Ad Code

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៦​កុម្ភៈ​ កើតឡើង​៩​លើក ​ស្លាប់​៦​នាក់ ​របួសធ្ងន់​ស្រាល​៩​នាក់​



​ភ្នំពេញ​ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ថា កាលពី​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩ មាន​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន​៩​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់ ( ស្រី ១​នាក់ ) រងរបួស​ធ្ងន់ ៨​នាក់ ( ស្រី២​នាក់ ) និង​រងរបួស​ស្រាល ១​នាក់ ( ប្រុស ) ក្នុងនោះ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព១៤​នាក់ ( យប់៦​នាក់ )។

នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ បាន​បណ្តាល​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៧​គ្រឿង ក្នុងនោះ​មាន ម៉ូតូ ចំនួន​១០​គ្រឿង រថយន្ត​ធុន​តូច ចំនួន​៥​គ្រឿង រថយន្ត​ធុន​ធំ ចំនួន​២​គ្រឿង និង​អ្នក​ថ្មើរជើង ចំនួន​១​នាក់។​

របាយការណ៍​ខាងលើ​ប្រាប់​បន្តថា មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្មើស​ល្បឿន៤​លើក ( ស្លាប់៣​នាក់ ) , មិន​គោរព​សិទ្ធិ ១​លើក ( ស្លាប់​១​នាក់ ) , ស្រវឹង១​លើក , មិន​ប្រកាន់​ស្តាំ១​លើក , ប្រជែង​គ្រោះថ្នាក់១​លើក ( ស្លាប់១​នាក់ ) , និង​បត់​គ្រោះថ្នាក់ ១​លើក ( ស្លាប់១​នាក់ )។​

គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន៧​លើក និង​ផ្លូវ​ខេត្ត ចំនួន២​លើក។ ដោយឡែក​យាន​យន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ចំនួន៥​លើក និង​រថយន្ត​ធុន​តូច ចំនួន៤​លើក។

រាជធានី ខេត្ត ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ខេត្តក្រចេះ​២​លើក ស្លាប់​២​នាក់ របួស ១​នាក់ ខេត្ត​កណ្តាល​១​លើក ស្លាប់១​នាក់ របួស២​នាក់ ( ស្រី១​នាក់ ) ខេត្ត​កោះកុង​១​លើក ស្លាប់​១​នាក់ ( ស្រី ) របួស​១​នាក់ ខេត្ត​ពោធិ៍សាត់​២​លើក ស្លាប់១​នាក់ និង​ខេត្ត​ស្វាយរៀង​១​លើក ស្លាប់​១​នាក់។​

ដោយឡែក រយៈពេល​៣​ថ្ងៃ ថ្ងៃទី​៤-៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្នុង​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន គ្រោះថ្នាក់​ចរាចរ​ណ៍​នៅ​ទូទាំងប្រទេស កើតឡើង​៥២​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២៩​នាក់ របួស​សរុប​៦៥​នាក់ ក្នុង​នោះ​របួសធ្ងន់​៥១​នាក់ និង​របួសស្រាល​១៤​នាក់៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu