គណៈកម្មាធិការជាតិ កីឡាស៊ីហ្គេម(CAMSOC ) បានបើកកិច្ចប្រជុំមួយ កាលពីរសៀលថ្ងៃទី២៧កុម្ភៈ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិស៊ីហ្គេម ដើម្បីជជែកគ្នាស្វែងរកដំណោះស្រាយ ដើម្បីឈានទៅរកភាពជោគជ័យ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ Camsok បានបង្កើតអនុគណៈកម្មការចំនួន១៥ ដើម្បីបំពេញការងារឲ្យមានប្រសិទ្ធភាព។
ថ្លែងនៅក្នុងកិច្ចប្រជុំនាឱកាសនោះ សម្ដេចពិជ័យសេនា បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធឲ្យពន្លឿននូវការ អនុវត្តផែនការមេកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលពេលវេលាកាន់តែខ្លីទៅៗហើយនោះ។
អ្វីដែលត្រូវធ្វើជាបន្ទាន់នោះ គឺការិយាល័យបើកអគ្គលេខាធិការដ្ឋាន ឬការិយាល័យCAMSOCឲ្យបានលឿន ដោយជំរុញឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យលទ្ធភាព ក្នុងការផ្ដល់ថវិកាឲ្យបានឆាប់រហ័ស ដើម្បីដំណើរការទៅមុខបានរលូន។
អង្គប្រជុំ ក៏បានស្ដាប់នូវបទបង្ហាញរបស់អ្នកជំនាញពិសេសរៀបចំកីឡាស៊ីហ្គេម គឺលោកព្រឹទ្ធាចារ្យSheik Kok Chi ដែលបានបំភ្លឺកាន់តែច្បាស់អំពីតួនាទី និងភារកិច្ច និងនីតិវិធីរៀបចំយន្តការរៀបចំកីឡាស៊ីហ្គេម ឆ្នាំ២០២៣។
លោកក៏បានលើកឡើងពីគម្រោងថវិកាដែលបានចំណាយទៅលើការរៀបចំកីឡាស៊ីហ្គេមរបស់ប្រទេសផ្សេងគ្នា ដើម្បីជាបទពិសោធន៍ដែលមានការចំណាយខុសគ្នាអាស្រ័យទៅលើស្ថានភាពជាក់ស្ដែង។
ជាមួយគ្នា និងការរៀបចំការប្រកួតកីឡាស៊ីហ្គេមរួច ក៏ត្រូវពិនិត្យមើលលទ្ធភាពរៀបចំស៊ីប៉ារ៉ាហ្គេមជាបន្តទៀត។ ប៉ុន្តែអ្វីដែលលើកឡើងនេះ គឺស្ថិតនៅក្នុងគម្រោងពិភាក្សានៅឡើយទេ។ លុះត្រាតែធ្វើការស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលជាអ្នកសម្រេចចុងក្រោយ។
សូមបញ្ជាក់ថា សមាសភាពសមាជិកគណៈកម្មាធិការជាតិស៊ីហ្គេម ដែលបានចូលរួមប្រជុំនៅក្នុងឱកាសនោះមាន លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងតំណាងមកពីក្រសួងអប់រំយុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធនានាជាច្រើនទៀត៕
Source: Kampuchea Thmey Daily
0 Comments