Ad Code

យុវជន​ពីរ​នាក់ មិន​ទាំង​ដឹង​មុខ​សង្សារ​គេ​ម៉េច​ផង ស្រាប់​តែ​បុរស​​ម្នាក់ ស្រែក​ក្តែងៗ ហើយ​ដក​កាំ​ភ្លើង​គំរាម​ចង់​បាញ់ ថា '' ហែង​មើល​មុខ​សង្សារ​អញ ចង់​ញ៉ែ​សង្សារ​អញ​មែន​? ''​



ភ្នំពេញ ៖ ​​ យុវជន​ម្នាក់​ កើត​ទុក្ខ​ មិន​សុខចិត្ត​ បានសម្រេច​មកប្ដឹង​ប៉ូលិស​មូលដ្ឋាន​ ឲ្យ​ជួយ​ស្រាវជ្រាវ​ចាប់​ជន​ដៃដល់​ ដែល​ជា​បុរស​ម្នាក់ទៀត ​រឿង​ដក​កាំភ្លើង​មក​ភ្ជង់ ហើយ​ស្រែក​សម្លុត​ថា “​ហែង​មើល​មុខ​សង្សារ​អញ ចង់​ញ៉ែ​សង្សារ​អញ​មែន​? ហើយ​ក៏​ទះ​រូបគេ​២​កំផ្លៀង ​ព្រមទាំង​ដក​កាំភ្លើង​គំរាម​បាញ់​លើ​រូបគេ ​និង​បក្ខ​ពួកគេ​ រួច​បើក​រថយន្ត​គេច​បាត់​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង នៅ​វេលា​ម៉ោង​០៤​និង​១០​នាទី​ទៀបភ្លឺ ឈាន​ចូល​ថ្ងៃ​ព្រហស្បតិ៍ ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ នៅ​ចំណុច​កន្លែង​លក់​ស្រា​ក្រឡុក​មួយកន្លែង ក្រោយ​ព្រះបរមរាជវាំង ផ្លូវ​លេខ​២១៤ កែង​ផ្លូវ​លេខ​១៩ ស្ថិត​ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។​

យុវជន ​ដែល​មកប្តឹង​សមត្ថកិច្ច​នោះ ឈ្មោះ រុណ ហុង ហៅ​ញា​ញ អាយុ​២២​ឆ្នាំ មុខរបរ​ចុងភៅ ​នៅ​សណ្ឋាគារ​មួយ​កន្លែង ស្នាក់នៅ​បន្ទប់​ផ្ទះ​ជួល ផ្លូវ​១៤៤ សង្កាត់​ផ្សារ​កណ្ដាល ខណ្ឌ​ដូនពេញ ភ្នំពេញ។ ចំណែក​យុវជន​ម្នាក់ទៀត ជា​មិត្តភ័ក្ដិ មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​។​

​បើ​តាម​សម្ដី​យុវជន​រងគ្រោះ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុន​ពេល​កើតហេតុ រូបគេ​បាន​មក​ហូប​អី​ជាមួយ​មិត្តភ័ក្ដិ​៣​នាក់​ទៀត នៅ​ម្ដុំ​ក្រោយ​ព្រះបរមរាជវាំង ដោយ​បាន​ជជែក​គ្នា​អំពី​បាល់ទាត់ យ៉ាង​សប្បាយ ក្អាកក្អាយ លុះ​ពេល​ផឹក​អស់​៣​ថូ យុវជន​រងគ្រោះ បាន​លូកដៃ​យក​ទូរស័ព្ទ​ពី​មិត្តភ័ក្ដិ​តែ​ជ្រុល​ប៉ះ​ថូ​ដាក់​ស្រា បណ្ដាល​ឲ្យ​ធ្លាក់​បែក​ថូ​អស់​១ ទើប​ភ្ញាក់ផ្អើល​ដល់​អ្នក​អង្គុយ​ផឹក​ជិត​នោះ ងាក​មើល​ផងដែរ​ តែ​រូបគេ​ក៏បាន​ទទួលខុសត្រូវ​ និង​ព្រម​ចេញ​សំណង​លើ​ការ​ខូចខាត​នោះដែរ ដោយ​ខាង​អ្នក​គិតលុយ​ប្រាប់ថា ថូ​ស្រា​នោះ តម្លៃ​តែ​៥​ដុល្លារ ប៉ុណ្ណោះ ទើប​យុវជន​រងគ្រោះ​ក៏​ព្រម​សង​ថ្លៃ​ខូចខាត​នោះ​គ្រប់​ចំនួន​ផងដែរ​។​

យុវជន​រងគ្រោះ​បន្តថា បន្ទាប់មក ​រូបគេ​ក៏បាន​ហៅ​ស្រា​១​ថូ​ទៀត ផឹក ជជែក​គ្នា​បន្តទៀត ខណៈដែល​ការប្រកួត​បាល់ទាត់​កំពុង​ល្អ​មើល ពួកគេ​ក៏បាន​និយាយថា បាល់​នឹង​ចាំ​មើល​ខ្លាស៊ីគោ​ហើយ ហើ​យ​ក៏​ស្រែក​សប្បាយ ក្អាកក្អាយ បន្តទៀត ដោយ​មិនបាន​ចាប់អារម្មណ៍​នឹង​អ្នក​អង្គុយ​ជិតគ្នា​នោះទេ រហូតមកដល់​មុនពេល​កើត​ហេតុ​បន្តិច ខ្លួន​ក៏បាន​ប្រាប់​ឲ្យ​គេ​មក​គិតលុយ ក៏​នាំគ្នា​ត្រឡប់​ទៅផ្ទះ​មុន​ជាមួយ​មិត្តភ័ក្ដិ​ម្នាក់ទៀត ខណៈពេល​កំពុង​អូស​ម៉ូតូ​ចេញ ស្រាប់​តែមាន​បុរស​ម្នាក់ ដើរ​ចេញពី​កន្លែង​ផឹកស៊ី​នោះ​ដែរ រួច​ដើរ​យ៉ាង​លឿន​ទៅយក​កាំភ្លើង​ខ្លី​មួយ​ដើម (​មិន​ស្គាល់​ម៉ាក ) ពី​ក្នុង​រថយន្ត TOYOTA PRIUS ពណ៌​ស មួយគ្រឿង (​មិន​ចាំ​ស្លាក​លេខ ) ហើយ​សៀត​ចង្កេះ ដើរ​ត្រឡប់​មករក​ពួកគេ​ទាំង​២​នាក់ រួច​ស្រែក​សម្លុត​ថា “​ហែ​ង​មើល​មុខ​សង្សារ​អញ ចង់​ញ៉ែ​សង្សារ​អញ​មែន​” ហើយ​ខ្លួន​ក៏​តប​ទៅវិញ​ថា អត់​ទេ​បង “​ខ្ញុំ​មិនបាន​ដឹង​ផង ” ស្រាប់តែ​បុរស​ម្នាក់​នោះ ទះ​រូប​ខ្លួន​ចំនួន​២​កំផ្លៀង ហើយ​ខ្លួន លើក​ដៃ​រង ហើយ​គ្រវី ដៃ​ចុះ​ឡើងៗ កុំឲ្យ​វាយ​ទៀត ហើយ​បុរស​ម្នាក់ នោះ បាន​យក​កាំភ្លើង​ខ្លី​ដែល​កំពុងកាន់​ជាប់ដៃ​ម្ខាង​ទៀត​នោះ អា​មេ រួច​បម្រុង​វាយ​ទៅ​លើ​មិត្តភ័ក្ដិ​របស់​ខ្លួន​(ជនរងគ្រោះ) ទើប​មិត្តភ័ក្ដិ​របស់​ខ្លួន លើក​ដៃ​រង ហើយ​គ្រវី ដៃ​ចុះ​ឡើងៗ​ដែរ ទើប​បុរស​ម្នាក់​នោះ យក​ដៃ​មក​វាយ​មិត្តភ័ក្ដិ​របស់ខ្លួន​២​ដៃ​ចំក្បាល​ពីក្រោយ ចង់​ផ្កាប់មុខ។ ភ្លាមៗ​នោះ ​ពួកគេ​ទាំង​២​នាក់ ដឹង​កាលៈទេសៈ​ទាន់ ក៏បាន​លើក​ដៃ​សំពះ​សុំទោស ហើយ​និយាយថា “​បង​អើយ​ខ្ញុំ អត់​មានបាន​មើល​មុខ ឬ​ញ៉ែ​សង្សារ​បង​ទេ ” ហើយ​ក៏​ឡើង​ម៉ូតូ ជិះ​ឌុប​គ្នា​ចេញទៅ ហើយ​បុរស​នោះ ក៏​ទះ ២​ដៃ​ចំក្បាល​ពីក្រោយ​ទៀត រួច​កាន់​កាំភ្លើង​ដើរ​ត្រឡប់​ទៅ​បើក​រថយន្ត ចេញទៅ​បាត់​តែម្ដង។​

យុវជន​រងគ្រោះ បន្តថា ដោយសារតែ​រូបគេ​មិនដឹង​អ្វី​សោះ បែរជា​មក​ចោទថា រក​ញ៉ែ​សង្សារ​របស់​គាត់ ទាំង​រូបគេ​មិនដឹងថា​ សង្សារ​គាត់​នោះ មុខ​យ៉ាងម៉េច​ផង ព្រោះ​រវល់​តែ​មើល​បាល់ទាត់​សោះ ក៏​ស្រាប់តែ​បុរស​នោះ មក​ប្រើ​ហិង្សា​លើ​ពួកគេ ហើ​យ​ដក​កាំភ្លើង​មក​ភ្ជង់​ពួកគេ​ទៀត ដូចជា​ប្រមាថ​ជីវិត​ពួកគេ​ពេក​ហើយ ទើប​គេ​កើត​ទុក្ខ​មិន​សុខចិត្ត ជិះ​ម៉ូតូ​មក​ប៉ុស្តិ៍​នគរបាល​ជ័យជំនះ រៀបរាប់​ប្រាប់ លោក​ពូ មេ​ប៉ុស្តិ៍ ឲ្យ​បាន​ដឹង ហើយ​ដាក់ពាក្យ​ប្ដឹង​តែម្ដង​។​

បច្ចុប្បន្ន​ ក្រោយពី​កើតហេតុ​ យុវជន​រងគ្រោះ​ បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជ័យជំនះ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ ដើម្បី​ឲ្យ​ជួយ​ស្រាវជ្រាវ តាម​ចាប់​បុរស​ដៃដល់​នោះ ដោយ​មិនដឹងថា​ ជា​មន្ត្រីរាជការ ឬ​មាន​តួនាទី​អ្វី​នោះទេ បានជា​មាន​ប្រើប្រាស់​កាំភ្លើង​សំញែង ឡើង ក ពើងទ្រូង ហើយ​យក​មក​ភ្ជង់​គំរាមកំហែង ប្រជាពលរដ្ឋ នៅតាម​ទីសាធារណៈ​បែបនេះ​នោះ​ទេ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu