Ad Code

ផ្កាយ​៣​ ចរិត​ធូរ​ថ្លៃ បបួល​នារី​ចម្រៀង ​ទៅ​ដេក​ មិន​ព្រម​ ទះកំផ្លៀង​៣​ដៃ



ភ្នំពេញ ​៖ ​នារី​ជា​អ្នកចម្រៀង​ភោជនីយដ្ឋាន​បឹង​មាស​ម្នាក់ ​បាន​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ជ្រោយចង្វា បន្ទាប់ពី​បុរស​ម្នាក់ ​អួតខ្លួន​ថា​ជា​មន្ត្រី​យោធា​ពាក់​ផ្កាយ​៣ រួម​នឹង​បក្ខពួក​ប្រុស/​ស្រី​៥​ ទៅ​៦​នាក់​ ទៀត ​ជិះ​រថយន្ត​២​ ទៅ​៣​គ្រឿង​ មក​ចូល​ផឹកស៊ី​នៅ​ភោជនីយដ្ឋាន​បឹង​មាស ​បាន​បបួល​នាង​ទៅ​ដេក​ជាមួយ​ តែ​នាង​មិន​ព្រម ស្រាប់តែ​លោក​ផ្កាយ​៣​រូប​នោះ​ទះកំផ្លៀង​៣​ដៃ ​រួច​រត់​គេច​ខ្លួន​បាត់។

ហេតុការណ៍​នេះ ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១និង​១០​នាទី​យប់​ ថ្ងៃទី​២៧​ ខែកុម្ភៈ ​ឆ្នាំ​២០១៩ ចំណុច​ភោជនីយដ្ឋាន បឹង​មាស តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦A ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ។



ជនរងគ្រោះ​មាន ឈ្មោះ យិន ស្រី​ពៅ អាយុ​៣៥​ឆ្នាំ មុខរបរ​អ្នក​ចម្រៀង​ប្រចាំ​ភោជនីយដ្ឋាន បឹង​មាស​ ស្នាក់នៅ​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា​ បាន​រៀបរាប់​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា នាង​បាន​មក​ច្រៀង​នៅ​ភោជនីយដ្ឋាន​បឹង​មាស បាន​ប្រាំ​មួយ​ខែ​មក​ហើយ មិន​ដែលមាន​ភ្ញៀវ​ណា​ម្នាក់​មើលងាយ​នាង​បែបនេះ​ទេ ទើបតែ​យប់​ថ្ងៃកើតហេតុ​ ស្រាប់​តែមាន​បុរស​ម្នាក់​អួតខ្លួន​ថា​ ជា​យោធា​ពាក់​ផ្កាយ​៣​និង​បក្ខពួក​ប្រុស​/ស្រី​៥​ ទៅ​៦​នាក់​ទៀត​ បាន​បើករថយន្ត​២​ទៅ​៣​គ្រឿង​ មក​ផឹកស៊ី ចំណែក​បុរស​ដែល​អួតខ្លួន​ថា​ជា​មន្ត្រី​យោធា​ពាក់​ផ្កាយ​៣​នោះ​ បើករថយន្ត​ម៉ា​ស្តារ​ ពណ៌​ខ្មៅ​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​02-2-1215​ បាននាំគ្នា​ចូលមក​ផឹកស៊ី​យ៉ាង​សប្បាយ។ លុះ​មកដល់​ម៉ោង​កើតហេតុ​ខាង​លើ​ ស្រាប់តែ​បុរស​ដែល​បាន​អួតខ្លួន​ថា​ ជា​មន្ត្រី​យោធា​នោះ បាន​ហៅ​អ្នក​ចម្រៀង​ចំនួន​៤​នាក់​ រួម​នឹង​រូបនាង​ផង​ ដែល​កំពុង​ច្រៀង​នៅលើ​ឆាក​ឲ្យ​ចុះមក​រាំ​កំដរ​នៅ​ខាងក្រោម ស្រាប់តែ​កំពុងតែ​រាំៗ​ជនដៃ​ដល់​នោះ បាន​មក​និយាយ​ជាមួយ​នាង​ថា នៅ​ផឹកស៊ី​កំដរ​រូបគេ​ទៅ គេ​នឹង​ឲ្យ​លុយ​ធីប​២០​ដុល្លារ បន្ទាប់​មក​រូបនាង​ ក៏​មិនបាន​ឆ្លើយឆ្លង​វែងឆ្ងាយ​នោះដែរ​ ស្រាប់តែ​ជនដៃដល់​នោះ​ បានមក​និយាយ​លួងលោម​នាង​ទៀត ហើយ​បាន​បបួល​រូបនាង​ទៅ​ដេក​ជាមួយ​ តែ​នាង​ឆ្លើយ​វិញ​ថា ​នាង​ខ្ញុំ​មិន​លក់​ខ្លួន​ទេ លក់​តែ​សំឡេង​ទេ ធ្វើ​ឲ្យ​ជនដៃដល់​ផ្ទុះ​កំហឹង​ ខឹងសម្បា​យ៉ាង​ខ្លាំង ​បាន​ស្ទុះ​មក​ទះកំផ្លៀង​នាង​ចំនួន​៣​ដៃ​ បន្ទាប់មក​ក៏​ប្រញាប់ប្រញាល់​បើក​រថយន្ត​ចេញពី​កន្លែង​ហេតុ តែ​ត្រូវបាន​រូបនាង​លួច​ថត​បាន​រូបភាព​មួយ​ចំនួន​។ តែ​មិនបាន​ស្គាល់​ឈ្មោះ ​និង​ប្រវត្តិ​លោក​ផ្កាយ​៣​ធូរ​ថ្លៃ​នោះទេ។

ជន​រងគ្រោះ​ មិនបាន​ស្គាល់ឈ្មោះ ​ឬ​អត្តសញ្ញាណ​របស់លោក​ផ្កាយ​បី​ខាងលើ​ទេ​ ប៉ុន្តែ​ស្គាល់​តែ​ស្លាក​លេខ​រថយន្ត​តែប៉ុណ្ណោះ និង​ភិនភាគ​រថយន្ត​ប៉ុណ្ណោះ។

ក្រោយ​កើតហេតុ នារី​រងគ្រោះ​ ត្រូវ​បាន​ក្រុម​អ្នកសារព័ត៌មាន​នាំមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ជ្រោយចង្វា ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្វែងរក​ចាប់ខ្លួន​ជនដៃដល់​ដែល​អួតខ្លួន​ថា​ជា​ផ្កាយ​៣ យក​មក​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu