ខាំ ផាន់នី អ្នកប្រដាល់ក្លិបដីឡូត៍មានរិទ្ធខេត្តបន្ទាយមានជ័យ បានស្វាគមន៍ចំពោះការសុំសងសឹករបស់ វង្ស វិឆ័យ អ្នកប្រដាល់ក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ។
ពីរនាក់នេះ នឹងជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់៧០គីឡូក្រាម។ វង្ស វិឆ័យ បានវាយចាញ់ ខាំ ផាន្នី ក្នុងទឹកទី២ កាលពីជួបប្រកួតគ្នានាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ។
ក្នុងការប្រកួតគ្នាពេលនោះ ខាំ ផាន្នី បានវាយ វង្ស វិឆ័យ ឲ្យបោះបង់ការប្រកួតក្នុងទឹកទី២ បន្ទាប់ពីអាជ្ញាកណ្ដាលរាប់គេដល់ដប់នោះ។
វង្ស វិឆ័យ ជាអ្នកប្រដាល់ស្រករក្រោយ ដែលសព្វថ្ងៃកេរ្តិ៍ឈ្មោះរបស់គេកំពុងត្រូវបានគេចាប់អារម្មណ៍គួរសមដែរ។ វិឆ័យ មានកាយសម្បទារឹងមាំ វាយខ្លាំង ហើយវាយមិនចេះខ្លាចគូប្រកួតនោះទេ។ ពោលគឺ វិឆ័យ វាយសម្រុកចូលដោយមិនញញើត ជាមួយនឹងកណ្ដាប់ដៃខ្លាំង សន្ទុះទាត់ក៏ខ្លាំង ជង្គង់កែងក៏ល្អថែមទៀត។ ដូច្នេះហើយ ទើបគេមិនអស់ចិត្តនឹងការបរាជ័យក្រោមដៃខាំ ផាន្នី នោះ។
ខាំ ផាន្នី គេក៏ជាអ្នកប្រដាល់ស្រករក្រោយដែរ ហើយអ្នកប្រដាល់រូបនេះ ក៏វាយខ្លាំងមិនចាញ់ វង្ស វិឆ័យ ប៉ុន្មានដែរ។ អ្នកប្រដាល់រូបនេះ ក៏វាយសម្រុកមិនចេះខ្លាចគូប្រកួតដែរ។
យ៉ាងណា សម្រាប់ការប្រកួតសងសឹកលើកនេះ គេមិនអាចទាយមុនថា វង្ស វិឆ័យ អាចសងសឹក ខាំ ផាន្នី បានសម្រេច ឬអត់នោះទេ។ ការប្រកួតចុងក្រោយ វង្ស វិឆ័យ បានវាយចាញ់ ខាំ ផាន្នី នេះឯង។
ចំណែកការប្រកួតចុងក្រោយរបស់ ខាំ ផាន្នី វិញ គេវាយចាញ់ អ្នកប្រដាល់អាល្លឺម៉ង់ ក្នុងទឹកទី៣។
អ្នកប្រដាល់ ម៉ន ព្រហ្មម៉ាញ ក្លិបការិយាល័យទី៥កងទ័ពជើងគោក ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ស្រករក្រោយ ធឹម ទាន់ ក្លិបរាជសីហ៍ខេត្តរតនគិរី។ ពីរនាក់នេះ ប្រកួតគ្នាក្នុងទម្ងន់៦៣,៥០០គីឡូក្រាម។
ម៉ន ព្រហ្មម៉ាញ ជាអ្នកប្រដាល់ជើងចាស់ និងជាជើងខ្លាំង ដែលធ្លាប់ហែលឆ្លងជើងខ្លាំងក្នុងស្រុក និងបរទេសរាប់មិនអស់។ ព្រហ្មម៉ាញ មានស្នៀតប្រដាល់ល្អ រហ័សរហួន។ គេវាយខ្លាំង ហើយស្នៀតទាត់ កណ្ដាប់ដៃ និងជង្គង់កែងរបស់គេក៏មានផ្លែល្អថែមទៀត ហើយតិចនិកប្រកួតរបស់ក៏ល្អដែរ ដែលធ្វើឲ្យការប្រកួតរបស់គេមានលទ្ធផលល្អជានិច្ច។
ការប្រកួតចុងក្រោយនេះ ម៉ន ព្រហ្មម៉ាញ បានវាយស្មើជាមួយអ្នកប្រដាល់ជនជាតិអ៊ីរ៉ង់ Ali កាលពីថ្ងៃទី២៧មករាកន្លងមកនេះ។ ទោះជាយ៉ាងណា ធឹម ទាន់ ដែលមកប៉ះប្រកួតជាមួយ ម៉ន ព្រហ្មម៉ាញនេះ ក៏ប្រហែលជាពុំស្រួលខ្លួនប៉ុន្មានដែរ ព្រោះ ព្រហ្មម៉ាញ មានកាយសម្បទារឹងមាំ និងកម្លាំងស៊ុហ្វខ្លាំង។
ធឹម ទាន់ ជាអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយ។ អ្នកប្រដាល់រូបនេះ មិនសូវមានផ្លែល្អនោះទេ តែគេមានចិត្តប្រដាល់ធំ ស៊ូចំពោះការប្រកួត ពោលគឺប្រកួតមិនរាថយ ទោះបីឈ្នះក្តីចាញ់ក្តី ធឹម ទាន់វាយមិនដកដៃឡើយ។ ការប្រកួតចុងក្រោយ ធឹម ទាន់ គឺវាយចាញ់ រិទ្ធ ភូលូ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរក្នុងទឹកទី២ កាលពីថ្ងៃទី១៩មករាកន្លងទៅនេះ។
សម្រាប់ការប្រកួតរវាង ម៉ន ព្រហ្មម៉ាញ និង ធឹម ទាន់ នេះ តាមការរំពឹងទុក ធឹម ទាន់ ប្រហែលជាមិនអាចឈ្នះ ម៉ន ព្រហ្មម៉ាញ នោះទេ?។
អ្នកប្រដាល់វ័យក្មេងចៅ រស់ ក្លិបយុវវាលស្បូវខណ្ឌច្បារអំពៅ នឹងត្រូវស្វាគមន៍អ្នកប្រដាល់ជើងចាស់ជុន សាវុធ ក្លិបកងពលដឹកជញ្ជូនលេខ៥០។ ពីរនាក់នេះ ប្រកួតគ្នាក្នុងទម្ងន់៥៤គីឡូក្រាម។
ជាលើកទី១ សម្រាប់ចៅ រស់ និង ជុន សាវុធ ជួបគ្នានេះ។ ចៅ រស់ ទោះជាគេមិនដែលជួប ជុន សាវុធ ក៏ដោយ តែដោយសារមានចិត្តប្រដាល់ធំ គេឡើងប្រកួតដោយគ្មានខ្លាចញញើតទេ។
ចៅ រស់ គេជាអ្នកប្រដាល់វ័យក្មេង ចិត្តធំ កម្លាំងខ្លាំង វាយមិនសំចៃដៃឡើយ។ ប៉ុន្តែយ៉ាងណាការប្រកួតលើកនេះ មិនដឹងថា ចៅ រស់ អាចយកឈ្នះ ជុន សាវុធ ដែលជាជើងចាស់ ឬក៏អត់នោះទេ?។ ការប្រកួតលើកចុងក្រោយរបស់ ចៅ រស់ គឺវាយឈ្នះ អួន អូន ក្លិបតា ព្រហ្មមានជ័យក្នុងទឹកទី២។
ជុន សាវុធ ជាអ្នកប្រដាល់ចាស់វស្សា ដែលមានស្នៀតប្រដាល់ល្អ និងស៊ូជាមួយការប្រកួត ប៉ុន្តែពេលនេះ សាវុធ មិនជាល្អដូចមុនប៉ុន្មានឡើយ ដោយសារគេមានវ័យកាន់តែច្រើន។ សាវុធ ប្រកួតចាញ់ប៉ុន្មានប្រកួតជាប់ៗគ្នា ដែលការប្រកួតលើកចុងក្រោយនេះ គេវាយចាញ់ ម៉ន ភារម្យ ក្លិបការិយាល័យទី៥កងទ័ពជើងគោកដោយពិន្ទុ។
ចំណែក ម៉ិល សារុន អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយ ផង់ សាមឡេ អ្នកប្រដាល់ក្លិបនាគរាជមានជ័យ ហើយបាង កានិត ក្លិបអាណាចក្រគុនខ្មែរ ជួបប្រកួតជាមួយ វូ វាសនា ក្លិបតាឡីដំរីមានរិទ្ធ៕
Source: Kampuchea Thmey Daily
0 Comments