Ad Code

ចាប់​ខ្លួន​ជនជាតិ​ឡាវ​ម្នាក់​​ ជាមួយ​គ្រឿងញៀន​(WY)​ជាង​៥​ពាន់​គ្រាប់



ស្ទឹងត្រែង ​៖​ ជន​សង្ស័យ​ម្នាក់​ ជា​ជនជាតិ​ឡាវ​មាន​ ឈ្មោះ​ងួន ​ឡៃ អាយុ​៤០​ឆ្នាំ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន​បាន​ ជាមួយ​នឹង​វត្ថុ​តាង ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(WY)​ពណ៌​ក្រហម​ចំនួន​២៧​​កញ្ចប់​តូច​ស្មើ​នឹង​៥៣០២​គ្រាប់ ​ដែល​បាន​នាំ​ចូល​មក​ទឹកដី​កម្ពុជា​តាម​ច្រក​ត្រពាំង​គ្រៀល​នៅ​ថ្ងៃទី​០៦ ខែ​​កុម្ភៈ ​ឆ្នាំ​២០១៩​នេះ។

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជាក់​ថា​ ៖​ ការ​ឃាត់​ខ្លួន​ ជនជាតិ​ឡាវ​នេះ​ បាន​ធ្វើ​ឡើង​វេលា​ម៉ោង ១០​និង​៤២​នាទី​នៅ​ថ្ងៃ​ទី​០៦ ​ខែ​កុម្ភៈ ឆ្នាំ​២០១៩​ នៅ​ចំណុច​បង្គោល​លេខ​០៣៦ ក្នុង​ភូមិ​ខាំ​ផាន់ ឃុំ​អូរ​ស្វាយ​សង្កាត់​សាមគ្គី​ក្រុង ខេត្ត​ស្ទឹងត្រែង។

លោក​ឧត្ដមសេនីយ៍ត្រី​អៀង​ វ៉ាន់ឌី​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជាក់​ថា ​៖​ ជនសង្ស័យ​ឈ្មោះ​ងួន ​ឡៃ​ នេះ​ មាន​មុខរបរ​ធ្វើជា​កម្មករ​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ភា​ង​ឌី ស្រុក​មឿង​ខូង ខេត្ត​ចំប៉ា​សាក់​ប្រទេស​ឡាវ ក្រោយពី​ឃាត់ខ្លួន​ត្រូវ​បាន​នាំ ​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​សាកសួរ​លម្អិត​ពី​ករណី​នេះ។

លោក​ឧត្ដមសេនីយ៍​បន្ត​ថា ​ជនសង្ស័យ​អួន​ឡៃ​ បាន​សារភាព​ថា ​៖​ គ្រឿងញៀន​នេះ​ ពិតជា​ខ្លួន​បាន​នាំ​យក​មកពី​ប្រទេស​ឡាវ​មែន​ ដោយ​មិន​បាន​គិត​ខ្លាច​សមត្ថកិច្ច​ចាប់​នោះ​ទេ ព្រោះតែ​ចង់បាន​ប្រាក់​ដើម្បី​ដោះស្រាយ​ជីវភាព​រស់នៅ ព្រោះ​មាន​ជន​ម្នាក់​ដែល​ខ្លួន​ធ្លាប់​ស្គាល់​ជា​ជនជាតិ​ខ្មែរ​ទៅ​លេង​នៅ​ប្រទេស​ឡាវ​បាន​ពឹង​ពាក់​ឱ្យ​នាំ​យក​មក​ឱ្យ​នៅ​ក្នុង​ទឹកដី​កម្ពុជា។

គួរ​រំលឹក​ថា​ កាលពី​ថ្ងៃ​ទី​២៩ ខែ​​មករា​ ឆ្នាំ​២០១៩​កន្លង​មក​ថ្មីៗ​នេះ ​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​កែ​.​គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​មានប្រសាសន៍​ ណែនាំ​ឱ្យ​កម្លាំង​សមត្ថកិច្ច​បង្កើន​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ​ ឱ្យ​ បាន​សកម្ម​ និង​បង្កើន​ល្បឿន​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ញឹកញាប់​ដល់​ស្រទាប់​ប្រជាពលរដ្ឋ​ដើម្បី​កុំ​ឱ្យ​ចាញ់បោក​តាម​ការ​ញុះញង់។

សូម​បញ្ជាក់​ថា ​៖ ​ថ្នាំញៀន​២៧​កញ្ចប់​នេះ​ សមត្ថកិច្ច​បាន​ហែក ​រាប់​ជាក់ស្ដែង​មាន​ចំនួន​៥៣០២​គ្រាប់​ហើយ​មន្ត្រី​ជំនាញ ​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​អនុវត្ត​តាម​នីតិ​វិធី៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu