ជាដើម ។​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​ការងារ​នេះ​យើង​ធ្វើ​ទទួលបាន​ជោគជ័យ​។​

លោកស្រី​បាន​បញ្ជាក់ថា ការ​ជំរឿន​ប្រជាពលរដ្ឋ​ពិត​ជាមាន​សារៈសំខាន់​ណាស់​មិន​អាច​ខ្វះ​បាន​ឡើយ ពោលគឺ បើ​មិនមាន​ជំរឿន​ទេ យើង​មិនអាច​អភិវឌ្ឍន៍​ប្រទេស​បានឡើយ​។ សារៈសំខាន់​នៃ​ការ​ជំរឿន​ប្រជាពលរដ្ឋ​នេះ គឺ រៀបចំ​ផែនការ គោលនយោបាយ​អភិវឌ្ឍ​​​ជាតិ តាមដាន​ការអភិវឌ្ឍ​​ផែនការ គោលដៅ​២០១៩_២០៣០ ដែល​ជា​គោលដៅ​ក្តៅគគុក​។ លោកស្រី​បញ្ជាក់ទៀតថា តាម​ការប្តេជ្ញាចិត្ត​រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល​ នឹងធ្វើ​អោយ​ប្រជាពលរដ្ឋ​កម្ពុ​ជា​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​និង​បញ្ចប់​ភាព​ក្រីក្រ​នៅ​ឆ្នាំ​២០៣០​ខាងមុខនេះ​។​

លោក​ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក​បានអោយដឹងថា ខណ្ឌទួលគោក​មាន​ចំនួន​១០​សង្កាត់​និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​១៣០០២២​នាក់ ស្រី​៦៦១៩៨​នាក់ មាន​ដង់ស៊ីតេ​ប្រជាពលរដ្ឋ​១៦,២៩៣​នាក់​ក្នុង​មួយ​គីឡូម៉ែត្រ​។ ខណ្ឌទួលគោក​មាន​មណ្ឌល​ជំរឿន​ចំនួន​២៩៧​មណ្ឌល ​និង​បាន​ជ្រើសរើស​មន្ត្រី​សរុប​ចំនួន​៣៧៧​នាក់ ក្នុង​នោះ​មាន​មន្ត្រី​សម្ភាសន៍​មាន​ចំនួន​២៩៧​នាក់ មន្ត្រី​ត្រួតពិនិត្យ​ចំនួន​៧៥​នាក់​និង​មន្ត្រី​ត្រៀម​បម្រុង​ចំនួន​៥​នាក់​។​ រៀបចំ​តារាង​ស្រង់​ទីតាំង សណ្ឋាគារ ផ្ទះសំណាក់ វត្ត​អារាម មន្ទីរពេទ្យ គ្លីនិក​ធំៗ ផ្សារ​។​ល​។ ពិសេស​យើង​នឹង​ធ្វើ​សម្ភាសន៍​ជំរឿន​ប្រជាពលរដ្ឋ​គ្មាន​ផ្ទះសំបែង​និង​ប្រជាពលរដ្ឋ​ឆ្លងកាត់​នៅ​យប់​នា​ថ្ងៃទី​២ មីនា ២០១៩​ខាងមុខនេះ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu