នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានសន្យាកាលពីថ្ងៃព្រហស្បតិ៍ថា នឹងចាត់វិធានការមួយជំហានម្តងៗក្នុងការដោះស្រាយជម្លោះដែនដីជាមួយប្រទេសរុស្ស៊ីដែលបានបន្សល់ទុកពីសង្គ្រាមលោកលើកទី២។
លោកអាបេបានប្រាប់ការជួបជុំរបស់អតីតប្រជាពលរដ្ឋនៃកោះចំនួន៤ដែលរុស្ស៊ីបានចាប់យកនៅថ្ងៃចុងក្រោយនៃសង្គ្រាមនិងអ្នកគាំទ្ររបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍ថា ការដោះស្រាយជម្លោះលើអ្វីដែលជប៉ុនហៅថាទឹកដីភាគខាងជើងរបស់ខ្លួននេះគឺពិបាកប៉ុន្តែចាំបាច់ណាស់។
លោកអាបេបានថ្លែងថា “វាមិនងាយស្រួលទេក្នុងការដោះស្រាយភារកិច្ចនេះដែលបន្សល់ទុកជាង៧៣ឆ្នាំមកហើយចាប់តាំងពីសង្គ្រាមមក។ ប៉ុន្តែយើងចាំបាច់ត្រូវដោះស្រាយបញ្ហានេះ”។
លោកនិយាយថា “យើងប្តេជ្ញាចាត់វិធានការជាជំហានៗដើម្បីដោះស្រាយបញ្ហាទឹកដីនេះ”។
ការដណ្តើមមកវិញនូវកោះភាគខាងជើងនៃកោះ Hokkaido ដ៏សំខាន់របស់ជប៉ុនគឺជាអាទិភាពមួយសម្រាប់លោកអាបេនិងមូលដ្ឋានអភិរក្សរបស់គាត់។ អស់រយៈពេល៧ទសវត្សរ៍មកហើយ ជម្លោះនេះបានរារាំងក្រុងតូក្យូនិងក្រុងមូស្គូពីការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពមួយ។
នៅក្នុងខែវិច្ឆិកា លោកអាបេនិងប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីនបានព្រមព្រៀងគ្នាបង្កើនល្បឿននៃការចរចាដោយផ្អែកលើសំណើសូវៀតឆ្នាំ១៩៥៦ដើម្បីប្រគល់កោះចំនួនពីរក្នុងចំណោមកោះទាំងនោះទៅឲ្យប្រទេសជប៉ុនវិញ។
ទោះបីជាយ៉ាងណាក៏ដោយ សំណើនោះបានធ្វើឲ្យអ្នកជាតិនិយមរុស្ស៊ីមានការខឹងសម្បាហើយកាលពីខែមុន រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានព្រមានជប៉ុនថាត្រូវតែទទួលស្គាល់កោះនេះថាជាផ្នែកមួយនៃប្រទេសរុស្ស៊ីសម្រាប់ជាចំណុចចាប់ផ្ដើមនៃកិច្ចចរចា។
លោកអាបេបាននិយាយថា ការចរចានឹងបន្តដោយផ្អែកលើគោលការណ៍ណែនាំដែលបានព្រមព្រៀងជាមួយលោកពូទីនក្នុងគោលបំណងចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពមួយខណៈដែលប្រជាជនជប៉ុននិងរុស្ស៊ីពង្រឹងការទុកចិត្តគ្នាទៅវិញទៅមកនិងមិត្តភាពរបស់ពួកគេ៕ AP
Source: Kampuchea Thmey Daily
0 Comments