Ad Code

ព្រំ​ សំណាង រកបាន​ដៃគូ​ប្រកួត​ហើយ ​ជាមួយ​ថៃ​ ឈ្មោះ Manouv Van នៅ​TV5



ព្រំ សំណាង អ្នក​ប្រដាល់​ជើង​ខ្លាំង ​នៃ​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវ​គេ​ផ្គូ ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​វ័យក្មេង​ថៃ Manouv Van នា​យប់​ថ្ងៃ​សុក្រ​ ទី​៣០ ខែ​មីនា ឆ្នាំ​២០១៨​នេះ នៅ​លើ​សង្វៀន​TV5 ព្រែក​កំពឹស ក្នុង​កម្មវិធី​ប្រដាល់​កំពូល​ជើងឯក​TV5 Knock Out Series by K.cement ។​

ព្រំ សំណាង និង Manouv Van នឹង​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៧៧​គីឡូក្រាម។ សំណាង​ លើក​នេះ ប៉ះចំ​ជើង​ខ្លាំង​ហើយ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ត្រឹមតែ​វាយ​ខ្លាំង​ទេ គឺ​ថែមទាំង​ជា​ជើង​ខ្លាំង​នៅ​ប្រចាំ ​នៅ​ស្រុក​ថៃ​ផង​ដែរ។ នេះ​បើ​តាម ​លោក ថៃ អ៊ូ ប្រតិភូ​ដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​ឲ្យ​ដឹង។​

លោក ថៃ អ៊ូ បាន​ប្រាប់​កម្ពុ​ជាថ្មី​យ៉ាង​ដូច្នេះ​ថា Manouv Van គេ​ជា​ជើង​ខ្លាំង​វ័យក្មេង​នៅ​ស្រុក​ថៃ តែ​គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​នោះ​ទេ គឺជា​លើក​ទី​១​ សម្រាប់​រូបគេ ​ដែល​មក​ជួប​ជាមួយ​អ្នក​ប្រដាល់​កម្ពុជា​នេះ។

ដូចនេះ​មិនធម្មតា​ទេ យក​ថៃ​ជើង​ខ្លាំង​មក​ជួប​ព្រំ​សំណាង​លើក​នេះ​ ដោយសារតែ​យក​មក​លើក​មុនៗ​ត្រូវ​សំណាង​បំបាក់ ​តែ​ក្នុង​ទឹក​ទី​១ ​ទី​២ ​ឬ​ទី​៣​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ សំណាង ជួប​បញ្ហា​អត់​គូ​វាយ​រហូត​មក​ដល់ពេលនេះ។​

Manouv Van គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៥​លើក ក្នុងនោះ​ឈ្នះ ៦៨​លើក ចាញ់ ០៥​លើក និង ស្មើ ០២លើក។

ទោះជា​យ៉ាងណា ព្រំ សំណាង គេ​មិន​ខ្លាច​នោះឡើយ ដោយ​គេ​បាន​អះអាង​ថា ការ​ឈ្នះ​ចាញ់ មិន​អាច​ទាយ​មុន​បានទេ គឺ​ទាល់តែ​ប្រកួត​គ្នា​ទើប​ដឹងថា អ្នកឈ្នះ អ្នកណា​ចាញ់​បាន។ សំណាង ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ បាន​ផ្ដួល​អ្នក​ប្រដាល់​ថៃ​Chalermdet Sor. Tawanrung ក្នុង​ទឹក​ទី​២ កាលពី​ថ្ងៃទី​៣០ ខែ​មិនា​ ឆ្នាំ​២០១៨​កន្លងទៅ។ គិត​ត្រឹម​ពេលនេះ ព្រំ សំណាង គេ​វាយ​ឈ្នះ​អ្នក​ប្រដាល់​បរទេស​ប្រមាណ​ជាង​៣០​នាក់​ហើយ ក្នុង​នោះ​មាន​ថៃ​ជាង​២០​នាក់​ផងដែរ។​

ព្រំ សំណាង គេ​មាន​ផ្លែ​កណ្ដាប់ដៃ ​និង​ជង្គង់​ល្អ​ណាស់ ហើយ​ថែមទាំង​មាន​កម្លាំង​កាយសម្បទា​ល្អ​រឹងមាំ មិន​ចាញ់​អ្នក​ប្រដាល់​បរទេស​ឡើយ។ ហើយ​បើ​ប្រកួត​ជាមួយ​ខ្មែរ​គ្នាឯង​វិញ សំណាង ហាក់​ដូចជា​រក​ដៃគូ​មិនបាន​នោះទេ ព្រោះ​គេ​ឈ្នះ​រហូត។ សំណាង មានចិត្ត​ប្រដាល់​ធំ មិន​ចេះ​ខ្លាច មិន​ចេះ​ញញើត គ្រាន់តែ​គេ​ខ្វះ​ល្បិចកល​ក្នុង​ការ​ផ្ដួល​គូប្រកួត​តែប៉ុណ្ណោះ។

ទោះជា​យ៉ាងនេះ​ក្តី ព្រំ សំណាង ​មិនទាន់​ប្រាកដថា អាច​យកឈ្នះ​លើ​អ្នក​ប្រដាល់​ថៃ Manouv Van បាន​នោះឡើយ។ ហើយ​យ៉ាងណា ព្រំ សំណាង ក៏​មិន​អាច​មើលស្រាល​អ្នក​ប្រដាល់​ថៃ​នោះដែរ។​

ព្រំ សំណាង មាន​ប្រវត្តិ​ប្រកួត​៨៧​លើក ក្នុង​នោះ​វាយ​ឈ្នះ​៧៧​លើក ចាញ់​០៨លើក និង ស្មើ​០២​លើក។ ចាំមើល តើ​ ព្រំ សំណាង ឬ Manouv Van ដែល​ឈ្នះ​ក្នុង​ការ​ជួប​ប្រកួត​គ្នា​នេះ៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu