Ad Code

៥​ម៉ឺន​ដុល្លារ បាន​មក​ពី​ លោកជំទាវ​ ម៉ៅ ​ម៉ា​ល័យ និង​ពុទ្ធបរិស័ទ​ យក​មក​កសាង​ប្រាង្គ​ស្រះ​មុច្ចលិន​ ដើម្បី​ទ្រទ្រង់​ព្រះពុទ្ធ​សាសនា



​បន្ទាយមានជ័យ​ ៖ នា​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ លោកជំទាវ ​ម៉ៅ ម៉ា​ល័យ​ កែ ​គឹមយ៉ាន ប្រធាន​កិត្តិយស សមាគម​នារី​កម្ពុជា​ ដើម្បី​សន្តិភាព ​និង​អភិវឌ្ឍន៍​ខេត្ត​បន្ទាយមានជ័យ អម​ដំណើរ​ដោយ លោក ​អ៊ុំ​ រា​ត្រ អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក​ ហ៊ឹល ​រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ លោកស្រី​ សុង ​ផល្លី​ន ភរិយា​របស់ លោក ​សួន​ បវរ ​អភិបាលខេត្ត លោកស្រី និង ពុទ្ធបរិស័ទ​មកពី​ក្រៅប្រទេស និង​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់ ​បាន​ចូលរួម​ធ្វើ​ពិធី​បញ្ចុះ​បឋមសិលា​កសាង​ប្រាង្គ​ស្រះ​មុច្ច​លិ​ន​ តួ​ស្រះ​ ដែលមាន​ទទឹង​មាន​ប្រវែង​៥០​ម៉ែត្រ បណ្ដោយ​១០០​ម៉ែត្រ និង​ជម្រៅ​៥​ម៉ែត្រ ដែលមាន​ផ្ទៃក្រឡា​៥.០០០​ម៉ែត្រការ៉េ តួ​ប្រាង្គ​ស្រះ​មុច្ច​លិ​ន​ មាន​ទទឹង​៧​ម៉ែត្រ ៤​ជ្រុង និង​ស្ពាន​នាគ​ផ្លូវ​ចូល​ស្រះ​ប្រវែង​២៥​ម៉ែត្រ ទទឹង​២​ម៉ែត្រ ៨​តឹក កម្ពស់​៨​ម៉ែត្រ គិត​ជា​ទឹកប្រាក់​៥៣.៦៤០​ដុល្លារ ថវិកា​ទាំងអស់នេះ​បានមកពី​ថវិកា​ផ្ទាល់​របស់​ លោកជំទាវ​ ម៉ៅ មាល័យ​ កែ​ គឹម​យ៉ាន លោកស្រី​ សុង ​ផល្លី​ន និង​ពុទ្ធបរិស័ទ​នៅក្រៅ​ស្រុក ក្នុងស្រុក។ ពិធី​បញ្ចុះ​បឋមសិលា​ក​សាង​ប្រាង្គ​ស្រះ​មុច្ច​លិ​ន​នេះ ​ស្ថិតនៅ​វត្ត​ពោ​ធ្យា​រាម​អង្គាបុស្ប ស្ថិត​ក្នុងភូមិ អង្គាបុស្ប សង្កាត់​កោះ​ពង​សត្វ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

ក្នុង​ពិធី​បញ្ចុះបឋមសិលា​កសាង​ប្រាង្គ​ស្រះ​មុច្ច​លិ​ន​នេះ​ លោក​អាចារ្យ ប្រាក់​ សុ​ភ័ត​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹងថា ​លោកជំទាវ​ ម៉ៅ ម៉ា​ល័យ ​កែ​ គឹមយ៉ាន ​ខិតខំ​កសាង​ប្រាង្គ​ស្រះ​មុច្ច​លិ​ន​នេះ​ឡើង​ គឺ​ដើម្បី​ ៖
១​-ទ្រទ្រង់​ព្រះពុទ្ធសាសនា​ឲ្យ​រីកចម្រើន ​គម្រប់​៥.០០០​វស្សា​
២​-ដើម្បី​ ជា​សម្បត្តិ​ព្រះពុទ្ធសាសនា ​ដល់​ព្រះ​ពុទ្ធបរិស័ទ​គោរព​ប្រតិបត្តិ​
៣-ដើម្បី​កសាង​ជា​សម្បត្តិ​វប្បធម៌​ទេសចរណ៍ ​ក្នុង​វត្ត
​៤​-ជា​កន្លែង​ព្យាបាល​រោគ​ផ្លូវចិត្ត មនុស្ស ប្រុស ស្រី មក​ឲ្យ​អភ័យ​ទាន​ឲ្យ​ចំណីអាហារ​ដល់​មច្ឆាជាតិ​ជា​ដើម​។

លោក​ ប្រាក់ ​សុ​ភ័ត​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​វត្ត​ពោ​ធ្យា​រាម​អង្គាបុស្ប ជា​វត្ត​មួយ​នៅ​ឆ្ងាយ​ពី​ទី​រួម​ខេត្ត​ កសាង​នៅ​ឆ្នាំ​១៩២៩​ បើ​គិត​មកដល់​សព្វថ្ងៃនេះ ​មាន​ចៅអធិការ​វត្ត​រហូតដល់​១២​ជំនាន់​មក​ហើយ ​បន្ទាប់​ពីថ្ងៃ​រំដោះ​១៩៧៩​មក ក្រោម​ការដឹកនាំ​ដ៏​ឆ្លាតវៃ​របស់ ​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ​ដឹកនាំ​អស់​រយៈពេល​ជិត​៤០ឆ្នាំ​កន្លងមក ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុ​ជា មាន​សុខ​សន្តិភាព​ និង​មាន​ការ​រីកចម្រើន​ដុះដាល​ជា​លំដាប់ ក្នុង​នោះ​មាន​វត្ត​អារាម​ ជា​ថ្នាល​បណ្ដុះបណ្ដាល​អប់រំ សីលធម៌​និង​មាន​កា​រ​រីក​ចម្រើន​គ្រប់​វិស័យ​ដូចជា​ ហេដ្ឋារចនាសម្ពន្ធ​មាន ផ្លូវជាតិ ផ្លូវលំ​ ក្នុង​មូលដ្ឋាន​ខ្វាត់ខ្វែង​ពេញ​មូលដ្ឋាន សាលារៀន មន្ទីរពេទ្យ វត្ត​អារាម នៅ​មាន​ជាច្រើន​ទៀត​ ដែល​មិនអាច​រៀបរាប់​បាន​។​

ក្នុងនោះ ​លោក​ ហ៊ឹល​ រា​យ៉ា​ បានធ្វើ​ការណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន ទាំង​៧ ឃុំ សង្កាត់ ត្រូវ​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ ដែល​ប្រកប​របរ​ធ្វើស្រែ​ប្រាំង​ទូទាំង​ក្រុង​សិរីសោភ័ណ មិន​អនុញ្ញាត​ឲ្យ​បង្កបង្កើនផល​ស្រូវប្រាំង​ជា​លើក​ទី​២​ ជាដាច់ខាត ដើម្បី​ត្រៀម​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​នា​រដូវ​ប្រាំង​ខាងមុខ ដែល​អាច​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់ និង​អនុវត្ត​ទៅតាម​សារាចរណែនាំ​របស់​រាជរដ្ឋាភិបាល ស្តីពី​ការ​ចាត់វិធានការ​ថែរក្សា​ទឹក​ទុក​ផង​។

​លោក​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​រដូវប្រាំង​ឆ្នាំនេះ​ អាច​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក ហើយ​រដូវប្រាំង​ឆ្នាំ​នេះ​ មាន​សភាព​ក្តៅ​ហួតហែង​ខ្លាំង ពិសេស​តំបន់​ខ្លះ ​នៃ​ក្រុង​សិរីសោភ័ណ កំពុង​ប្រឈម​នឹង​ការ​ខ្វះ​ខាត​ទឹកជា​បណ្តើរៗ ហើយ​ ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​នៅក្នុង​មូលដ្ឋាន ត្រូវតែ​ចាត់វិធានការ​ណែនាំ​ដល់​កសិករ​ មិន​ឲ្យ​បង្កបង្កើនផល​ស្រូវប្រាំង​ជា​លើក​ទី​២​នោះ​ទេ ដើម្បី​ត្រៀម​ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ ក្នុង​នោះ​អនុញ្ញាត​ឲ្យ​តែ​ដំណាំ​រួមផ្សំ​ផ្សេងៗ​តែប៉ុណ្ណោះ៕​



 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu