Ad Code

ជិត​ដល់​ថ្ងៃ​​អនុវត្ត​វិធានការ​ក្ដៅ ​ពលរដ្ឋ​មួយ​ចំនួន​នៅតែ​មិន​ចូលរួម​រុះរើ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ស្លាក​យីហោ និង​សំយាប​ដែល​សង់​រំលោភ​ចំណី​ផ្លូវ​សាធារណៈ



ភ្នំពេញ ៖ បើទោះបី​រដ្ឋបាល​ខណ្ឌដង្កោ ចេញ​សេចក្ដីជូនដំណឹង ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ ស្ដីពី​ការ​តម្រូវ​ឲ្យ​រុះរើ​ផ្ទាំង​ផ្សព្វផ្សាយ ពាណិជ្ជកម្ម ស្លាក​យីហោ សំយាប និង​សម្ភារៈ​ ដាក់​តាំង​អនាធិបតេយ្យ និង​រំលោភ​ចំណីផ្លូវ​សាធារណៈ ចំនួន​២​លើក រួចហើយ​ក្តី ហើយ​ក៏​ជិត​ដល់​ថ្ងៃ​ឱសានវាទ ដែល​ត្រូវ​អាជ្ញាធរ​ខណ្ឌ​ដង្កោ ចាត់​វិធាន​ក្តៅ​ចុះ​រុះរើ ក៏​គេ​សង្កេតឃើញថា ម្ចាស់​មូលដ្ឋាន អាជីវកម្ម សេវាកម្ម​មួយចំនួន បានធ្វើ​ការ​រុះរើ និង​រៀបចំ​ដាក់​ផ្ទាំង ផ្សព្វផ្សាយ ពាណិជ្ជកម្ម ស្លាក​យីហោ សំយាប និង​សម្ភារៈ ដោយ​ខ្លួនឯង ប៉ុន្តែ​ក៏​នៅ​ឃើញ​មាន​ម្ចាស់ អាជីវកម្ម មួយ​ចំនួន​ទៀត ពុំ​ទាន់​បាន​អនុវត្ត​ឲ្យ​បាន​ល្អប្រសើរ​នៅឡើយ​ដែរ។​

សូម​បញ្ជាក់​ឲ្យ​ដឹងថា យោងតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខណ្ឌ​ដង្កោ ចេញ​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៩ ចុះហត្ថលេខា​ដោយ ​លោក នុត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ដង្កោ ដែល ទទួល​បាន​ឲ្យ​ដឹងថា ក្រោយពី​បានធ្វើ​ការប្រជុំ​ណែនាំ​ដល់ អស់លោក លោកស្រី ម្ចាស់​មូលដ្ឋាន អាជីវកម្ម សេវាកម្ម និង​ចេញ​លិខិត​ជូនដំណឹង ចំនួន​២​លើក របស់​រដ្ឋបាល​ខណ្ឌ​ដង្កោ ស្ដីពី​ការ​តម្រូវ​ឲ្យ​រុះរើ​ផ្ទាំង​ផ្សព្វផ្សាយ ពាណិជ្ជកម្ម ស្លាក​យីហោ សំយាប និង​សម្ភារៈ​ដាក់​តាំង​អនាធិបតេយ្យ និង​រំលោភ​ចំណី​ផ្លូវ​សាធារណៈ​រួចមក ម្ចាស់​មូលដ្ឋាន អាជីវកម្ម សេវាកម្ម​មួយ​ចំនួន បានធ្វើ​ការ​រុះរើ និង​រៀបចំ​ដាក់​ផ្ទាំង ផ្សព្វផ្សាយ ពាណិជ្ជកម្ម ស្លាក​យីហោ សំយាប និង​សម្ភារៈ​របស់​ខ្លួន​បាន​ល្អ​ប្រសើរ តាម​ការណែនាំ ប៉ុន្តែ​ទន្ទឹង​នឹង​នេះ ក៏​នៅ​មាន​ម្ចាស់ អាជីវកម្ម សេវាកម្ម មួយ​ចំនួន​ទៀត ពុំ​ទាន់​បាន​អនុវត្ត​នៅឡើយ​នោះទេ។​

ដូច្នេះ ប្រសិនបើ​ម្ចាស់ អាជីវកម្ម សេវាកម្ម មួយ​ណា​ដែល​រឹងទទឹង ពុំទាន់​បាន​អនុវត្ត​តាម​ការ​ណែនាំ​ទេ រដ្ឋបាល​ខណ្ឌដង្កោ នឹង​ចុះ​ចាត់វិធានការ​រដ្ឋបាល​រុះរើ​ផ្ទាំង ផ្សព្វផ្សាយ ពាណិជ្ជកម្ម ស្លាក​យីហោ សំយាប និង​សម្ភារៈ ដាក់​តាំង​អនាធិបតេយ្យ និង​រំលោភ​ចំណីផ្លូវ​សាធារណៈ ដោយ​អនុវត្ត​ចាប់​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ តទៅ ដោយ​មិន​ទទួលខុសត្រូវ​លើ​ការខូចខាត ឬ បាត់បង់​សម្ភារៈ​អ្វី​ឡើយ។

ក្នុងករណី​រឹងរូស រដ្ឋបាល​ខណ្ឌដង្កោ នឹងដាក់​ពាក្យបណ្ដឹង​ទៅកាន់​សាលាដំបូង រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​តាម​នីតិវិធី។​

យោងតាម​សេចក្ដីជូនដំណឹង​នេះ រដ្ឋបាល​ខណ្ឌ​ដង្កោ សង្ឃឹមថា អស់លោក លោកស្រី ជា​ម្ចាស់​អាជីវកម្ម និង​សេវាកម្ម​ទាំងអស់ នឹងចូលរួម​អនុវត្តតាម​ខ្លឹមសារ​ខាងលើ ប្រកបដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់។​

ផ្លូវ​ដែល​ត្រូវ​អាជ្ញាធរ​ខណ្ឌដង្កោ នឹង​ចុះ​អនុវត្ត​វិធានការ​ក្តៅ ចាប់​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ តទៅ​នេះ គឺ​ផ្លូវ​លេខ​២១៧ ( ហៅ ផ្លូវ​ចម្ការ​ដូង ) ផ្លូវ​លេខ​៣៧១ និង​ផ្លូវ​ព្រៃ​ស ពីព្រោះថា ផ្លូវ​ទាំង​៣​ខ្សែ នេះ មានការ​រំលោភបំពាន​ខ្លាំងជាងគេ រួចហើយ​នឹង​បន្ត​វិធានការ​តាម​បណ្ដា​ផ្លូវ​ផ្សេងៗ​ទៀត​ទូទាំង​មូលដ្ឋាន​ខណ្ឌ​ដង្កោ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu