Ad Code

អតីត​មនុស្ស​ជំនិត​របស់​អតីត​មេដឹកនាំ​បក្សប្រឆាំង​ថា ការ​ជឿ​លើ​មេដឹកនាំ​ជ្រុល​សម័យ សម រង្ស៊ី គឺជា​រឿង​ឆ្កួត​លីលា



ភ្នំពេញ​ ៖​ លោក គង់ គាំ ប្រធាន​កិត្តិយស​គណបក្ស​ឆន្ទៈ​ខ្មែរ និង​ជា​អតីត​មនុស្ស​ជំនិត​របស់​លោក សម រង្ស៊ី បាន​អះអាង​ថា ការ​ជឿ​លើ​មេដឹកនាំ​ជ្រុលនិយម និង​ហួសហេតុ​និយម (​សម រង្ស៊ី ) លើ​អ្វីដែល​មិនអាច​កើតឡើង​បាន គឺជា​រឿង​ឆ្កួត​លីលា​បំផុត ពីព្រោះ​សកម្មភាព​របស់លោក សម រង្ស៊ី ទាំង​ការ​និយាយ ទាំង​ការត្រៀម ដើម្បី​ងើបឡើង​ផ្តួលរំលំ​អំណាច​របស់ ហ៊ុន សែន ដែល​កំពុង​គ្រប់គ្រង​ប្រទេស គឺជា​ភាព​ស្រមើស្រមៃ ដែល​មិន​អាច​កើតមាន​បានឡើយ​។​

ប្រធានកិត្តិយស​គណបក្ស​ឆន្ទៈ​ខ្មែរ លោក គង់ គាំ លើកឡើង​បែបនេះ តាមរយៈ​បណ្ដាញ​សង្គម Facebook ផ្លូវការ​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ហើយ​ការ​លើក​ឡើង​នេះ បន្ទាប់ពី​លោក សម រង្ស៊ី និយាយ​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​សកម្មជន​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស​កាលពី​ថ្ងៃ​ទី​០៣ កុម្ភៈ​ថា លោក​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ ២០១៩​នេះ គឺ​មិនមែន​ទៅ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ចាប់​ទេ តែ​រូបលោក រួមជាមួយ​ប្រជារាស្ត្រ​ខ្មែរ​រាប់លាន​នាក់ នឹង​ទៅ​ចាប់​សម្តេច ហ៊ុន សែន វិញ​។​

លោក គង់ គាំ បាន​បញ្ជាក់ថា ការជឿ​លើ សម រង្ស៊ី មេដឹកនាំ​ជ្រុល​សម័យ និង​ហួសហេតុ​និយម អំពី​អ្វីដែល​មិនអាច​កើតឡើង​បាន គឺជា​ភាព​លីលា​បំផុត ពីព្រោះ​សម រង្ស៊ី ថា ទៅ​ស្រុក​ខ្មែរ មិន​ឲ្យ​សម្តេច ហ៊ុន សែន ​ចាប់​ទេ​ គឺ​ប្រជាពលរដ្ឋ​ងើបឡើង​ជាមួយ​សម រង្ស៊ី ទៅ​ចាប់​សម្តេច ហ៊ុន សែន វិញ​។ តាម​លោក គង់ គាំ ការចង់​ឆាចោល​របប​សម្តេច ហ៊ុន សែន ចេញ គឺជា​អ្វីដែល​មិនអាច​កើតមាន ពីព្រោះ​របប​នេះ ខ្មែរ​បាត់បង់​ដីធ្លី បាន​ដីធ្លី​មកវិញ ខ្មែរ​ជំពាក់​គេ លែង​ជំពាក់​គេ​។ កសិផល​បាន​ថ្លៃ​ខ្ពស់ ប្រាក់ខែ​មន្ត្រីរាជការ ប្រាក់​ឈ្នួល​កម្មករ​ខ្ពស់ ប៉ុន្តែ​នយោបាយ​ឆុងៗ​របស់​សម រង្ស៊ី វា​នឹង​កំពប់​អស់ ធ្វើ​ឲ្យ​ច្របូកច្របល់​អស់ រលំរលាយ ហើយ​នេះ​ជា​ការ​ពិត​។​

លោក គង់ គាំ លើកឡើង​ទៀត​ថា “​ភាសា និង​អំពើ ត្រៀម​ធ្វើ (​ជាអាទិ៍​) របស់​សម រង្ស៊ី អំពី​ការ​ងើបឡើង​ផ្តួលរំលំ​អំណាច ដែល​កំពុង​គ្រប់គ្រង​ប្រទេស ដើម្បី​ភាព​ស្រមើស្រមៃ​ទាំងឡាយ គឺ​អំពើ​ប្រទូសរ៉ាយ ភាព​អន្តរាយ​តាំងពី​ដើមទី​រហូត​ទី​បញ្ចប់។ គណបក្ស ឆន្ទៈ​ខ្មែរ ដែល​ស្របច្បាប់ ស្ថិត​ក្នុង​បញ្ជី​ស្រាប់ (​ជា​គណបក្សប្រឆាំង​ថ្មី - រូប​សញ្ញា​ព្រះអាទិត្យ​ថ្មី - ជា​ជម្រើស​ថ្មី - ដើម្បី​ការ​ផ្លាស់ប្តូរ​ថ្មី​) ដែល​ចូលរួម ទាំង​ការ​ការពារ ការ​កសាង ទាំង​ការប្រកួតប្រជែង​ឲ្យ​មានការ​ផ្លាស់ប្ដូរ​តាម​ក្រឹត្យក្រម (​គតិ​ច្បាប់​) ដោយ​សន្តិវិធី​តទៅ​”​។​
ទាក់ទង​បញ្ហា​នេះ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានបញ្ជាក់​កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែកុម្ភៈ​ថា ដើម្បី​មហិច្ឆតា​អំណាច ទណ្ឌិត សម រង្ស៊ី បាន​រត់ចោលស្រុក និង​ខិតខំ​បំផុស ដោយ​យក​នយោបាយ​ខ្មែរក្រហម​ប៉ុលពត មក​ដុត​កំហឹង​ប្រជាជន និង​កងទ័ព​ដូចជា ចង់​ផ្តួល​រំលំ​របប​សព្វថ្ងៃ​ចោល ដើម្បី​ឆាចោល​បំណុល​ធនាគារ និង​បំណុល​ផ្សេងៗ​, រឹប​អូស​យក​លុយ​កាក់ និង​ទ្រព្យសម្បត្តិ ដីធ្លី​របស់​អ្នក​មាន​មក​ចែក​អ្នកក្រ​, យក​ប្រាក់​កម្ចី​ពី​បរទេស​សម្រាប់​កសាង និង​អភិវឌ្ឍន៍​ប្រទេស​មក​ចែក​ប្រជាជន​ក្រីក្រ និង​រឹបអូស​ទ្រព្យសម្បត្តិ និង​ប្រាក់កាស​ត្រកូល​ហ៊ុន​មក​ចែក​ប្រជាជន​ជាដើម​។

តាម​លោក សុខ ឥសាន គម្រោង​ផែនការ​របស់​ទណ្ឌិត​រត់​ចោលស្រុក​នេះ គឺជា​នយោបាយ ប៉ុល ពត សុទ្ធសាធ ដែល​ប្រជាជន​កម្ពុជា​ធ្លាប់​បាន​ភ្លក់​រសជាតិ​ដ៏​ជូរចត់​ហួសវិស័យ​រួចមកហើយ ហើយ​នេះ​គ្រាន់តែ​ជា​នយោបាយ​ចង​អាឃាត​របស់​ទណ្ឌិត សម រង្ស៊ី តែប៉ុណ្ណោះ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu