បាត់ដំបង ៖ ជនសង្ស័យចំនួន២នាក់ ដែលជាមុខសញ្ញាលួចឥតស្រាកស្រាន្ត និងជាមុខសញ្ញាធ្លាប់ជាប់គុករាប់ភ្លេច ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តបាត់ដំបង ចុះសហការជាមួយកម្លាំង ប៉ូលិសខេត្តកំពង់ចាម ធ្វើការចាប់ខ្លួនយកមកកាន់ខេត្តបាត់ដំបងវិញទៅតាមដីការបស់តុលាការ ខេត្តបាត់ដំបង។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៧ ព្រឹកនៅត្រង់ចំណុច ផ្សារគាស់ក្រឡ ស្ថិតនៅភូមិមុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានករណីបន្លំលួចមួយបានកើតឡើង ដែល បង្កដោយស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ និងបក្សពួកបានចូលបន្លំលួចមាស របស់ជនរងគ្រោះឈ្មោះ ហ៊ីង សុផល ភេទប្រុស អាយុ ៥៩ ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ដោយធ្វើជារកទិញកង្ហារ និងរកដូរលុយ ស្របពេលដែលជនរងគ្រោះ និងប្រពន្ធភ្លេចខ្លួន ក៏បន្លំយកប្រអប់មួយដែលក្នុងនោះមានមាសចំនួន ១០ តម្លឹង រួចគេចខ្លួនបាត់។
បន្ទាប់ពីបានស្រាវជ្រាវអស់មួយរយៈរួចមក តុលាការបានចេញដីកា នាំខ្លួន លេខ ១២ និង ១៣ ចុះថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០១៩ ដោយកំណត់អោយនាំខ្លួនជនសង្ស័យ ២ នាក់ ប្តី ប្រពន្ធ ដែលមានឈ្មោះ ឡោ ថុល អាយុ ៤៩ ឆ្នាំ ( ប្តី ) និងឈ្មោះ ឡុង ស្រី អាយុ ៤៥ ឆ្នាំ ( ប្រពន្ធ )។
នៅព្រឹកថ្ងៃដដែលនេះដែរ លោកស្នងការរង ជេត វណ្ណនី បានដឹកនាំកម្លាំង ដែលក្នុងនោះមាន លោកឈឿង គឹមសុង នាយរងការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាល និងលោក ឆាង វណ្ណឆៃ អធិការ នគរបាលស្រុក គាស់ក្រឡ បានធ្វើដំណើរទៅកាន់ចំណុច ភូមិ ត្រពាំងក្រសាំង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយសុំ សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ចាម និងបានចាប់ខ្លួនជនសង្ស័យទាំង ២ នាក់ខាងលើ ដើម្បីនាំខ្លួនយកមកកាន់តុលាការខេត្តបាត់ដំបង វិញ។
នេះគឺជាកិច្ចប្រតិបត្តិការដ៏ល្អបំផុត ដែលសមត្ថកិច្ចខេត្ត និងកម្លាំងប៉ូលិសមូលដ្ឋាន ដែលបានសិក្សា និងស្រាវជ្រាវតាមកំណត់មុខសញ្ញា រហូតចាប់ខ្លួនបាននៅខេត្តផ្សេងទៀត។ លោក ស្នងការរង ជេត វណ្ណនី បានគូសបញ្ជាក់ដែរថា ក្រោយអនុវត្តសម្រេចកម្លាំង បាន កសាងសំណុំរឿងដើម្បីបញ្ជូនជនល្មើសឲ្យទៅសាលាដំបូងខេត្តបាត់ដំបង និងចាត់ ការបន្តតាមនីតិវិធី ហើយលោក ក៏កំពុងសហការស្រាវជ្រាវរកមុខសញ្ញាបន្តទៀតនៅខេត្តពោធិ៍សាត់ និង ខេត្តកំពង់ឆ្នាំង ផងដែរ ដែលជាបក្ខពួក៕
Source: Kampuchea Thmey Daily
0 Comments