កំពង់ឆ្នាំង ៖ ផ្ទះក្បឿង៣ខ្នង និងទ្រព្យសម្បត្តិនៅក្នុងផ្ទះទាំងអស់ របស់មន្ត្រីនគរបាលស្រុកកំពង់ត្រ ឡាចម្នាក់ ត្រូវអគ្គិភ័យឆេះខ្ទេចទាំងស្រុង ខណៈដែលម្ចាស់ផ្ទះទាំងប្ដីប្រពន្ធមិននៅផ្ទះ ដោយសារទុស្សេចរន្តអគ្គិសនី។ គ្រោះអគ្គិភ័យនេះ បានកើតឡើងវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងភូមិស្រែប្រីយ៍ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច។
លោក នន ស៊ីណាត អធិការនគរបាលស្រុកកំពង់ត្រឡាចបានឲ្យដឹងថា ម្ចាស់ផ្ទះ ដែលត្រូវអគ្គិភ័យឆាបឆេះនោះ គឺ លោក លី សំអាត អាយុ៣៨ឆ្នាំ មានឋានន្តរសក្ដិ អនុសេនីយ៍ទោ ជានាយរងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាល ស្រុកកំពង់ត្រឡាច។ ដោយមុនពេលកើតហេតុ មិនមានអ្នកណានៅផ្ទះទេ គឺ លោក លី សំអាត ជាប្តី ត្រូវទៅប្រចាំការនៅភូមិលាច ចំណែកប្រពន្ធគាត់ជាកម្មករធ្វើការនៅរោងចក្រស្បែកជើងឆ្ងាយពីផ្ទះ ចំណែកកូនៗ ២នាក់ ទៅនៅជាមួយជីដូនភូមិផ្សេង។
ក្នុងពេលកើតហេតុនៅម៉ោងប្រមាណជាង៣រសៀល មានអណ្ដាតភ្លើងឆាបឆេះផ្ទះជនរងគ្រោះយ៉ាងសន្ធោសន្ធៅ ខណៈនោះ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច បានចេញអន្តរាគមន៍បាញ់ទឹកពន្លត់អស់ចំនួន៣គ្រឿង ប៉ុន្តែដោយសារតែភ្លើងឆេះលឿនពេក មិនអាចជួយសង្គ្រោះអ្វីបានឡើយ គ្រាន់តែទប់ទល់សភាពការណ៍ មិនឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងក្នុងភូមិតែប៉ុណ្ណោះ។
ចំពោះការខូចខាតមាន ផ្ទះទំហំ៨ គុណនឹង៩ម៉ែត្រ ជញ្ជាំងក្តារ ក្រាលក្តារ ប្រក់ក្បឿង៣ខ្នង ត្រូវបានឆេះខ្ទេចទាំងស្រុង និងផ្ទះបាយទំហំ ៤គុណនឹង៦ម៉ែត្រ ក៏ត្រូវឆេះខ្ទេចអស់ដែរ។ សម្ភារៈខូចខាតរួមមាន ស្រូវ២០បាវ អង្គរ១៥០គីឡូ លុយខ្មែរ៥០ម៉ឺនរៀល ប្រាក់ដុល្លារ២ពាន់ដុល្លារ មាស៥ជី ទូរទស្សន៍១ កង្ហារ១ និងសម្ភារៈជាច្រើនទៀតផងដែរ។
លោកអធិការនគរបាលស្រុកកំពង់ត្រឡាចបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានអគ្គិភ័យនេះ មកពីទុស្សេរចរន្តអគ្គិសនី ក្នុងនាមលោក ជាអធិការនគរបាលស្រុកកំពង់ត្រឡាច សូមអំពាវនាវដល់សប្បុរសជន ជិតឆ្ងាយ សូមមេត្តា ជួយគ្រួសារខាងលើនេះផង ព្រោះពេលនេះ ជនរងគ្រោះនៅក្នុងក្រុមគ្រួសារ គឺនៅសល់ខោអាវមួយចង្កេះម្នាក់តែប៉ុណ្ណោះ ពិតជាគួរឲ្យអាណិតអាសូរខ្លាំងណាស់៕
Source: Kampuchea Thmey Daily
0 Comments