Ad Code

គណៈកម្មការ​សាងសង់ បង្ហាញ​កម្មវិធី​ចូល​ទស្សនា​វិមាន ឈ្នះ ឈ្នះ ក្រោយពី​មាន​អ្នក​ចូល​ទស្សនា​កើនឡើង​ខ្លាំង​



​ភ្នំពេញ ​៖ គណៈកម្មការ​សម្រាប់​សិក្សា និង​សាងសង់​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ និង​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ហៅ​កាត់​ថា “​គណៈកម្មការ​សាងសង់​វិមាន​ឈ្នះ​ឈ្នះ​” បានបង្ហាញ​កម្មវិធី​មួយចំនួន សម្រាប់​ការចូល​ទស្សនា​វិមាន​ឈ្នះ ឈ្នះ ហើយ​ការដាក់​កម្មវិធី​ចូល​ទស្សនា​នេះ ដោយសា​តែមួយ​រយៈ​ចុងក្រោយ​នេះ មានការ​ចាប់​អារម្មណ៍ និង​ចូល​ទស្សនា​យ៉ាងច្រើន​ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​គណៈកម្មការ​ចុះ​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

គណៈកម្មការ​សាងសង់​វិមាន​ឈ្នះ​ឈ្នះ បាន​ឲ្យ​ដឹងថា ឈរលើ​ស្មារតី​គោរព ស្រឡាញ់ និង​បញ្ជាក់​ពី​ការគាំទ្រ ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​កសាង តឹកតាង​ប្រវត្តិសាស្ត្រ​ជាតិ​ពិត ដែល​មិន​ធ្លាប់​មាន​ជា​ប្រវត្តិសាស្ត្រ​នៅ​លើ​ទឹកដី​កម្ពុជា ទើប​នៅក្នុង​រយៈពេល​៥​សប្ដាហ៍​ចុងក្រោយ​នេះ បន្ទាប់ពី​ការ​សម្ពោធ និង​អបអរសាទរ​ខួប​លើក​ទី​២០ នៃ​ទិវា​នយោបាយ​ឈ្នះ ឈ្នះ កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ កន្លងមក ធ្វើឱ្យ​វិមាន​ឈ្នះ ឈ្នះ ទទួល​បាន​ការ​ទាក់ទាញ និង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ពី​សំណាក់​សាធារណៈ​ជនជាតិ អន្តរជាតិ ប្រាថ្នា​ចូល​ទស្សនា យល់ដឹង និង​ឈ្វេងយល់​ជាប់​ជាប្រចាំ​រាល់ថ្ងៃ​ទាំង​ព្រឹក ទាំង​ល្ងាច និង​យប់​។​

តាម​គណៈកម្មការ​សាងសង់​វិមាន​ឈ្នះ​ឈ្នះ បច្ចុប្បន្ន​ក្រុមការងារ​ បាន​បន្ត​និរន្តរភាព​ក្នុង​ដំណាក់កាល​អន្តរកាល​របស់​ខ្លួន ដោយ​ទទួល​ភារកិច្ច​ដ៏​ធំធេង ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ និង​ម្ចាស់ការ​ខ្ពស់ តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មការ​សាងសង់​វិមាន​ឈ្នះ​ឈ្នះ បានប្រគល់​ជូន​។ ដោយសារ​សមាជិក​ក្រុមការងារ​ទទួលបន្ទុក​វិមាន​ឈ្នះ​ឈ្នះ សមត្ថភាព​នៅមានកម្រិត ក្នុង​ការផ្តល់សេវា និង​បច្ចេកទេស មិនទាន់​ឆ្លើយតបបាន​ទៅនឹង​ទីតាំង​ដែល​ទើប​ចាប់ផ្ដើម​កសាង​នេះ ដូចជា​បរិវេណ​តូច ការធានា​គ្រប់គ្រង​បច្ចេកទេស អគ្គិសនី និង​របៀបរបប​សណ្ដាប់ធ្នាប់​ចេញ ចូល នៅមានកម្រិត ទៅតាម​ទំហំ​សេចក្តីត្រូវការ​របស់​អ្នកទស្សនា​។​

ដើម្បី​តម្រូវ​តាម​អ្វី​ដែលជា​ការពិត​ជាក់ស្តែង​នោះ គណៈកម្មការ​សាងសង់​វិមាន​ឈ្នះ​ឈ្នះ បាន​បញ្ជាក់ថា ទី​១, សារមន្ទីរ​មគ្គុទ្ទេសក៍​តេ​ជោ​សែន នឹង​រៀបចំ​បើក​ឲ្យ​ទស្សនា​ជា​រៀងរាល់ថ្ងៃ​ពុធ សុក្រ សៅរ៍ និង​អាទិត្យ ដោយ​ចាប់ពី​ម៉ោង​២ រសៀល ដល់​ម៉ោង​៥ ល្ងាច​។​
ទី​២, ចំពោះ​ការបើក​ឲ្យ​ចូល​ទស្សនា​ក្រៅពី​ពេលវេលា​កំណត់​ខាងលើនេះ គណៈកម្មការ​សាងសង់​វិមាន​ឈ្នះ​ឈ្នះ អនុញ្ញាត​ជូន​តែ​មន្ត្រីរាជការ ក្រសួង ស្ថាប័ន និង​ក្រុម​កម្មសិក្សា​នីមួយៗ ដែល​បាន​ស្នើសុំ​ជា​ផ្លូវការ​។​
​ទី​៣, ចំពោះ​តំបន់​សុខដុម​នីយកម្ម តំបន់​សួន​តេ​ជោ​សន្តិភាព រូបចម្លាក់ និង​បរិវេណ​ជុំវិញ អនុញ្ញាត​ឲ្យ​ចូល​ទស្សនា​ជាធម្មតា​។​

ដោយសារ​មាន​ឈ្នះ ឈ្នះ នឹង​ក្លាយជា​សំណង់​រយ​ឆ្នាំ​សម្រាប់​អនាគត ហើយ​ទើបតែ​ចាប់ផ្ដើម​ដាក់ជូន​ទស្សនា​ជា​ជំហាន​ដំបូង​ដ៏​ខ្លី​ប៉ុណ្ណោះ ទទួល​បាន​ការចូលរួម​ពី​សាធារណជន​គ្រប់​ស្រទាប់ រួមទាំង​អ្នក​សិក្សា​ស្រាវជ្រាវ​នានា​ផង​ដែរ ហើយ​ដោយសារ​តែ​ដំណើរការ​ដ៏​វែងឆ្ងាយ ដែល​ត្រូវ​បន្ត ដូចនេះ​គណៈកម្មការ​នឹង​ផ្ដល់​ដំណឹង​ជូន​ជាក់ស្ដែង​តាម​ជំហាន និង​តាម​ដំណាក់កាល​នីមួយៗ​ថែមទៀត។

តាម​សេចក្ដីជូនដំណឹង​នោះ ក្រុមការងារ​បានរៀបចំ​ទីតាំង​ផ្ដល់​ព័ត៌មាន​មួយ នៅខាងមុខ​ជា​បណ្ដោះអាសន្ន ដើម្បី​ចែករំលែក​ព័ត៌មាន ព្រមទាំង​ការយល់ដឹង​អំពី​ការ​តាំងពិព័រណ៍ និង​ការ​បញ្ចាំង​ខ្សែ​វីដេអូ​បឋម ដើម្បី​ជា​ការ​សិក្សា​ស្វែងយល់ មុននឹង​ធ្វើដំណើរ​ទស្សនកិច្ច​ជុំវិញ​វិមាន​ឈ្នះ​ឈ្នះ ហើយ​ដើម្បី​ឲ្យ​ការ​ចូល​ទស្សនា​នៅ​តំបន់​វិមាន​ឈ្នះ​ឈ្នះ ងាយ​យល់ដឹងបាន​ទូលំទូលាយ ឆ្លើយតប​ទៅនឹង​រូបចម្លាក់ ទម្រង់​សំណង់ និង​រឿងរ៉ាវ​នៅ​ក្នុង​សារមន្ទីរ ក្រុមការងារ​សំណូមពរ​ដល់​គណៈប្រតិភូ​ទស្សនកិច្ច សាធារណជន​ជាតិ អន្តរជាតិ​ទាំងអស់ មុននឹង​អញ្ជើញ​មក​ទស្សនា​វិមាន​ឈ្នះ ឈ្នះ គប្បី​ទស្សនា​ខ្សែ​វីដេអូ ដែលមាន​ចំណងជើង​ថា “​មាគ៌ា​សង្គ្រោះ​ជាតិ​កម្ពុជា​” ជា​ប្រវត្តិ​ជាក់ស្ដែង​ក្នុង​ការ​យក​ជីវិត​ធ្វើជា​ដើមទុន​របស់​សម្ដេច​តេ​ជោ សែន នាយករដ្ឋមន្ត្រី និង​ទស្សនា​វីដេអូ​ខ្លី​ស្តីពី “​ដំណើរការ​អនុវត្តន៍​នយោបាយ ឈ្នះ ឈ្នះ​” “​សំណង់​វិមាន ឈ្នះ ឈ្នះ​” និង​អត្ថន័យ​ទាក់ទង​ទៅនឹង​ប្រវត្តិសាស្ត្រ​នៃ​ការសាងសង់ ដែលមាន​អត្ថន័យ​ទាក់ទង​ជាមួយនឹង​ខ្លឹមសារ ដែល​គណៈកម្មការ​សាងសង់​វិមាន​ឈ្នះ ឈ្នះ ផ្តល់ជូន​តាមរយៈ​បទសម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែលមាន​ទូរទស្សន៍ សៀវភៅ និង​ឯកសារ​ផ្សេងៗ​ជាដើម ដែល​បាន​ចែកជូន​កន្លងមក​។ នៅពេល​ខាងមុខ ដើម្បី​ផ្ដល់ជូន​សាធារណៈ​ជនជាតិ​អំពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ជាតិ ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត ក្រុមការងារ នឹង​រៀបចំ​សារមន្ទីរ​បន្ថែម​នៅ​ជាន់​ផ្ទាល់​ដី តាម​លទ្ធភាព និង​ពេលវេលា​ជាក់ស្ដែង​។​
ដើម្បី​ចូលរួមចំណែក ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ បរិស្ថាន និង​សោភ័ណភាព​ស្អាត ប្រកបដោយ​អនាម័យ គណៈកម្មការ​សាងសង់​វិមាន​ឈ្នះ​ឈ្នះ សំណូមពរ​យ៉ាង​ទទូច​ចំពោះ​សាធារណៈ​ជនជាតិ អន្តរជាតិ​ទាំងអស់ ដែល​អញ្ជើញ​ទស្សនា​វិមាន​ឈ្នះ ឈ្នះ យកចិត្តទុកដាក់​ចូល​រួម​អនុវត្ត​បញ្ហា​មួយ​ចំនួន​រួមមាន ទី​១, ចូលរួម​ទស្សនា ដោយ​អធិដ្ឋាន​នូវ​បាវចនា​ទាំង​៣​នៃ​វិមាន​ឈ្នះ ឈ្នះ គឺ​ភាព​កតញ្ញូ សុខដុម និង​ការ​ចូលរួមចំណែក​ទាំង​អស់​គ្នា ដើម្បី​សិក្សា​ស្វែងយល់​ឲ្យ​បាន​ស៊ីជម្រៅ នូវ​អត្ថន័យ​នយោបាយ​ឈ្នះ ឈ្នះ ដើម្បី​បន្ត​ការ​អភិវឌ្ឍ​​ ឲ្យ​ក្លាយទៅជា​ទីឋាន​សក្ការៈ សម្បត្តិ​វប្បធម៌​ប្រវត្តិសាស្ត្រ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​បន្ត​ទៅមុខទៀត​។​
​ទី​២, ក្នុងពេល​ទស្សនា នៅ​បរិវេណ​វិមាន​ឈ្នះ ឈ្នះ សូម​ចូលរួម​ធានា​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ តាម​សេចក្តីណែនាំ​របស់​ក្រុម​មគ្គុទ្ទេសក៍​ប្រចាំការ​។​
​ទី​៣, សូមជួយ​ថែរក្សា ការពារ​ក្បាច់ចម្លាក់ រចនាបថ ស្ថាបត្យកម្ម នៃ​សំណង់ និង​សោភ័ណភាព ដើម្បី​រក្សា​បាន​អនាម័យ​ខ្ពស់ មិន​មាន​ការ​ហូបចុក ឬ​យក​សម្ភារៈ សំរាម​ដែល​ធ្វើ​ឲ្យ​បាត់​សោភ័ណភាព ប៉ះពាល់​ដល់​សំណង់​វិមាន​ឈ្នះ ឈ្នះ និង​សំណង់​អម ឬ​អាងទឹក​ដែល​នាំ​ឲ្យ​ខូចខាត​លក្ខណៈ​បច្ចេកទេស​ដើម​នៃ​សំណង់ ដូចជា​ការ​ប៉ះពាល់​រូបចម្លាក់ ដើមឈើ ដែល​ជា​សម្បត្តិ​សាធារណៈ ដើម្បី​រក្សាទុក​ត​កូន ត​ចៅ ទៅ​ជំនាន់​ក្រោយ​។​

ជាមួយគ្នា​នោះ គណៈកម្មការ​សាងសង់​វិមាន​ឈ្នះ ឈ្នះ មាន​ជំនឿ​យ៉ាង​មុតមាំ​ថា សាធារណ​ជនជាតិ អន្តរជាតិ នឹង​រួមគ្នា​ដើម្បី​ថែរក្សា កសាង តឹកតាង​ប្រវត្តិសាស្ត្រ ដែល​ពុំ​ធ្លាប់មាន​នេះ​ជា​រៀងរហូត​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu