Ad Code

រដ្ឋមន្ត្រីក្រសួង​ដែនដី ​៖ ក្រុមហ៊ុន​ធំៗ​របស់​ជប៉ុន កំពុង​បោះទុន​វិនិយោគ​ស្ទើរ​គ្រប់​វិស័យ​នៅ​កម្ពុជា និង​មាន​៨៦​ក្រុមហ៊ុន​ទៀត កំពុង​ប្រតិបត្តិការ​នៅតាម​តំបន់​សេដ្ឋកិច្ច​ពិសេស​នានា​



ភ្នំពេញ ​៖ ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បែបនេះ បានធ្វើ​ឡើង​នៅ​វេទិកាសាធារណៈ​ឯកជន ស្តីពី​ការអភិវឌ្ឍ​នគរូបនីយកម្ម​កម្ពុជា​-​ជប៉ុន លើក​ទី​១ ដែល​វេទិកា​នេះ​រៀបចំឡើង កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩​។

មាន​ប្រសា​ស​ន៍​ទៅកាន់​អ្នកចូលរួម​នៅក្នុង​វេទិកាសាធារណៈ​ឯកជន ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា​តែង​ចាត់ទុក​វិស័យ​ឯកជន​ជា​ក្បាលម៉ាស៊ីន នៃ​កំណើនសេដ្ឋកិច្ច និង​មាន​តួនាទី​គន្លឹះ​ក្នុង​ការជំរុញ​កំណើន និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​។ ជាងនេះទៀត ក៏បាន​ពង្រីក​ភាពជា​ដៃគូ​​រវាង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​និង​ជួយ​អភិវឌ្ឍ​ទីផ្សារការងារ លើកស្ទួយ​សហគ្រាស​ធុន​តូច មធ្យម លើកកម្ពស់​ប្រសិទ្ធភាព​ធុរកិច្ច និង​ពង្រឹង​ការប្រកួតប្រជែង។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បន្តថា វេទិកា​សាធារណៈ​ឯកជន ស្ដីពី​ការអភិវឌ្ឍន៍​នគរូបនីយកម្ម​កម្ពុជា​ជប៉ុន​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ជំរុញ​បង្កើត​ឱកាស​ធុរកិច្ច និង​វិស័យ និង​វិនិយោគ​ពី​ប្រទេស​ជប៉ុន មក​ប្រទេស​កម្ពុជា​លើ​ការអភិវឌ្ឍន៍​នគរូបនីយកម្ម រួមមាន​ការ​អភិវឌ្ឍ​អចលនទ្រព្យ ការ​អភិវឌ្ឍ​សំណង់ លំនៅឋាន ពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​បរិស្ថាន​ទីក្រុង ដែល​កំពុងមាន​កំណើន​ក្នុង​ល្បឿន​ដ៏​លឿន​។ វេទិកា​លើក​ទី​១ នេះ​មាន​ក្រុមហ៊ុន​ជប៉ុន​ចំនួន​៥៨ និង​ក្រុមហ៊ុន​កម្ពុជា​ចំនួន​១២៣ បាន​ចូលរួម​។ ជាមួយគ្នា​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការផ្ដួចផ្ដើម​រៀបចំ​វេទិកា​ជា​ប្រវត្តិសាស្ត្រ​នេះ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ជប៉ុន ដែល​បានសម្រេច​ជ្រើសរើស​កម្ពុជា ជា​ប្រទេស​ទី​១ ក្នុងចំណោម​ប្រទេស​អាស៊ាន​សម្រាប់​រៀបចំ​វេទិកាសាធារណៈ​ឯកជន​ដំបូង​គេ ស្ដីពី​ការអភិវឌ្ឍ​រូបនីយកម្ម ដែល​បង្ហាញ​នូវ​ការជឿជាក់​របស់​អ្នកវិនិយោគ​ជប៉ុន លើ​សក្កដានុពល​សេដ្ឋកិច្ចកម្ពុជា ហើយ​វេទិកា​នេះ ក៏​នឹង​កាន់តែ​ពង្រឹង​បាន​ថែមទៀត​នូវ​សាមគ្គីភាព និង​មិត្តភាព​នៃ​ប្រជាជាតិ​យើង​ទាំងពីរ​។​



