កាលពីថ្ងៃពុធ ក្រុមតាលីបង់បានសាទរកិច្ចចរចាដែលមិនធ្លាប់មានពីមុនមកជាមួយក្រុមអ្នកនយោបាយអាហ្វហ្គានីស្ថានថាជា “ជោគជ័យយ៉ាងខ្លាំង” បើទោះបីជាមានការខ្វែងគំនិតគ្នាលើបញ្ហាសិទ្ធិរបស់ស្ត្រីនិងការទាមទាររបស់ក្រុមនេះសម្រាប់រដ្ឋធម្មនុញ្ញឥស្លាមនៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមក៏ដោយ។
សម្រាប់ការជួបជុំខុសប្លែកពីធម្មតារយៈពេលពីរថ្ងៃនៅទីក្រុងមូស្គូនេះត្រូវបានគេមើលឃើញថា មេដឹកនាំក្រុមតាលីបង់បានឈរប្រកៀកស្មារគ្នាជាមួយអតីតប្រធានាធិបតីលោក Hamid Karzai ដែលបានហៅក្រុមបះបោរនេះថាជា “បងប្អូន” របស់គាត់ខណៈភាគីទាំងពីរបានយល់ព្រមស្វែងរកសន្តិភាពយូរអង្វែង។
មិនមានមន្ត្រីរដ្ឋាភិបាលណាម្នាក់ត្រូវបានគេអញ្ជើញឲ្យមកចូលរួមក្នុងកិច្ចប្រជុំតុមូលនេះទេ។
នេះជាលើកទី២ហើយដែលលោកប្រធានាធិបតី Ashraf Ghani បានគេចផុតពីការចរចាបែបនេះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗបន្ទាប់ពីសហរដ្ឋអាមេរិកបានរៀបចំកិច្ចពិភាក្សាដាច់ដោយឡែកជាមួយក្រុមបះបោរនៅទីក្រុងដូហាដោយគ្មានវត្តមានរបស់រដ្ឋាភិបាលក្រុងកាប៊ុល។
លោក Sher Mohammad Abbas Stanikzai ដែលដឹកនាំគណៈប្រតិភូតាលីបង់បានបង្ហាញខ្លួនដ៏កម្រនៅមុខប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនៅក្បែរលោក Karzai ។
មន្ត្រីតាលីបង់ប្រាប់ក្រុមអ្នកកាសែតថា “កិច្ចប្រជុំនេះទទួលបានជោគជ័យយ៉ាងធំធេង។ យើងបានឯកភាពគ្នាលើចំណុចជាច្រើនហើយខ្ញុំសង្ឃឹមថា នៅពេលអនាគតយើងអាចទទួលបានជោគជ័យបន្ថែមទៀតហើយទីបំផុតយើងអាចឈានដល់ដំណោះស្រាយមួយ។ យើងអាចរកបានសន្តិភាពពេញលេញមួយនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន”។
ភាគីទាំងអស់បានព្រមព្រៀងគ្នាគាំទ្រកិច្ចចរចាសន្តិភាពក្រុងដូហាជាមួយក្រុមអ្នកចរចាអាមេរិចដែលលោកប្រធានាធិបតី Donald Trump ពិពណ៌នាកាលពីថ្ងៃអង្គារថាជា “ការស្ថាបនា”។
សេចក្តីថ្លែងការណ៍ប្រាំបួនចំណុចដែលបានបញ្ចេញក្នុងនាមភាគីទាំងអស់ក៏បានព្រមព្រៀងគ្នាលើការដកកងទ័ពបរទេសទាំងស្រុងចេញពីប្រទេសអាហ្វហ្គានីស្ថានផងដែរ៕ AFP
Source: Kampuchea Thmey Daily
0 Comments