ភ្នំពេញ ៖ តារាចម្រៀង និងជាអតីតតារាកំប្លែង នាយ ចឺម ពេលនេះកំពុងតែផ្ទុះការរិះគន់យ៉ាងគំហុក បន្ទាប់ពីត្រូវបានខាងភាគីផលិតកម្មសាន់ដេ បញ្ចេញផ្សព្វផ្សាយនូវបទចម្រៀងដែលមានចំណងជើងថា អូនជាអ្នកមាន សមនឹងអ្នកមានដូចគ្នា។ ខណៈដែលសាច់ភ្លេង និងទំនុកច្រៀង គឺចម្លងចេញពីបទចម្រៀងមរតកដើម មានចំណងជើងថា នឹកភូមិភ្នំធំ ច្រៀងដោយអ្នកស្រី រស់ សេរីសុទ្ធា។
ជាការកត់សម្គាល់ក្រោយពេលចេញផ្សព្វផ្សាយនូវបទចម្រៀង អូនជាអ្នកមាន សមនឹងអ្នកមានដូចគ្នា របស់តារាវ័យក្មេង នាយ ចឺម មិនបានប៉ុន្មានម៉ោងផង ក៏មានទស្សនិកជនជាច្រើន បានបញ្ចេញមតិប្រតិកម្ម និងរិះគន់ដោយមិនសំចៃមាត់លើការនិពន្ធ និងច្រៀបបទមួយនេះ។
មិនតែប៉ុណ្ណោះក៏មានមហាជនមួយចំនួនបានលើកឡើងថា នាយ ចឺម និងផលិតកម្មសាន់ដេ កំពុងតែចង់ប្រែកាឡៃបទមរតកដើម ឲ្យក្មេងជំនាន់ក្រោយលែងស្គាល់។
បើយោងតាមការលើកឡើងរបស់កូនប្រសារបស់ កវីនិពន្ធ គង្គ ប៊ុនឈឿន គឺលោក មុត ថារី បានបញ្ចេញទស្សនៈរិះគន់ជាសាធារណៈថា អ្វីដែលខ្ញុំចង់សរសេរថ្ងៃនេះ គឺប្រាប់ទៅដល់ផលិតករ និងអ្នកច្រៀងថា បើយក បទភ្លេង ឬទំនុកច្រៀង នៃមរតកដើមមកធ្វើអាជីវកម្ម ត្រូវតែប្រាប់ ឬសរសេរឈ្មោះអ្នកនិពន្ធដើមផងទៅ។
លោក មុត ថារី បាននិយាយបន្តថា អស់លោកមិនថោកទាបទេ ដែលប្រាប់ឈ្មោះម្ចាស់ដើម គេ ហើយ លោកក៏មិនថ្លៃថ្នូរមានកិត្តិយសស្អីដែរ នៅពេលដែលលួចស្នាដៃគេ ថា ជារបស់ខ្លួននោះ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។
លោកអានាយ ចឺម ជ្រើមខុសក្បួន ឈប់បានឈប់ទៅ ស្រែកលូដូចសត្វសុនក ត្រូវមួយដំបង លួចចម្លងបទភ្លេងរបស់គេ អួតនិពន្ធខ្លួនឯង ឈប់ជ្រើមបានឈប់ជាបន្ទាន់ទៅ។ គិតថាមិនចង់លូកមាត់ទេ តែគិតទៅវាជ្រើមជ្រុល។
ចំណែកឯ លោក ហេង ឡុង ក៏បាននិយាយដែរថា ក្នុងនាមខ្ញុំបាទជាប្រធានក្រុមប្រឹក្សាភិបាលរបស់ សមាគមសិល្បករខ្មែរ ករណីផលិតកម្មសាន់ដេ ដែលបានយកស្នាដៃរបស់ លោកពូ គង្គ ប៊ុនឈឿន មកកែមេឡូឌី និងទំនុកច្រៀង ខ្ញុំបាទសូមអំពាវនាវដល់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន សូមមេត្តាលុបបទដែលច្រៀង ដោយ នាយ ចឹម ដែលមានចំណងជើងថា "អូនជាអ្នកមាន សមនឹងអ្នកមានដូចគ្នា" ចេញពីបណ្ដាញសង្គម ក៏ដូចជាប្រព័ន្ធ youtube ដើម្បីជៀសវាងការប៉ះពាល់ដល់ទឹកចិត្តក្រុមគ្រួសាររបស់ លោកពូ គង្គ ប៊ុនឈឿន។
ប្តីឥតខាន់ស្លារបស់ អ្នកនាង ចន ច័ន្ទលក្ខិណា គឺ លោក ហេង ឡុង បន្ថែមថា សូមលោកអគ្គនាយករបស់ក្រុមហ៊ុនសាន់ដេ មេត្តាពិចារណាសំណើខាងលើ ដោយក្តីអនុគ្រោះបំផុត។ សូមលោកអគ្គនាយក មេត្តាទទួលការគោរពរាប់អានពីខ្ញុំបាទ។ មិនខុសគ្នាប៉ុន្មានទេ តារាចម្រៀងប្រុស លោក ម៉ៃ សុគន្ធ ក៏បានបញ្ចេញប្រតិកម្មដែរថា បើយកបទមរតកដើមមកច្រៀង ក៏ច្រៀងទៅ តែកុំយកមកកែស្រែកអាឡេអាឡូ បាត់ទម្រង់ដើម ហើយថាជារបស់ខ្លួនទៀត ធ្វើចឹងស្មានគេអត់ដឹងមែន។
តារាជាប់ងារជាកំពូលអ្នកទើស លោក ម៉ៃ សុគន្ធ បានបន្ថែមថា ចឺម ហ្អា បើច្រៀងមរតកដើមមិនកើតទេ កុំឲ្យខូចបទមរតកដើមយកមកស្រែកអាឡេអាឡូដូចមនុស្សមិនគ្រប់ទឹក ឈប់ទៅ បងសុំចុះ រកបទណាដែលត្រូវនឹងសមត្ថភាពអូនទៅ បងគិតថា អូនធ្វើបានទៅថៃ គេយកមរតកដើមគេមកច្រៀង គេមិនដូរទម្រង់ដើមគេទេ នេះបានហៅថាអភិរក្ស។
សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ តារាចម្រៀងរ៉េប លោក ចាន់ សំណាង ហៅDJ ក្តឹប ក៏បានធ្វើការរិះគន់ដោយមិនសំចៃមាត់លើករណីដែលតារាចម្រៀងប្រុស-ស្រីរបស់ខ្មែរមួយចំនួនបានជ្រើសយកការច្រៀបបទមរតកដើមដោយគ្មានការដាក់ឈ្មោះអ្នកនិពន្ធ ឬយកទៅកែច្នៃកាឡៃឲ្យខុសពីទម្រង់ដើម បង្កឲ្យមានការភ័ន្តច្រឡំពីក្មេងៗជំនាន់ក្រោយជាដើម៕
Source: Kampuchea Thmey Daily
0 Comments