តាម​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា វេទិកា​នេះ​បាន​ប្រព្រឹត្តទៅ​ស្រប​ពេលដែល​មាតុភូមិ​កម្ពុជា កំពុងស្ថិត​នៅក្នុង​សន្តិភាព ឯកភាព​ជាតិ និង​ទឹកដី ស្ថិរភាព​នយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​។​

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានលើកឡើង​ដែរ​ថា កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​ជា​ប្រទេស ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​លឿន​បំផុត​លំដាប់​ទី​៦ លើ​ពិភពលោក ដោយ​សម្រេចបាន​កំណើន​ខ្ពស់​តាមរយៈ​ការ​រីកចម្រើន នៃ​វិស័យ​ឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គមនាគមន៍ និង​ការដឹកជញ្ជូន។ ជាក់ស្ដែង​ទៅ​ឆ្នាំ​២០១៨ កំណើន​សេដ្ឋកិច្ច​របស់​កម្ពុ​ជាមាន​៧.៥ ភាគរយ​ចំណូល​មធ្យម​សម្រាប់​មនុស្សម្នាក់​ បាន​កើន​ដល់​១៥៦៣​ដុល្លារ អត្រា​ភាព​ក្រីក្រ​ក៏បាន​ធ្លាក់​ចុះមក​នៅត្រឹម​រង្វង់​៩​ភាគរយ ទេសចរ​អន្តរជាតិ​មាន​៦,២ លាន​នាក់ រួមចំណែក​ប្រមាណ​១២,៧ ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប។ រចនាសម្ព័ន្ធ​សេដ្ឋកិច្ចកម្ពុជា ក៏​កំពុង​ផ្លាស់ប្ដូរ​ពី​ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម គឺជា​ប្រទេស​ដែល​ពឹងផ្អែក​ជាសំខាន់​លើ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​។ បច្ចុប្បន្ន​កម្ពុជា មាន​សហគ្រាស គ្រឹះស្ថាន​សេដ្ឋកិច្ច ក្នុង​ប្រព័ន្ធ​សរុប​ចំនួន​១២០០០ មាន​កម្មករនិយោជិត​សរុប​១​លាន​៥​សែន​នាក់ និង​សហគ្រាស​គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​សរុប​៦​សែន មានកម្ម​ករ​ជាង​២​លាន​៤ សែន​នាក់​។ ផ្លូវ ស្ពាន បណ្ដាញ អគ្គិសនី ទឹកស្អាត ប្រព័ន្ធធារាសាស្ត្រ មន្ទីរពេទ្យ សាលារៀន រោងចក្រ សហគ្រាស កសិដ្ឋាន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ទីផ្សារ​ទំនើប​អាគារ​ខ្ពស់ ក៏​បាននិងកំពុង​រីក​ដុះដាល​ពាសពេញ​ផ្ទៃ​ប្រទេស​និង​បានផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​រាប់លាន​នាក់​។​

ការ​រីកចម្រើន​របស់​ប្រទេស​កម្ពុជា​ពិតជា​មានការ​ចូលរួម​ចំណែក​ដ៏​ធំធេង​របស់​រដ្ឋាភិបាល​ប្រជាជន​និង​វិនិយោគិន​ជប៉ុន​។ ក្នុងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ជា​សុផារ៉ា​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការគាំទ្រ​របស់​រដ្ឋាភិបាល​និង​ប្រជាជន​ជប៉ុន​ដែល​បានផ្ដល់​សមិទ្ធផល​ជាច្រើន​មានដូចជា​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន កំពង់ផែ ការផ្គត់ផ្គង់​ទឹកស្អាត ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធ​ការពារ​ទឹកជំនន់ ការងារ​កំចាត់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ការអភិរក្ស​ប្រាសាទបុរាណ និង​បេតិកភណ្ឌ ក៏ដូចជា​ការបណ្តុះបណ្តាល​ដល់​មន្ត្រីរាជការ និង​និស្សិត​កម្ពុជា​។ នៅ​ឆ្នាំ​២០១៨ ទេសចរណ៍​ជប៉ុន​មាន​២១​ម៉ឺន​នាក់ កើនឡើង​៣,៥ ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៧ ឈរ​នៅ​លំដាប់​លេខ​៧ ក្នុងចំណោម​ទេសចរ​អ​ន្ត​រ​ជាតិ។ ក្រុមហ៊ុន​ធំៗ​របស់​ជប៉ុន កំពុង​បោះទុន​វិនិយោគ​ស្ទើរ​គ្រប់​វិស័យ​នៅ​កម្ពុជា ដូចជា​វិស័យ​អេឡិចត្រូនិក វាយនភណ្ឌ កសិកម្ម សំណង់ ផ្សារ​ទំនើប ភោជនីយដ្ឋាន សណ្ឋាគារ និង​ទេសចរណ៍​ជាដើម​។ ជាងនេះទៀត​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ​៨៦​ក្រុមហ៊ុន ប្រើប្រាស់​កម្មករ​ប្រមាណ​ជាង​២​ម៉ឺន​នាក់​ទុនវិនិយោគ​ជាង​៤២៥​លាន​ដុល្លារ កំពុង​ប្រតិបត្តិការ​នៅតាម​បណ្តា​តំបន់​សេដ្ឋកិច្ច​ពិសេស​នានា​។​

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានលើកឡើង​ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​ក្នុងការ​អភិវឌ្ឍ​វិស័យ​ឯកជន និង​ទាក់ទាញ​ការវិនិយោគ និង​បានផ្ដល់​ការអនុគ្រោះ​យ៉ាងច្រើន​ដល់​វិនិយោគិន​បរទេស ចំពោះ​សិទ្ធិ​លើ​អចលនទ្រព្យ​តាមច្បាប់​កម្ពុជា​។ ក្នុងការ​លើកកម្ពស់​សុ​វត្ថិ​ភាព​នៃ​ការកាន់កាប់​ដីធ្លី ក្រសួង​រៀបចំ​ដែនដី​បាន​ចុះបញ្ជី​ដីធ្លី​បាន​ចំនួន​៥,១៥​លាន​ប័ណ្ណ ត្រូវជា​៧៣,៥​ភាករយ នៃ​ក្បាលដី សរុប​ប្រមាណ ៧​លាន​ក្បាលដី​។ លើសពីនេះ​រាជរដ្ឋាភិបាល​រៀបចំ​បានរៀបចំ​សម្រួល​ពាណិជ្ជកម្ម និង​ពង្រឹង​ការប្រកួតប្រជែង​ជូន​វិនិយោគិន ដើម្បី​ទទួលផល​ប្រយោជន៍​កាន់តែច្រើន ដែលមាន​ដូចជា ការកែសម្រួល​ស្ថាប័ន​មាន​សមត្ថកិច្ច​ត្រួតពិនិត្យ​ទំនិញ នាំចេញ នាំចូល ការអនុញ្ញាត​ឲ្យ​វិនិយោគិន​ក្រៅប្រទេស​ទាំងអស់​មាន​សិទ្ធិ​វិនិយោគ​ភាគហ៊ុន​ផ្ទាល់ខ្លួន​១០០​ភាគរយ ដោយ​មិនចាំបាច់​មាន​ដៃគូ​ក្នុងស្រុក និង​ការមិន​កំណត់​ប្រាក់ចំណេញ​លើ​ការវិនិយោគ ដែល​អាច​ទាញយក​ចេញទៅ​ក្រៅប្រទេស​ជាដើម​។​

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានលើកឡើង​ទៀតថា តាមរយៈ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដោត​ការយកចិត្តទុកដាក់​ខ្ពស់​លើ​ការពង្រឹង​ការគ្រប់គ្រង​នគរូបនីយកម្ម និង​ការអភិវឌ្ឍ​ទីក្រុង​តាម​គោលដៅ​ទីក្រុង​ឆ្លាត​វៃ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​តាមរយៈ​ការជំរុញ​អភិវឌ្ឍន៍ និង​ពង្រឹង​ការអនុវត្ត​គោលនយោបាយ​ច្បាប់ និង​បទដ្ឋាន​បច្ចេកទេស​ពាក់ព័ន្ធ​។ រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ប្លង់គោល​ប្រើប្រាស់​ដី​រាជធានី​ភ្នំពេញ​ផែនការ​រៀបចំ​ដែនដី​ខេត្តបាត់ដំបង ខេត្ត​ព្រះសីហនុ ប្លងគោល​ប្រើប្រាស់​ដី​ក្រុង និង​ទីប្រជុំជន​ចំនួន​៨ រួមមាន ក្រុង​បាត់ដំបង ក្រុង​តាខ្មៅ ក្រុង​កំពត ក្រុងកែប ក្រុង​សៀមរាប ទីប្រជុំជន ទី​រួម​ខេត្ត​ត្បូងឃ្មុំ ទីប្រជុំជន​ស្រុក​ជ្រៃ​ធំ និង​ទីប្រជុំជន​ស្វាយ​អ​ន្ទ​រ និង​ផែនការ​ប្រើប្រាស់​ដី​ក្នុង​ឃុំ សង្កាត់​ចំនួន​៨០​។ ផែនការ​ប្រើប្រាស់​ដី​នៅក្នុង​ឃុំ សង្កាត់ ចំនួន​៩០ និង​ផែនការ​រូបវន្ត​ផ្សេងទៀត​កំពុង​ជំរុញ​អនុម័ត​ជា​បន្តបន្ទាប់​។​

ជា​ផ្លែផ្កា​នៃ​នគរូបនីយកម្ម ការអភិវឌ្ឍ​អចលនទ្រព្យ និង​សំណង់​បាន​ក្លាយជា​សសរស្តម្ភ​ស្នូល​ដែល​ជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា​។ ជាក់ស្ដែង​ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​ក្នុង​រយៈពេល ១០​ឆ្នាំ គឺ​ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៩ មាន​ប្រមាណ​៤៣៨៩៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

នៅ​ខែមករា ឆ្នាំ​២០១៩ ទុនវិនិយោគ​ក្នុង​វិស័យនេះ មាន​ប្រមាណ​៨២៩ លាន​ដុល្លារ កើនឡើង​១៧៨ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៨​។ ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់ ដែលមាន​អាជ្ញាប័ណ្ណ​មាន​ចំនួន​២៣០៧ ក្រុមហ៊ុន មាន​ស្ថាបត្យករ​ប្រមាណ​ជាង​២៥០០​នាក់ និង​មាន​វិស្វករ​ប្រមាណ​ជាង​៣ ម៉ឺន​នាក់​។ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​កម្ពុជា បាននិងកំពុង​សហកា​រ​ជាមួយ​ក្រសួង​ដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍​ជប៉ុន រៀបចំ​ច្បាប់​ស្ដីពី​សំណង់ និង​បទដ្ឋាន​គតិយុត្ត​ផ្សេងៗ​ទៀត​។​

ជាមួយគ្នា​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​អំពាវនាវ​និង​លើកទឹកចិត្ត​ដល់​ធុរកិច្ច និង​ក្រុមហ៊ុន​ជប៉ុន ចាប់​ឱកាស​ដ៏​ប្រសើរ​នេះ ចូលមក​វិនិយោគ ឬ​ចាប់​ដៃគូ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​កម្ពុជា ហើយ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​រង់ចាំ​ផ្ដល់​កិច្ចសហការ​សម្របសម្រួល និង​ផ្ដល់​សេវា​គ្រប់យ៉ាង​ក្រោម​សមត្ថកិច្ច​របស់ខ្លួន​ជូន​វិនិយោគិន​ទាំងអស់ ដោយ​សេចក្តី​រីករាយ ហើយ​ជឿជាក់ថា ប្រធាន​ប្រតិភូ និង​ក្រុមហ៊ុន​ទាំងអស់ នឹង​បន្ត​បង្កើន​សកម្មភាព​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ​ទៀត​នៅ​កម្ពុជា​។​

សូមបញ្ជាក់ថា វេទិកាសាធារណៈ​ឯកជន ស្តីពី​ការអភិវឌ្ឍ​នគរូបនីយកម្ម​កម្ពុជា​-​ជប៉ុន លើក​ទី​១​នេះ រៀបចំឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ក្រោម​អធិបតីភាព​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និង​មានការ​ចូលរួម​ពី​លោក Fumihiko YUKI អនុរដ្ឋមន្ត្រី​ក្រសួង​ដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍​ជប៉ុន ព្រមទាំង​គណៈប្រតិភូ តំណាង​ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​តំណាង​ក្រុមហ៊ុន​វិនិយោគ និង​ធុរជន​ជប៉ុន ចំនួន​៥៨​ក្រុមហ៊ុន ដែល​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ សំណង់ ស្ថាបត្យកម្ម លំនៅឋាន ប្រព័ន្ធ​លូ ធនាគារ ធានារ៉ាប់រង និង​គណៈ​ស្ថាបត្យករ​កម្ពុជា គណៈ​វិស្វករ​កម្ពុជា សភា​ពាណិជ្ជ​កម្ពុជា សមាគម​អ្នក​សាងសង់​កម្ពុជា សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន និង​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា​។​

លោក Fumihiko YUKI អនុរដ្ឋមន្ត្រី​ក្រសួង​ដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍​ជប៉ុន ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​ក្នុង​វេទិកា​នោះបាន​ថ្លែងថា បើ​និយាយ​ចំនួន​ប្រជាជន និង​GDP វិញ មាន​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​អាស៊ាន មាន GDP ខ្ពស់ជាង​ប្រទេស​កម្ពុជា ប៉ុន្តែ​បើ​ពិនិត្យមើល​លើ​អត្រាកំណើន​វិញ បង្ហាញថា ប្រទេស​កម្ពុ​ជាមាន​អត្រាកំណើន​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ហើយ​លោក​គិតថា កម្ពុជា​ជា​ប្រទេសមួយ​មាន​សក្តានុពល​ខ្ពស់ ខ្លាំង ក្នុងការ​អភិវឌ្ឍ​ន៏​វិស័យសេដ្ឋកិច្ច​របស់ខ្លួន​។ លោក​បន្តថា លោក​មានបំណង​ធ្វើការ​អភិវឌ្ឍ​វិស័យ​មួយចំនួន​នៅ​កម្ពុជា ដូចជា​វិស័យ​អចលនទ្រព្យ​ជាដើម ដូចដែល​បាន​អភិវឌ្ឍ​នៅ​ប្រទេស​ជប៉ុន ហេតុនេះហើយ​បានជា​នៅក្នុង​ការជជែក​ពិភាក្សា​ជាមួយ​លោក ប៉ែន សុផល និង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ឈានទៅដល់​ការចុះ​អនុស្សរណៈ​ជាមួយគ្នា​។​

លោក Fumihiko YUKI អះអាងថា លោក​ចង់​បង្កើត​គម្រោង​តំបន់​គំរូ​មួយ ដែល​យើង​ជ្រើស​រើសយក​ប្រទេស​កម្ពុជា ជា​ប្រទេស​ដំបូង​ក្នុងការ​បង្កើត​គម្រោង​នេះ ហើយ​សង្ឃឹមថា នឹង​ទទួលបាន​ការគាំទ្រ​លើ​គម្រោង​នេះ៕
 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu