ក្រុមអ្នកការទូតបាននិយាយថា សហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានរារាំងសំណើសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលសម្តែងការសោកស្តាយចំពោះការសម្រេចចិត្តរបស់ប្រទេសអ៊ីស្រាអែលក្នុងការបញ្ចប់ក្រុមអ្នកសង្កេតការណ៍អន្ដរជាតិនៅទីក្រុង Hebron នៃតំបន់ West Bank។
ប្រទេសគុយវ៉ែតនិងឥណ្ឌូនេស៊ីបានផ្សព្វផ្សាយពង្រាងសេចក្តីថ្លែងការណ៍នេះបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាបិទទ្វារមួយដែលក្នុងនោះប្រទេសជាច្រើនបានសម្តែងការព្រួយបារម្ភអំពីទង្វើរបស់អ៊ីស្រាអែល។
លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានប្រកាសកាលពីសប្តាហ៍មុនថា លោកនឹងមិនបន្តអាណត្តិថ្មីនៃបេសកកម្ម Temporary International Presence in Hebron (TIPH) ទេដោយចោទប្រកាន់បេសកកម្មដែលដឹកនាំដោយប្រទេសន័រវែសមួយនេះថាមានភាពលម្អៀង។
ក្រុមសង្កេតការណ៍គ្មានអាវុធដែលមានសមាជិកចំនួន៦៤នាក់មួយនេះត្រូវបានបង្កើតឡើងនៅទីក្រុង Hebron បន្ទាប់ពីការសម្លាប់រង្គាលលើជនជាតិប៉ាឡេស្ទីនក្នុងឆ្នាំ១៩៩៤។
សេចក្តីថ្លែងការណ៍ដែលបានស្នើឡើងនេះគឺបង្ហាញពី “ការសោកស្តាយ” របស់ក្រុមប្រឹក្សាសន្តិសុខអំពីការសម្រេចចិត្តជាឯកតោភាគីរបស់ប្រទេសអ៊ីស្រាអែលហើយអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់និងការអត់ធ្មត់នៅក្នុងទីក្រុង Hebron។
វាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃអាណត្តិរបស់ TIPH និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជំរុញភាពស្ងប់ស្ងាត់នៅក្នុងតំបន់ដែលងាយរងការឈឺចាប់ខ្ពស់និងស្ថានភាពផុយស្រួយនៅលើដី។
អត្ថបទនោះបានព្រមានអ៊ីស្រាអែលថា ខ្លួនមានកាតព្វកិច្ចនៅក្រោមច្បាប់អន្ដរជាតិដើម្បីការពារប្រជាជនស៊ីវិលប៉ាឡេស្ទីននៅក្នុងទីក្រុង Hebron ព្រមទាំងតំបន់ដែលនៅសេសសល់ផងដែរ។
អ្នកការទូតបាននិយាយថា សហរដ្ឋអាមេរិកដែលបានការពារយ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយរបស់អ៊ីស្រាអែលនៅឯអង្គការសហប្រជាជាតិគឺបានធ្វើសកម្មភាពយ៉ាងឆាប់រហ័សដើម្បីទប់ស្កាត់ការឆ្លើយតបដែលបានស្នើឡើងនេះ។
គួរបញ្ជាក់ថា សេចក្តីថ្លែងរបស់ក្រុមប្រឹក្សាគឺតម្រូវឲ្យមានការយល់ព្រមជាឯកច្ឆន្ទ៕ AFP
Source: Kampuchea Thmey Daily
0 Comments